Register Already an agent ? Login

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នៅថ្ងៃទី១ខែធ្នូនេះ កម្ពុជានាំចេញទំនិញក្នុងអត្រាពន្ធគយសូន្យភ្លាមៗ

ភ្នំពេញ៖ កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) សម្រាប់ការនាំចេញ នឹងបំពេញបន្ថែមទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ និងកិច្ចព្រមព្រៀងអាសិប (RCEP) ដែលមានស្រាប់។ បើតាមការថ្លែងរបស់ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបន្តថា នៅក្រោមកិច្ចព្រមព្រៀង CKFTA កម្ពុជា បានបើកទីផ្សារ ចំនួន ៨៩.០៩% នៃបន្ទាត់ពន្ធគយសរុប ខណៈដែលភាគីកូរ៉េបានបើកទីផ្សារចំនួន ៩៥.០៣% នៃបន្ទាត់ពន្ធគយសរុប។

នៅ​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី​ការអនុវត្ត​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ (CKFTA) សម្រាប់​ការនាំចេញ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្ដិ បានបញ្ជាក់ថា ក្នុងនោះកម្ពុជានឹងអាចនាំចេញទំនិញក្នុងអត្រាពន្ធគយសូន្យភ្លាមៗ បន្ទាប់ពីកិច្ចព្រមព្រៀងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ចំនួន ៩២.៣៧% នៃបន្ទាត់ពន្ធគយសរុប។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា មានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀង CKFTA ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ នឹងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបង្កើត កាលានុវត្តភាពនាំចេញថ្មីៗបន្ថែមទៀត។

សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយអំពីនីតិវិធីនៃការនាំចេញដល់វិស័យឯកជន ដើម្បីជំរុញការនាំចេញ និងការទាញយកអត្ថប្រយោជន៍ជាអតិបរិមាពីការអនុវត្តកិច្ចព្រមព្រៀង CKFTA ធៀបនឹងកិច្ចព្រមព្រៀងនានាដែលមានស្រាប់ ព្រមទាំងមានសមត្ថភាពក្នុងការបំពេញបែបបទនាំចេញ ដោយអនុលោមតាមនីតិវិធីនៃវិធានដើមកំណើតទំនិញ ជាពិសេសជំរុញដល់កំណើនការនាំចេញតាមរយៈការប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញតាមកិច្ចព្រមព្រៀង CKFTA។ បើតាមការបញ្ជាក់របស់ លោក ប៉ាន សូរស័ក្ដិ។

ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២២ ទំហំ​ពាណិជ្ជ​រវាង​កម្ពុជា-កូរ៉េខាងត្បូង មានតម្លៃ​ជាង ៦០០​លាន​ដុល្លារ ពោលគឺ​កើនឡើង ៣% បើ​ធៀប​នឹង​ឆ្នាំ២០២១ ក្នុងនោះ​កម្ពុជា​នាំ​ចេញទៅ​កូរ៉េ​មានតម្លៃ ១៧៥លាន​ដុល្លារ កើនឡើង​ ២១% និង​នាំ​ទំនិញ​ពី​កូរ៉េ​មកវិញ​ក្នុងតម្លៃ ៤២៦លាន​ដុល្លារ ថយចុះ ​៣​%​។​ បើតាមតាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា។

ពាក់ព័ន្ធ​នឹង​ការចូល​ជាធរ​មាននូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ នេះដែរ ក្នុងជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី ក្នុងឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​កម្ពុជា ប្រធានាធិបតីកូរ៉េខាងត្បូង​ លោក Yoon Suk Yeol ក៏បាន​សាទរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការកើនឡើង​នូវ​ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​២។

​លោក Yoon Suk ​មាន​សុទិដ្ឋិនិយម​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី នឹង​ធ្វើឱ្យ​កើនឡើង​យ៉ាងខ្លាំង​នូវ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ពិសេស​នឹង​ជំរុញឱ្យមាន​ការវិនិយោគ​របស់​កូរ៉េ​ច្រើន​ថែមទៀត​នៅ​កម្ពុជា​ផងដែរ​។

ថ្លែង​ក្នុងជំនួប​ពិភាក្សា​ការងារ​ សម្ដេចតេជោ នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏បាន​កត់សម្គាល់​ដោយ​រីករាយ​ចំពោះ​ការកើនឡើង​នូវ​ការវិនិយោគ​របស់​សាធារណរដ្ឋ​កូរ៉េ ដែល​ធ្វើឱ្យ​កូរ៉េ​ឈរ​នៅ​លេខ​រៀង​ទី​២ ក្នុងចំណោម​ដៃគូ​វិនិយោគ​ធំៗ​របស់​កម្ពុជា។

នាឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បាន​ស្នើ​ដល់​ លោក Yoon Suk ឱ្យ​លើកទឹកចិត្ត​ជំរុញ​ការវិនិយោគ​របស់​កូរ៉េ ឱ្យ​កាន់តែច្រើន​ថែមទៀត​នៅ​កម្ពុជា បន្ទាប់ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ បាន​អនុវត្ត​ពេញលេញ​។

សូមរម្លឹកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CKFTA នេះ ត្រូវបានផ្តួចផ្តើមឡើងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ប្រធានាធិបតី MOON Jae-In នៃសាធារណរដ្ឋកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៩។

បន្ទាប់ពីទទួលបានគោលការណ៍ឯកភាព និងសិទ្ធិប្រទានពីរាជរដ្ឋាភិបាលកម្ពុជា កិច្ចព្រមព្រៀង CKFTA នេះត្រូវបានចុះហត្ថលេខាជាផ្លូវការជាបីភាសាគឺភាសាខ្មែរ ភាសាកូរ៉េ និងភាសាអង់គ្លេស ដោយរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

កម្ពុជា បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទ្វេភាគីនេះ នៅថ្ងៃទី២៩  ខែមករា ឆ្នាំ២០២២ ខណៈភាគីកូរ៉េបានបញ្ចប់នីតិវិធីផ្ទៃក្នុងរបស់ខ្លួន និងបានជូនដំណឹងមកកម្ពុជាតាមរយៈកំណត់ទូត ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០២២។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ ត្រូវការរយៈពេល ៦០ថ្ងៃ ដើម្បីចូលជាធរមានបន្ទាប់ពីភាគីជូនដំណឹងទៅវិញទៅមកតាមផ្លូវការទូត អំពីការបញ្ចប់នីតិវិធីផ្ទៃក្នុងនៃការផ្តល់សច្ចាប័នរបស់ខ្លួន ដូចនេះកិច្ចព្រមព្រៀងនេះនឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

RELATED ARTICLES

ក្រសួងកសិកម្ម នឹងរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ រយៈពេល ៣ថ្ងៃ ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា
Thu, 01 Oct 2026
សម្រាប់ឆ្នាំ២០២៧ ខាងមុខនេះ ប្រាក់ឈ្នួលគោល និងប្រាក់អត្ថប្រយោជន៍ ដែលបងប្អូនកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ ទទួលបានក្នុងចន្លោះពីចំនួន ២៣១,៥ដុល្លារ ដល់ ២៤២,៥ដុល្លារក្នុងមួយខែ
Thu, 01 Oct 2026
ទីផ្សារមូលបត្រកម្ពុជា រំពឹងប្រមូលមូលធនបាន ១ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦ ខណៈទំហំជួញដូរប្រចាំថ្ងៃកើនដល់ជិត ២លានដុល្លារ លើសការរំពឹងទុក
Thu, 01 Oct 2026