Register Already an agent ? Login

កម្ពុជា នាំចេញអង្ករជិត ៦សែនតោន បានចំណូលជាង ៣០០លានដុល្លារ ១០ខែឆ្នាំនេះ ខណៈចិនគ្រប់ដណ្ដប់ជិត៥០%

ភ្នំពេញ៖ កម្ពុជា បាននាំចេញអង្ករបរិមាណសរុបចំនួន ៥០៩ ២៤៩តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣២៣.៩០ លានដុល្លារ រយៈពេល ១០ខែ ឆ្នាំ២០២២ កើនបាន ១០.៦៧% ដែលក្នុងនោះប្រទេសចិនគ្រប់ដណ្ដប់លើការនាំចេញសរុបចំនួនជាង ៤៥% ស្របពេលដែលទីផ្សារសហគមន៍អឺរ៉ុបកំពុងវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ បើតាមការថ្លែងរបស់ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

នៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងកម្មវិធីបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាណត្តិទី៤ នាថ្ងៃទី២៣​ខែវិច្ឆិកា ឆ្នាំ២០២២ ប៉ាន សូរស័ក្តិ បានថ្លែងបន្តថា ប្រទេសចិន ដែលយើងសម្រេចបាននូវការរីកចម្រើនលើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដែលគ្របដណ្ដប់លើបរិមាណនាំចេញសរុបរហូតដល់៥០% នៅក្នុងឆ្នាំ២០២១ ហើយយើងជឿជាក់ថា ២០២២នេះ នឹងបន្តកើនឡើងថែមទៀត។

លោក បានគូសបញ្ជាក់ថា ដោយសារយើងមានមូលដ្ឋាននៃការប្តេជ្ញាចិត្តខ្ពស់ពីប្រទេសចិន តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាលើកទី៦ ចំនួន ៤០ម៉ឺនតោន ដែលទទួលការអនុញ្ញាតដ៏ខ្ពស់ខ្ពស់ពីអនុញ្ញាតដ៏ខ្ពស់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  ហើយតាមរយៈអនុស្សរណៈយោគយល់នេះនឹងជួយបើកផ្លូវឱ្យការនាំចេញបានយ៉ាងរលូន។

ការខិតខំបើកច្រកទីផ្សារស្រូវអង្ករ និងផលិតផលកែច្នៃដែលមានប្រភពវត្ថុធាតុដើមពីអង្ករ បានប្រព្រឹត្តិទៅយ៉ាងសកម្ម តាមរយៈការបញ្ចូលទំនិញទាំងនេះទៅក្នុងបញ្ជីទំនិញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ព្រមទាំងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងនៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយប្រទេសនានា ដូចជាការចុះ MoU ដើម្បីនាំអង្ករចេញកាន់ទីផ្សារប្រទេសចិន ទីម័រខាងកើត (Timor Lester) ហ្វីលីពីន បង់ក្លាដេស ។ល។ បើតាមការថ្លែងបន្ថែមរបស់ លោក ប៉ាន សូរស័ក្តិ។

លោក បានថ្លែងបន្ថែមទៀតថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្មបាននិងកំពុងចរចាកិច្ចព្រមព្រៀងថ្មីបន្ថែមទៀត សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលអង្ករស្ថិតនៅក្នុងទំនិញអាទិភាពមួយដែលយើងរំពឹងថា នឹងពង្រីកនូវសក្តានុពលទីផ្សារថ្មីនៅក្នុងតំបន់មជ្ឈិមបូព៌ា។ លោក បានបញ្ជាក់ទៀតថា បច្ចុប្បន្នទីផ្សារតំបន់នេះនៅមានកម្រិតតិចតួចបំផុត ដែលយើងខ្ញុំសង្ឃឹមថា នឹងជួយបង្កើនការនាំចេញអង្ករកម្ពុជាកាន់តែច្រើនឡើងថែមទៀត។

លោក រដ្ឋមន្រ្តីបានលើកឡើងថា ក្រសួងពាណិជ្ជកម្ម មិនត្រឹមតែគិតគូរលើការនាំចេញស្រូវអង្ករតែមួយជ្រុងតែប៉ុណ្ណោះទេ តែក្រសួងបានខិតខំជួយដល់កសិករខ្នាតតូចឱ្យរៀបចំខ្លួនឱ្យបានកាន់តែប្រសើរឡើង ជាពិសេស ការជួយជំរុញឱ្យមានកិច្ចសន្យាកសិកម្ម រវាងកសិករខ្នាតតូច ជាមួយរោងម៉ាស៊ីនកិនស្រូវ ដែលការងារធ្វើឡើងតាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុ ដោយរាជរដ្ឋាភិបាល និង IFAD។

គួរបញ្ជាក់ថា ក្រុមហ៊ុន City Rice Import Export ដែលបាននាំយក «អង្កររំដួល» របស់កម្ពុជាទៅចូលរួមប្រកួតក្នុងវេទិកាស្រូវ-អង្ករពិភពលោក រហូតទទួលបានពានរង្វាន់លេខ១ ជា «អង្ករល្អដាច់គេ» ឆ្នាំ២០២២។

កន្លងមកអង្ករកម្ពុជាធ្លាប់ឈ្នះពានអង្ករល្អជាងគេបំផុតក្នុងពិភពលោកចំនួន ៤លើក រួចមកហើយ ដោយឈ្នះ ៣ឆ្នាំ ជាប់ៗគ្នា គឺឆ្នាំ២០១២, ២០១៣ និង ២០១៤ និងចុងក្រោយក្នុងឆ្នាំ២០១៨ នៅប្រទេសវៀតណាម។ ក្រៅពីនោះអង្ករកម្ពុជា ក៏ធ្លាប់ទទួលបានលេខ២ ក្នុងឆ្នាំ២០១៥, ២០១៦ និងឆ្នាំ២០១៧៕

ដោយ៖ មឿន ឌីណា (Moeun Dyna)