Register Already an agent ? Login

សម្ដេចតេជោ៖ កម្ពុជា នឹងអស់មីនប្រឆាំងមនុស្សនៅឆ្នាំ២០២៥ ខណៈរាជធានីនិង៤ខេត្តទៀត បានអស់មីនប្រឆាំងមនុស្ស

ភ្នំពេញ៖ កម្ពុជា មានពេលប្រមាណ ៣ឆ្នាំទៀត ដើម្បីបន្តការបោសសម្អាតមីនសំដៅឈានដល់ការសម្រេចបានគោលដៅចុងក្រោយ គឺកម្ពុជាមិនមានមីនប្រឆាំងមនុស្សចាប់ពីឆ្នាំ២០២៥ ជាមួយនឹងការគំរាមដោយសំណល់ជាតិផ្ទុះនឹងត្រូវបានកាត់បន្ថយដល់កម្រិតអប្បបរមា។ បើតាមការថ្លែងបញ្ជាក់របស់ សម្ដេចតេជោ ហ៊ុន សែន បានបន្តឱ្យដឹងថា កម្ពុជាបានឈានទៅដល់ការប្រកាស រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង កែប ព្រៃវែង ភ្នំពេញ និងព្រះសីហនុ ក្នុងនោះភូមិចំនួន ១, ៧០៥ ត្រូវបានប្រកាសជាភូមិអស់មីនផងដែរ។

នៅក្នុងពិធីបិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាល បានថ្លែងបន្តទៀតថា កម្ពុជាបាននិងកំពុងអនុវត្តគោលនយោបាយ និងវិធានការមួយចំនួន សំដៅជួយទ្រទ្រង់ដល់ជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះ និងលើកកម្ពស់សិទ្ធិរបស់ជនរងគ្រោះ ព្រមទាំងបានផ្តល់សច្ចាប័នដល់អនុសញ្ញា ស្តីពីសិទ្ធិរបស់ជនពិការ ដែលបានចូលជាធរមានតាំងពីឆ្នាំ ២០១៣ មក។

សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងបន្តទៀតថា ក្នុងឆ្នាំ២០២៣ ខាងមុខនេះ រាជរដ្ឋាភិបាលបានឯកភាពឱ្យអាជ្ញាធរមីនរៀបចំ “សន្និសីទសកលស្តីពីជំនួយដល់ជនរងគ្រោះ” នៅកម្ពុជា ដែលនឹងមានប្រទេសប្រមាណ៣៦ ចូលរួម។

សន្និបាតជាតិខួប ៣០ឆ្នាំ ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” សម្ដេចតេជោ ហ៊ុន សែន បាន កោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអាជ្ញាធរមីន ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការល្អ ដោយសម្រេចបានសមិទ្ធផលធំៗជាច្រើន នៃការងារសកម្មភាពមីនក្នុងរយៈពេល៣០ ឆ្នាំ នៅកម្ពុជាសម្រាប់ការអភិវឌ្ឍជាតិ។

កម្ពុជា ជាប្រទេសរងផលប៉ះពាល់ដោយសង្គ្រាម និងជាប្រទេសស្រឡាញ់សន្តិភាពនៅឆ្នាំ១៩៩៧ កម្ពុជា បានក្លាយជារដ្ឋភាគីនៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ក្នុងឆ្នាំ២០០០។ ក្នុងនាមជារដ្ឋភាគី នៅចុងឆ្នាំ២០១១ កម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៃរដ្ឋភាគីលើកទី១១ ដែលត្រូវបានទទួលស្គាល់ថា ជាកិច្ចប្រជុំមួយដ៏ល្អនិងប្រកបដោយជោគជ័យ ក្នុងប្រវត្តិនៃកិច្ចប្រជុំរបស់ចលនាហាមការប្រើប្រាស់មីនប្រឆាំងមនុស្សកន្លងមក។ បើតាមការថ្លែងរម្លឹករបស់ប្រមុខរាជរដ្ឋាភិបាល។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកសកម្មភាពមីនជាផ្នែកមួយដ៏សំខាន់ ព្រមទាំងបានសម្រេចដាក់បញ្ចូលសកម្មភាពបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះចូលជាគោលដៅទី៩ នៃគោលដៅអភិវឌ្ឍន៍ សហស្សវត្សរ៍ និងដាក់ចូលជាគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥  “កម្ពុជា គឺជាប្រទេសដែលគ្មានមីន។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រោមគម្រោងសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ខេត្តមួយចំនួនទៀត នឹងត្រូវប្រកាសជាខេត្តអស់មីន រួមមាន៖ ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង តាកែវ កំពត ស្វាយរៀង កំពង់ស្ពឺ និងក្រចេះ។

គូសបញ្ជាក់ថា រយៈពេលជាង៣០ឆ្នាំ រាជរដ្ឋាភិបាល បានផ្ដល់ថវិកាជាង ២០០លានដុល្លារ សម្រាប់ចូលរួមក្នុងការងារសកម្មភាពមីននៅកម្ពុជា ព្រមទាំងទ្រទ្រង់ដល់ដំណើរការស្ថាប័ន និងការត្រួតពិនិត្យតាមដានការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)