Register Already an agent ? Login

សម្ដេច ហ៊ុន សែន៖ ការសិក្សារបស់ ERIA បង្ហាញថាវិនិយោគជារួមរបស់កម្ពុជានៅដើមឆ្នាំ២០២២ កើនឡើង ២៣,៤%

ភ្នំពេញ៖ សម្រាប់កម្ពុជា ការសិក្សារបស់វិទ្យាស្ថាន ERIA នៅដើមឆ្នាំ២០២២ បានបង្ហាញឱ្យឃើញថា ផលិតផលក្នុងស្រុកសរុប (GDP) កម្ពុជា អាចនឹងកើនឡើងបន្ថែមប្រមាណពី ២% ទៅ៣,៨%។ បើតាមការថ្លែងរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តថា ការនាំចេញអាចនឹងមានកំណើនបន្ថែមក្នុងរង្វង់ប្រមាណពី ៩,៤% ទៅ ១៨%។

ការថ្លែងខាងលើរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញជាអធិបតីភាពវេទិកាជាន់ខ្ពស់ស្តីពី ខួប១០ឆ្នាំ នៃកិច្ចព្រមព្រៀងអាសិប (RCEP) និងការសម្ពោធសៀវភៅទី២ របស់វិទ្យាស្ថាន ERIA ស្តីពីកិច្ចព្រមព្រៀង​អាសិបក្រោមមូលបទ «ថាមវន្តនៃតំបន់អាស៊ីបូព៌ា និងកិច្ចព្រមព្រៀងអាសិប​ក្នុងក្របខ័ណ្ឌសម្រាប់សមាហរណកម្មតំបន់» ដែលវេទិកានេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងបន្តថា ឱកាសការងារប្រចាំឆ្នាំអាចកើនឡើងប្រមាណ ៣,២% ទៅ ៦,២% និងដែលចំណូលពន្ធប្រចាំឆ្នាំកើនប្រមាណ ២% ទៅ ៣,៩% ក្នុង១ឆ្នាំ ខណៈដែលការវិនិយោគជារួម អាចកើនឡើងប្រមាណ២៣,៤ភាគ%ដែរ។

បើទោះជាប្រទេសអភិវឌ្ឍន៍តិចតួចក្តី កម្ពុជាជាប្រទេសបើកចំហសេដ្ឋកិច្ចខ្ពស់ ដោយបានផ្តល់តម្លៃខ្លាំងលើប្រព័ន្ធពហុភាគីនិយមផ្អែកលើវិធានច្បាប់ជាគោល និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងសកល ដែលជារួមស្របគ្នានឹងគោលបំណងរបស់កិច្ចព្រមព្រៀងអាសិប។ បើតាមការគូសបញ្ជាក់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងបន្តថា ក្រៅពីអាសិប កម្ពុជា ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ នៅថ្ងៃតែមួយជាមួយអាសិប កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ខណៈដែលកម្ពុជាកំពុងបន្តពិនិត្យលទ្ធភាពធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាដៃគូផ្សេងៗទៀត។

ជិត៣ឆ្នាំមកនេះ វិបត្តិជំងឺកូវីដ-១៩ បានសបញ្ជាក់ថា សេដ្ឋកិច្ចអាស៊ីមានភាពធន់រឹងមាំដោយសារអាស៊ីជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនវានុវត្តន៍ដែលកំពុងតែលូតលាស់យ៉ាងរហ័ស ជាពិសេសតំបន់អាស៊ីបូព៌ាដែលមានសមាហរណកម្មស៊ីជម្រៅនៅក្នុងខ្សែច្រវាក់តម្លៃសកល និងជាចំណុចតភ្ជាប់ដ៏សំខាន់សម្រាប់សេដ្ឋកិច្ចសកល។ បើតាមការលើកឡើងរបស់ សម្ដេចតេជោ។

សម្ដេចតេជោ បានលើកឡើងបន្តថា ការសិក្សារបស់ស្ថាប័នអន្តរជាតិសំខាន់ៗ បានបង្ហាញឱ្យឃើញថាការអនុវត្តនូវអាសិបពេញលេញ នឹងបង្កើតទំហំពាណិជ្ជកម្មប្រមាណ ៤០ប៊ីលានដុល្លារ ធ្វើឱ្យប្រាប់ចំណូលពិត (Real Income) កើនឡើងរហូតដល់ ២,៥​% បង្កើនសកម្មភាពក្នុងចំណោមសមាជិកអាសិប ១២,៣% និងជួយលើកកម្ពស់ការរស់នៅប្រជាជន ២៧លាននាក់ បន្ថែមទៀតឱ្យចូលក្នុងក្រុមដែលមានជីវភាពរស់នៅកម្រិតមធ្យមដែរសម្រាប់តំបន់អាសិបនៅឆ្នាំ២០៣៥ ខណៈដែលអាសិបត្រូវបានវាយតម្លៃនឹងបង្កើនប្រាប់ចំណូលកលរហូតដល់ ២៦៣ប៊ីលានដុល្លារ។

នាឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងរម្លឹកថា ខ្ញុំនៅចាំបានថាអាសិបត្រូវបានប្រកាសចាប់ផ្ដើមកាលពីឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ក្នុងឱកាសនៃកិច្ច​ប្រជុំកំពូលអាស៊ានលើកទី២១ ដែលកម្ពុជាជាប្រធានអាស៊ាន។ ឆ្នាំ២០២២នេះ ជាខួបអនុស្សាវរីយ៍គម្រប់១០ឆ្នាំ បន្ទាប់ពីការប្រកាសចរចាកិច្ចកិច្ចព្រមព្រៀងនេះ ហើយក៏ជាឆ្នាំដែលអាសិបត្រូវចូលជាធរមានស្របពេលដែលកម្ពុជាជាប្រធានអាស៊ានជាថ្មីម្ដងទៀត។

ការពិត សមាជិកអាស៊ាន និងដៃគូទាំងអស់បានចាយពេលវេលាប្រមាណ ៨ឆ្នាំ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដោះស្រាយរាល់ការលំបាក និងភាពស្មុគស្មាញ ដោយមិនខ្លាចនឿយហត់ក្នុងកិច្ចចរចាកិច្ចព្រមព្រៀងនេះសម្រេចបានជោគជ័យដូចបំណង។ បើតាមបន្ថែមរបស់ សម្ដេចតេជោ។

ក្នុងបរិបទនេះ អាសិបជាយន្តការមួយយ៉ាងសំខាន់ និងជាយុទ្ធសាស្រ្តដែលបង្ហាញពីការប្ដេជ្ញាចិត្តឥតងាករេរបស់យើងក្នុងការការពារប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ដែលផ្អែកលើគោលការណ៍ច្បាប់ ការបន្តបើកចំហសេដ្ឋកិច្ច និងរក្សាបាននូវស្មារតីសហប្រតិបត្តិការរួមគ្នា។ បើតាការគូសបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមទៀតថា ជាងនេះទៅទៀត អាសិបមានសក្តានុពលខ្ពស់ក្នុងការជំរុញដោះស្រាយនូវបញ្ហាប្រឈមធំៗដូចជា៖ ការពង្រឹងច្រវាក់តម្លៃសកល ការពន្លឿនឌីជីថលតូបនីយកម្ម ការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ និងការទប់ស្កាត់ការប្រឆាំងនឹងនិន្នាការសកលភាវូបនីយកម្ម និងគាំពារនិយម។

«អាសិប ក៏មានតួនាទីសំខាន់ក្នុងការចូលរួមចំណែកក្នុងការរក្សាវិបុលភាព និងស្ថិរភាពនយោបាយតំបន់ តាមរយៈការលើកកម្ពស់តួនាទីគន្លឹះនៃការពង្រឹងសមាហរណកម្មសេដ្ឋកិច្ច និងពង្រឹងយន្តការស្ថាប័នដែលមានស្រាប់ក្នុងការលើកកម្ពស់កិច្ចសន្ទនាកម្រិតកំពូលផងដែរ»។ បើតាមការបញ្ជាក់បន្ថែមរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)