Register Already an agent ? Login

កម្ពុជា បាននាំចេញកសិផលសរុបចំនួន ២.៤លានតោន ទៅចិន ស្មើនឹងទឹកប្រាក់ចំនួន ១៩៤២លានដុល្លារ

ភ្នំពេញ៖ ចាប់ពីឆ្នាំ២០១៩ ដល់ចុងខែមិថុនា ឆ្នាំ២០២២ កម្ពុជាបាននាំចេញកសិផលសរុបចំនួន ២.៤លានតោន ទៅកាន់ប្រទេសចិន ដែលស្មើនឹងទឹកប្រាក់ចំនួន ១៩៤២លានដុល្លារ។ បើតាមការថ្លែងរបស់ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។

នៅក្នុងពិធីសម្ពោធការនាំចេញផ្លែមៀនស្រស់កម្ពុជា ជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លោក ឌិត ទីណា បានថ្លែងបញ្ជាក់ថា ប្រទេសចិន គឺជាទីផ្សារនាំចេញអង្ករដ៏ធំបំផុតសម្រាប់កម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ហើយចាប់តាំងពីឆ្នាំ២០១៩មក កសិផលកម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិនជាបន្តបន្ទាប់រួមមានចេក ស្វាយ ត្រីប្រា ពោត និងមៀន។

បច្ចុប្បន្ន ភាគីទាំងពីរកំពុងជំរុញពន្លឿនការនាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិនបន្ថែមទៀតរួមមានដូចជាម្រេច ជលផល សំបុកត្រចៀកកាំ ដូងជាដើម។ បើតាមការថ្លែងបន្តរបស់ លោក ឌិត ទីណា បានបន្តទៀតថា ដើម្បីពន្លឿនការនាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិន រដ្ឋបាលគយប្រទេសចិន ក្រសួងកសិកម្មនិងកិច្ចការជនបទក្នុងប្រទេសចិន និងជាពិសេសស្ថានទូតចិនប្រចាំកម្ពុជាបានខិតខំសហការបំពេញការងារយ៉ាងសកម្ម ជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិនជាបន្តបន្ទាប់។

កិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យកសិកម្មរវាងកម្ពុជានិងចិនបានជួយជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ហើយទំនាក់ទំនងមិត្តភាពនេះបានផ្តល់ការអភិវឌ្ឍន៍ដ៏ល្អៗបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ។ បើតាមការថ្លែងបន្ថែមរបស់ លោក ឌិត ទីណា។

នាឱកាសនោះ លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជឿជាក់ថាផលិតផលកសិកម្មកម្ពុជាកាន់តែច្រើននឹងត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិននាពេលអនាគត ដើម្បីផ្តល់ជាប្រយោជន៍ជូនដល់ប្រជាជនទាំងពីរ។

កាលពីខែមេសាឆ្នាំ២០២២នេះ ក្រសួងកសិកម្មចិននិងកម្ពុជាបានរៀបចំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំវិស័យកសិកម្មរវាងចិននិងកម្ពុជាលើកទី២ បានកំណត់ទិសដៅសំខាន់ៗនៃកិច្ចសហប្រតិបត្តិការកសិកម្មរវាងភាគីទាំងពីរនាពេលអនាគត។ បើតាមការថ្លែងរបស់ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

លោក បានថ្លែងបន្តថា គម្រោងផែនការអភិវឌ្ឍន៍វិស័យកសិកម្មដែលជាជំនួយរបស់ភាគីចិនជូនភាគីកម្ពុជាក៏ត្រូវបានអនុវត្តផងដែរ ទន្ទឹមនឹងនោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរអំពីវិស័យការចិញ្ចឹមសត្វក៏ទទួលបានសមិទ្ធផលផ្លែផ្កាផងដែរ ហើយភាគីទាំងពីរបានឈានដល់ការកំណត់រួមគ្នានូវអនុស្សារណ:យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការថ្នាំពេទ្យសម្រាប់ព្យាបាលសត្វ ផលិតផលជីវសាស្រ្តសម្រាប់សត្វ និងសារធាតុបន្ថែមលើចំណី។

ក្រោមការខិតខំប្រឹងប្រែងរួមគ្នារវាងភាគីទាំងពីរ ឆ្នាំ២០២២នេះ ត្រីប្រា ផ្លែពោត និងផ្លែមៀនត្រូវបានជំរុញនិងអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិនជាបន្តបន្ទាប់យ៉ាងជោគជ័យ។ បើតាមការបញ្ជាក់របស់ លោកទូត បានបន្ថែមថា ថ្ងៃនេះ យើងចូលរួមជាសក្ខីភាពក្នុងការនាំចេញផ្លែមៀនកម្ពុជាទៅប្រទេសចិនប្រកបដោយជោគជ័យនៅទីនេះ នេះជាសមិទ្ធផលជាក់ស្តែងដ៏សំខាន់មួយទៀតនៃកិច្ចសហប្រតិបត្តិការកសិកម្មរវាងចិននិងកម្ពុជាក្រោមបរិបទនៃជំងឺកូវីដ-១៩ នឹងផ្តល់ជាអត្ថប្រយោជន៍ជាក់ស្ដែងជូនដល់ប្រជាជនទាំងពីរ និងបានជួយជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា គិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២២នេះ ការនាំចេញកសិផលពីកម្ពុជា ទៅប្រទេសចិនសម្រេចបានជាង ៥៨ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណ ៤៩១លានដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)