Register Already an agent ? Login

កម្ពុជា នឹងទទួលកញ្ចប់ហិរញ្ញប្បទានប្រមាណ ៤00លានដុល្លារ ពីADB ដើម្បីការស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ

ភ្នំពេញ៖ កម្ពុជា នឹងទទួលបាន កញ្ចប់ហិរញ្ញប្បទានប្រមាណ ៤០០លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្ថែមពីលើកញ្ចប់ហិរញ្ញប្បទានដែលបានគ្រោងចំនួន ៤៨០ដុល្លារ សម្រាប់ឆ្នាំ២០២៣-២០២៤។ ការផ្ដល់នេះ ជាការបន្តជួយគាំទ្រដល់ការអភិវឌ្ឍកម្ពុជា ជាពិសេសការស្ដារនិងជំរុញកំណើន សេដ្ឋកិច្ចឡើងវិញ នៅក្នុងក្របខណ្ឌនៃយុទ្ធសាស្រ្តភាព ជាដៃគូ។

លោក វង្សី វិស្សុត រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ADB ដែលបានចូលរួមចំណែក នៅក្នុងកិច្ចដំណើរការស្តារនិង អភិវឌ្ឍកម្ពុជា ចាប់តាំងពីដើមទសវត្សឆ្នាំ៩០ រហូតមកទល់នឹងពេលនេះ ពិសេសការជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។

លោក លើកបានសង្កត់ធ្ងន់ថា ADB គឺជាដៃគូដ៏សំខាន់និងជាទីទុកចិត្ត ហើយជាដៃគូអភិវឌ្ឍន៍ធំលំដាប់ទី២ របស់កម្ពុជា និងស្ថិតនៅលំដាប់ទី១ ប្រសិនបើគិតជាស្ថាប័នហិរញ្ញវត្ថុ ពហុភាគីវិញ។ កម្ពុជាពិតជាពេញចិត្តចំពោះ កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូកន្លងមក។

លោក វង្សី វិស្សុត ដែលបានទទួលជួប ពិភាក្សាការងារជាមួយលោក Winfried F. Wicklein អគ្គនាយករងទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍នៃធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) នៅក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅកម្ពុជា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានគូសបញ្ជាក់ថា វិភាជន៍នូវកញ្ចប់ហិរញ្ញប្បទានប្រមាណ ៤០០លានដុល្លារ ភាគីទាំងពីរនឹងពិភាក្សាលើបញ្ជីកម្មវិធី/គម្រោង តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់កម្រិតនយោបាយក្នុងពេលឆាប់ៗខាងមុខនេះ។

លោក Winfried F. Wicklein បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ ADB ក្នុងការបន្តជួយគាំទ្រដល់ការអភិវឌ្ឍកម្ពុជា ជាពិសេសការស្តារនិងជំរុញកំណើន សេដ្ឋកិច្ចឡើងវិញ នៅក្នុងក្របខណ្ឌនៃយុទ្ធសាស្រ្តភាព ជាដៃគូឆ្នាំ២០២៤-២០២៨។

លោក បានលើកឡើងថា ADB គ្រោងនឹងផ្តល់ហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់ ១០០ប៊ីលានដុល្លារ ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅក្នុងតំបន់សម្រាប់ឆ្នាំ២០១៩-២០៣០។ ក្នុងទិសដៅនេះ ADB បានបង្កើតនូវគំនិតផ្តួចផ្តើមជាច្រើនក្នុងតំបន់ ក៏ដូចជាផ្តល់ការគាំទ្រដល់កម្ពុជាតាមរយៈយន្តការខាងលើនេះផងដែរ។ ADB នឹងបង្កើនកិច្ចប្រតិបត្តិការដើម្បីជួយដល់វិស័យឯកជនថែមទៀត។

សូមរម្លឹកថា គិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់ប្រទេសកម្ពុជាសម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ចំនួន១៨៩ ដែលមានទឹកប្រាក់សរុបប្រមាណ ៤,៤១០ប៊ីលានដុល្លារ ដែលក្នុងនោះរួមមាន៖

 ១-ឥណទានសម្បទានប្រមាណ ៣,៨៨៧លានដុល្លារ សម្រាប់ហិរញ្ញប្បទានគម្រោងចំនួន១២៤ ក្នុងនោះគម្រោងចំនួន ៨៣ បានបញ្ចប់ និងគម្រោងចំនួន៤១ កំពុងដំណើរការ និង ២-ហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៥២៣លានដុល្លារ សម្រាប់ហិរញ្ញប្បទានគម្រោងចំនួន៦៥ ក្នុងនោះគម្រោងចំនួន៤១ បានបញ្ចប់ និងគម្រោងចំនួន២៤ កំពុងដំណើរការ។

គួរបញ្ជាក់ថា ហិរញ្ញប្បទានសហប្រតិបត្តិការទាំងនេះ បានប្រើប្រាស់សម្រាប់ធ្វើការវិនិយោគទៅលើវិស័យអាទិភាព ចាំបាច់ នានា ដូចជា៖ វិស័យកសិកម្ម និងធនធានធម្មជាតិ ទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធក្រុង គមនាគមន៍និងបច្ចេកវិទ្យាព័ត៌មាន ឧស្សាហកម្ម និងពាណិជ្ជកម្ម ហិរញ្ញវត្ថុ ការគ្រប់គ្រងសាធារណៈ អប់រំនិងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងសុខាភិបាល ព្រមទាំងវិស័យថាមពល និងពហុវិស័យ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)