Register Already an agent ? Login

ពន្ធដារប្រមូលពន្ធបានជិត ៣ពាន់លានដុល្លារ ប្រមាណ ១០៤% រយៈពេលជិត ១០ខែឆ្នាំ២០២២

ភ្នំពេញ៖ លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទប្រមាណ ២,៩៣០លានដុល្លារ ពោលគឺសម្រេចបាន ១០៤ភាគរយ នៃផែនការ។ បើតាមការថ្លែងឱ្យដឹងពី លោកគង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា គិតត្រឹមរយៈពេល ៩ខែ និង២៥ថ្ងៃ នៃខែតុលា ឆ្នាំ២០២២។

ការថ្លែងខាងលើរបស់ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានអញ្ជើញជាអធិបតីភាព ក្នុងវេទិកាពន្ធដារ ឆ្នាំ២០២២  (TAX FORUM 2022) កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។

ក្នុងវេទិកាពន្ធដារនេះ មានចូលរួមពី លោក TASSILO BRINZER ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ហើយក៏មានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ សមាជិកសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងតំណាងក្រុមហ៊ុនផងដែរ។

លោក គង់ វិបុល បានថ្លែងបញ្ជាក់ថា «ជោគជ័យនៃការប្រមូលចំណូលពន្ធជាបន្តបន្ទាប់ គឺបណ្ដាលមកពីការខិតខំប្រឹងប្រែង អនុវត្តន៍តួនាទីភារកិច្ចប្រកបដោយឆន្ទៈ មោះមុត ភាពជឿជាក់ ស្មោះត្រង់ ក្លាហាន និងហ្មត់ចត់ ជាពិសេសក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងស្ថានភាពកូវីដ១៩ បានជោគជ័យ»។

លោក​ បានបន្តថា ដោយអនុវត្តនូវយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស ហើយបានសង្គ្រោះប្រជាពលរដ្ឋកម្ពុជា និងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា ដែលជំរុញឱ្យកម្ពុជា អាចបើកប្រទេសឡើងវិញកាលពីខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។

ទោះបីជាក្នុងបដិការ ដ៏លំបាកនៃជំងឺកូវីដ-១៩ កំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសារពើពន្ធ ព្រមទាំងវិធានការបុរេសកម្មនានា បានជំរុញ និងធានាបាននូវនិរន្តរភាព នៃការគ្រប់គ្រងប្រមូលចំណូលពន្ធ។ បើតាមការថ្លែងបន្តទៀតរបស់ លោក គង់ វិបុល។

លោក ថ្លែងបានបន្ថែមថា អគ្គនាយកដ្ឋានពន្ធដារ នៅតែបន្តកំណែទម្រង់ថែមទៀត ទន្ទឹមនឹងផែនការកំណត់ដោយច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ គ្រោងនឹងកើនឡើងធៀបនឹងឆ្នាំ២០២២ ខណៈនៅមានការផ្ដល់ផ្ដល់ជូននូវការលើកទឹកចិត្ត ផ្នែកពន្ធដារសម្រាប់វិស័យមួយចំនួន។

តាមរយៈចំណូលពន្ធដែលកម្ពុជាទទួលបាននេះ ធ្វើឱ្យរដ្ឋាភិបាលនូវតែមានលទ្ធភាព ក្នុងការចាត់ចែងការចំណាយរបស់ខ្លួនចាំបាច់នានា និងអាចសន្សំថវិកាបាន សម្រាប់វិនិយោគសាធារណៈមួយចំនួនផងដែរ ដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដែលចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេ​ស ចាត់ចែងចំនាយទៅលើប្រជាពលរដ្ឋក្រីក្រ ដែលរងគ្រោះដោយកូវីដ១៩ និងជាពិសេសគ្រោះទឹកជំនន់ ដែលទើបកើតឡើងថ្មីៗនេះផងដែរ។ បើតាមការគូសបញ្ជាក់របស់ លោក គង់ វិបុល។

នាឱកាសនោះ លោក គង់ វិបុល បានគូសបញ្ជាក់ទៀតថា ប្រព័ន្ធពន្ធដារកម្ពុជាបច្ចុប្បន្ន គឺដើរទាន់នឹងរដ្ឋបាលសារពើពន្ធនៃបណ្ដាប្រទេសនានាក្នុងតំបន់ជាអាទិ៍ សង្ហបុរី ម៉ាឡេស៊ី និងថៃជាដើម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)