Register Already an agent ? Login

ការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារបរទេស មានទឹកប្រាក់ជាង ១៧ពាន់លានដុល្លារ

ភ្នំពេញ៖ ការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារបរទេស មានទឹកបា្រក់សរុប ១៧,៥៧៨លានដុល្លារ រយៈពេល៩ខែ ឆ្នាំ២០២២ កើនឡើង ២៤.២៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ បើតាមការថ្លែងរបស់ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី«គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា» សម្រាប់ឆ្នាំ ២០២៣-២០២៧ នៅសណ្ឋាគារភ្នំពេញ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។

លោក ប៉ាន សូរស័ក្ដិ បានបញ្ជាក់ថា ក្នុងនោះការនាំចេញសម្លៀកបំពាក់ និងវាយនភ័ណ្ឌ មានកំណើន ២៣.១៦% និងផលិតផលធ្វើដំណើរនិងកាបូប មានកំណើន ៣៦.៣១%។ លោក បានបន្តថា តាមរយៈការអនុវត្តគោលនយោបាយនៃការផ្សារភ្ជាប់ពាណិជ្ជកម្ម ជាមួយនឹងបទដ្ឋានការងារ បានប្រែក្លាយកេរ្តិ៍ឈ្មោះរបស់កម្ពុជាទៅជាប្រទេសឈានមុខគេក្នុងគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ និងបានធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសគំរូសម្រាប់ប្រទេសមួយចំនួនយកធ្វើជាបទពិសោធន៍ សម្រាប់យកទៅអនុវត្ត និងរៀនសូត្រតាម។

ការអនុវត្តគោលនយោបាយនៃការផ្សារភ្ជាប់ពាណិជ្ជកម្ម ជាមួយនឹងបទដ្ឋានការងារ ក៏បានបង្កើនទំនុកចិត្តដល់អ្នកបញ្ជាទិញម៉ាកយីហោល្បីៗក្នុងការដាក់បន្ថែមការបញ្ជាទិញផលិតផលសំខាន់ៗ រួមមាន សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង និងកាបូបនៅកម្ពុជាពីមួយឆ្នាំ ទៅមួយឆ្នាំកាន់តែច្រើនឡើងផងដែរ។ បើតាមការថ្លែងបន្តទៀតរបស់ លោក ប៉ាន សូរស័ក្ដិ។

លោក បានបន្ថែមថា ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការមួយរបស់រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង ដោយស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ និងបានបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងពិភពលោក និងស្វែងរកទីផ្សារនាំចេញថ្មីៗ។

លោក បានរម្លឹកថា ជាពិសេសតាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី តំបន់ និងពហុភាគី ដោយចុងក្រោយនេះ ក្រសួងពាណិជ្ជកម្មសម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ។

នៅក្នុងពិធីនោះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុក គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការនាំចេញក្នុងឧស្សាហកម្មកាត់ដេររបស់កម្ពុជា ដែលជាផ្នែកមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។

លោក បានថ្លែងបន្តថា ដោយសារតែគម្រោងនេះមានបេសកកម្ម និងកម្មវិធីការងារគាំទ្រនូវគោលនយោបាយ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការសំដៅធានាការលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ ទើបបានជាគម្រោងនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម ហើយអាចដំណើរការបានយ៉ាងរលូនក្នុងរយៈពេល ២១ឆ្នាំមកនេះ។

សម្រាប់អនុស្សរណៈ នៃការយោគយល់គ្នាថ្មី សម្រាប់ឆ្នាំ២០២៣-២០២៧ នេះជាអនុស្សរណៈលើកទី៨ ដែលនឹងត្រូវចុះហត្ថលេខា បានកែសម្រួលលក្ខខណ្ឌអនុវត្តគម្រោងមួយចំនួន ដោយបន្ថែមរយៈពេលអនុវត្តពី៣ឆ្នាំ ទៅ ៥ឆ្នាំ ដើម្បីធានានូវនិរន្តរភាពរបស់គម្រោង និងនិមិត្តរូបនៃការគោរពលក្ខខណ្ឌការងារ ដែលជាការបញ្ជាក់នូវការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា។ បើតាមការថ្លែងបន្តទៀតរបស់ លោក អ៊ិត សំហេង។

លោក Graeme Buckley នាយកការិយាល័យអង្គការ ILO ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ បានថ្លែងថា ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ឃើញថាការអនុលោមតាមច្បាប់ជារួមនៅក្នុងប្រទេសកម្ពុជាមានភាពប្រសើរឡើងមួយផ្នែកដោយសារការរាយការណ៍ប្រកបដោយតម្លាភាពរបស់ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) លើបញ្ហាសំខាន់ៗ។

លោក គូសបញ្ជាក់ថា BFC នឹងប្តេជ្ញាបន្តដើរតួជាអ្នកសម្របសម្រួលនៃភាគីពាក់ព័ន្ធក្នុងឧស្សាហកម្ម រួមទាំងអ្នកទិញអន្តរជាតិ ដែលដើរតួយ៉ាងសំខាន់ផងដែរក្នុងការកែលម្អវិស័យនេះ តាមរយៈការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវរបស់ពួកគេ។

លោកឧកញ៉ា គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានថ្លែងថា សមាគមពិតជាមានមោទនភាព ដែលបានក្លាយជាសមាគមវិស័យឯកជនទីមួយក្នុងពិភពលោក ដែលទទួលយកកម្មវិធីពិសេសរបស់អង្គការអន្តរជាតិខាងការងារនេះ ឲ្យមកតាមដានត្រួតពិនិត្យ ដោយឯករាជ្យលើរោងចក្ររបស់យើង និងធ្វើការរាយការណ៍ប្រកបដោយតម្លាភាពអំពីលទ្ធផលរកឃើញរបស់ពួកគេ។

លោក បានបន្តថា សមាគមសូមគាំទ្រ និងមានសេចក្ដីរីករាយដែលបានបន្តអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបន្តអនុវត្តក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត។

គូសបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២៣-២០២៧» គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងស្នូលក្នុងបន្តការសហការគ្នាសំដៅធ្វើឱ្យលក្ខខណ្ឌការងារកាន់តែប្រសើរសម្រាប់កម្មករ និយោជិត ក្នុងវិស័យសម្លៀកបំពាក់ វាយនភ័ណ្ឌ សម្ភារៈធ្វើដំណើរ និងកាបូប តាមរយៈការអនុវត្តតាមច្បាប់ការងារនិងច្បាប់ពាក់ព័ន្ធរបស់កម្ពុជាក៏ដូចជាបទដ្ឋានការងារស្នូលដែលទទួលស្គាល់ជាអន្តរជាតិ ជាពិសេសលើសុវត្ថិភាព និងសុខាមាលភាពការងារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)