Register Already an agent ? Login

វិនិយោគិនកម្ពុជា បានបោះទុនឈានមុខគេ ក្នុងចំណោមវិនិយោគិនបរទេស ដែល CDC បានអនុម័តទុនសរុបជាង ៣ពាន់លានដុល្លារ

ភ្នំពេញ៖ របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានឱ្យដឹង​ថា ចាប់​ពី​ខែ​មករា​-​កញ្ញា ឆ្នាំ២០២២ បាន​អនុម័ត​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​លើ​គម្រោង​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន១៥០ ដែល​មាន​ទុន​វិនិយោគ​សរុប ៣,៤៥៩.៥៨លាន​ដុល្លារ​ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ២០២១ ចំនួន​គម្រោង​វិនិយោគ​កើន​១៦ និង​ទុន​វិនិយោគ​កើន​ប្រមាណ ១០១លានដុល្លារ។

​នៅក្នុងរបាយការណ៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តឱ្យដឹងថា ក្នុងចំណោម​ទុនវិនិយោគ​សរុប​ដែលបាន​អនុម័ត គឺ​ទុន​ ​វិនិយោគិរបស់​កម្ពុជា ទឹកប្រាក់ជាង ១​៧០០​លានដុល្លារ ៥០,៩៤%​, ​ចិន ទឹកប្រាក់ជាង ១៥០០លានដុល្លារ ៤៣,៩៨%​, ថៃ ទឹកប្រាក់ ៤៤លានដុល្លារ ១,២៧%​, ជប៉ុន ទឹកប្រាក់ជិត ៤០លានដុល្លារ ១,១៤% និង​ក្រៅ​ពីនោះ​មាន​ដូចជា Cayman Islands, សាម័រ​, កូរ៉េ​, British Virgin Islands, សិង្ហបុរី​, ម៉ាឡេស៊ី និង​អូស្ត្រាលី។​

​នៅក្នុង​ចំនួន​ទឹកប្រាក់ ៣,៤៥៩.៥៨លាន​ដុល្លារ​នោះ គឺការបណ្ដាក់ទុន​ក្នុង​វិស័យ​ឧស្សាហកម្ម​មាន​ចំនួន ១៣២គម្រោង ស្មើនឹង​ទុនវិនិយោគ ១,៣៩៩.៣លានដុល្លារ​, វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចំនួន ៨គម្រោង ទុនវិនិយោគ ចំនួន ១,៧៩១.១៥ លាន​ដុល្លារ​, វិស័យ​កសិកម្ម និង​កសិ-ឧស្សាហកម្ម ចំនួន ៧គម្រោង ទុនវិនិយោគ ១០៤.៨៧លានដុល្លារ​, និង​វិស័យ​ទេសចរណ៍ មាន ៣គម្រោង មាន​ទឹកប្រាក់ ១៦៤.២៥លានដុល្លារ។​ បើតាមការបន្តនៅក្នុងរបាយការណ៍ CDC។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បានមានប្រសាសន៍ថា កត្តា​ចម្បង​មួយ​ចំនួន​ដែល​ធ្វើឱ្យ​អ្នកវិនិយោគ​នៅ​ក្នុង​ស្រុក​បញ្ចេញ​ទុន គឺ​ទំនុក​ចិត្ត​ទៅលើ​គោល​នយោបាយ​រដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ និង​កត្តា​ទីផ្សារ​នាំចេញ​ដែល​ទំនិញ​កម្ពុជា​អាច​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ជាច្រើន​ក្រោម​លក្ខខណ្ឌ​ពិសេស​ផ្នែក​ពន្ធគយ (​តាមរយៈ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​កម្ពុជា​បាន​ចុះ​ហត្ថលេខា)។​

លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ខណៈពេលលំហូរវិនិយោគបរទេសបានថមថយ ក្នុងរយៈពេលចុងក្រោយ បន្ទាប់ពីជួបវិបត្តិផ្ទួនៗ ដែលធ្វើឱ្យពួកគេជួបបញ្ហារាំងស្ទះហិរញ្ញវត្ថុ ដូច្នេះហើយ ជាឱកាសជំរុញឱ្យវិនិយោគិនក្នុងស្រុកដែលនៅមានកម្លាំងទុនឆ្លៀតឱកាសបោះទុន និងរៀបចំសេវាកម្ម ឬផលិតផលរបស់ខ្លួន ប្រកួតប្រជែងក្នុងទីផ្សារ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយលើកស្ទួយការវិនិយោគក្នុងស្រុក។

អ្នកវិនិយោគស្រុក ជាពិសេសអ្នកដែលមានទុនធំៗ គេមិនបង្អង់ទេ ដោយសារទុនរបស់គេ គេអាចបង្វិលបាន ស្របពេលដែលមិនមានចរន្តវិនិយោគពីក្រៅជាដុំកំភួន ហេតុដូច្នេះគាត់ឆ្លៀតឱកាសក្នុងពេលវេលានេះ ពោលគឺក្រុមហ៊ុនដែលគេមានលទ្ធភាព គឺគេបោះទុនវិនិយោគ។ បើតាមការលើកឡើងបន្តរបស់ លោក ហុង វណ្ណៈ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងបន្តខិតខំជំរុញ និងទាក់ទាញការវិនិយោគ តាមរយៈបន្តពង្រឹងយន្តការថែទាំវិនិយោគ និងការបន្តចូលរួមអនុវត្តនូវវិធានការកែទម្រង់នានា របស់រាជរដ្ឋាភិបាល ពិសេសវិធានការទាំងឡាយ ដែលសម្រួលដល់ការវិនិយោគសម្រាប់វិនិយោគិនក្នុង និងក្រៅប្រទេស។ បើតាមការថ្លែងរបស់ លោក សុខ ចិន្ដាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)