Register Already an agent ? Login

គយ ប្រមូលចំណូលពន្ធបានជាង ២ពាន់លានដុល្លារ ៩ខែ ឆ្នាំ២០២២ ស្មើនឹងជាង ៧៨% នៃផែនការច្បាប់ថវិកាជាតិ

ភ្នំពេញ៖ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលពន្ធ និងអាករបានចំនួន ២០២២.២លានដុល្លារ ស្មើនឹង ៧៨.៦១% នៃផែនការច្បាប់ថវិកាជាតិ។ បើតាមការថ្លែងឱ្យដឹងពី លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

លោក គុណ ញឹម បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញពីលទ្ធផលនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ រំពឹងថា ការអនុវត្តន៍ផែនការចំណូលក្នុងឆ្នាំ២០២២នេះ អាចនឹងគ្រប់ផែនការ ឬលើសផែនការតិចតួច ដោយសារតែពេលនេះជាកាលៈទេសៈ និងពេលវេលាមួយឆ្លងផុតការលំបាក ព្រោះក្នុងឆ្នាំ២០២០-២០២១ ជាពេលវេលាដែលលំបាក បង្កឡើងដោយការរីករាលដាលនៃជំងឺកូវីដ-១៩។

ជាក់ស្ដែងក្នុងឆ្នាំ២០២០ អគ្គនាយកដ្ឋានគយ ប្រមូលចំណូលបានត្រឹមតែ ៨៣.៥% នៃច្បាប់ថវិកាជាតិ និងឆ្នាំ២០២១ ប្រមូលបានត្រឹមតែ ៨៧% នៃផែនការប៉ុណ្ណោះ។ នេះបើតាមការថ្លែងបន្តរបស់ លោក គុណ ញឹម បានគូសបញ្ជាក់ថា ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ នឹងធ្វើឱ្យកម្ពុជាប្រឈមការបាត់បង់ចំណូលពន្ធគយ ចន្លោះពី ៣៧០លានដុល្លារ ទៅ៤០០លានដុល្លារក្នុងមួយឆ្នាំៗ នាពេលខាងមុខ តាមរយៈការផ្តល់អត្រាអនុគ្រោះពន្ធ តាមគោលការណ៍ដែលបានចរចាគ្នា ក្នុងកិច្ចព្រមព្រៀងនីមួយៗ។

លោក បានលើកឡើងថា ការអនុវត្តកិច្ចព្រមព្រៀងនានា ដូចជាកិច្ចព្រមព្រៀង RCEP កិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកិច្ចកម្ពុជា និងចិន ​ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកិច្ចកម្ពុជា និងកូរ៉េជាដើម បានធ្វើឱ្យការនាំចូលទំនិញពីប្រទេស ដែលជាដៃគូរកិច្ចព្រៀង ដែលវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) ត្រឹមត្រូវ គឺកម្ពុជាត្រូវតែអនុគ្រោះអត្រាពន្ធទៅអ្វីដែលបានចរចារ។

ការនាំចូលមកកម្ពុជាក្រោមលក្ខខណ្ឌជា FTA ឬជា RCEP យើងត្រូវផ្តល់ការអនុគ្រោះពន្ធ មានន័យថាអត្រាពន្ធគយដែលបច្ចុប្បន្នមានអត្រា ៣៥% ដូច្នេះការចរចាតាមបន្ទាត់ពន្ធមួយគឺថាយើងត្រូវចរចារជាមួយគេ ហើយជាការពិតគេតម្រូវឱ្យយើងបន្ថយពី ៣៥% ធ្លាក់ចុះមក ១៥% ឬ៧% ឬក៏មក ០% អ៊ីចឹងហើយចំណុចនេះ បានធ្វើឱ្យប៉ះពាល់ដល់ចំណូល ដែលប្រមូលដោយគយដោយផ្ទាល់។ បើតាមការលើកឡើងបន្តរបស់ លោក គុណ ញឹម។

លោក បានបន្ថែមថា ទោះជាយ៉ាងនេះក្តី ក្នុងពេលដែលកម្ពុជា បាត់បង់ចំណូលពន្ធគយនេះ រដ្ឋាភិបាលអាចនឹងពិចារណា ក្នុងការកែសម្រួលអាករ ជាពិសេសអាករពិសេស ដើម្បីប៉ះប៉ូវនូវអ្វីដែលពន្ធគយបានបាត់បង់ ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗនេះវិញផងដែរ។

លោក បានអះអាងថា ករណីនេះបើមើលមួយជ្រុងកម្ពុជានឹងរងការខាតបង់ពីការបាត់បង់ពន្ធគយ ប៉ុន្តែបើមើលពីជ្រុងមួយទៀត​ទាក់ទងនឹងការធ្វើពាណិជ្ជកម្ម ឬការនាំចេញ​ទំនិញរបស់​កម្ពុជាដែលធ្លាប់ចេញទៅ​ដោយបង់ពន្ធ ​នឹងទទួលបានការអនុគ្រោះដោយរួចពន្ធ ឬស្ថិតក្នុងអត្រាពន្ធទាប ដែលជំរុញដល់ការនាំចេញកាន់តែកើនឡើង។

លោក គុណ ញឹម បានលើកឡើងបន្ថែមថា ទោះបីជាបច្ចុប្បន្ន កម្ពុជាអាចនឹង​ទទួលបានផលចំណេញតិចជាង ប្រទេសដៃគូកិច្ចព្រមព្រៀង តែយ៉ាងណាលោកជឿជាក់ថា កម្ពុជានឹងអាចទាក់ទាញអ្នកវិនិយោគបានច្រើន ទៅលើវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យដទៃទៀត ​ក្នុងការផលិតទំនិញនាំចេញទៅទីផ្សារ​អន្តរជាតិ ទាំងក្រោមក្រមខណ្ឌកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម និង​ការនាំចេញដោយទទួលបានការអនុគ្រោះពន្ធពី EBA ឬ GSP ជាដើម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)