Register Already an agent ? Login

កម្ពុជា បានបង្កើតតំបន់ការពារធម្មជាតិចំនួន៧៣ ផ្ទៃដីសរុប ៧,២លានហិកតា ស្មើនឹង៤១% ផ្ទៃដីទាំងមូលនៃផ្ទៃប្រទេស

ភ្នំពេញ៖ កម្ពុជា បានបង្កើតតំបន់ការពារធម្មជាតិចំនួន៧៣ និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិចំនួន០៣ (របៀងអភិរក្សជីវៈចម្រុះឦសាន របៀងអភិរក្សជីវៈចម្រុះឧត្តរ និងរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ) សរុបផ្ទៃដីមានប្រមាណ ៧,២លានហិកតា ស្មើនឹង ៤១% នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល។ បើតាមក្រសួងបរិស្ថាន។

នេះជាវិសាលភាពផ្ទៃដីដ៏ធំធេង ដែលត្រូវឱ្យមានការរៀបចំបែងចែកតំបន់ ការពង្រឹងការគ្រប់គ្រង និងទាញយកសក្តានុពលពីធនធានធម្មជាតិទាំងនោះមកបម្រើឱ្យសេដ្ឋកិច្ចសង្គម ប្រកបដោយការទទួលខុសត្រូវ និងមាននិរន្តរភាព ជាពិសេសគឺការផ្តល់បរិយាកាសអំណោយផលសម្រាប់ការវិនិយោគលើទេសចរណ៍ធម្មជាតិ។

ក្រសួងបរិស្ថាន បានកំណត់តំបន់អេកូទេសចរណ៍អាទិភាពថ្នាក់ជាតិចំនួន ៦តំបន់ ដោយជ្រើសរើសចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដើម្បីជាមូលដ្ឋានក្នុងការជំរុញការអភិវឌ្ឍសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ក្នុងតំបន់ ពិសេសការចូលរួមរបស់ភាគីពាក់ព័ន្ធ ទាំងផ្នែកសាធារណៈ ផ្នែកឯកជន និងដៃគូអភិវឌ្ឍន៍។

តំបន់ទាំងនោះរួមមាន៖ ១-តំបន់អេកូទេសចរណ៍នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ២-តំបន់អេកូទេសចរណ៍ទេសភាពជួរភ្នំក្រវាញ ៣-តំបន់អេកូទេសចរណ៍ឆ្នេរ ៤-តំបន់អេកូទេសចរណ៍ឋាបនីយជីវៈមណ្ឌលបឹងទន្លេសាប ៥-តំបន់អេកូទេសចរណ៍ព្រៃឡង់ ៦-តំបន់អេកូទេសចរណ៍ភូមិភាគឥសាន្ត។

លោក រ័ត្ន វិរៈ រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ទេសចរណ៍ត្រូវបានចាត់ទុកជា “មាសបៃតង” ដោយសារតែតួនាទីរបស់វិស័យនេះចូលរួមនៅក្នុងកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ ការរកប្រាក់ចំណូល ការលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រ ការអភិរក្ស បេតិកភណ្ឌធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុពិភពលោក។

ការថ្លែងរបស់ លោក រ័ត្ន វិរៈ នៅក្នុងវេទិកាផ្សព្វផ្សាយអំពីប្រកាសស្តីពីការដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំក្នុងការ អនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចដែលមានទំហំផ្ទៃដីក្រោម ១០ហិកតា ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២។

លោក បានថ្លែងបញ្ជាក់ថា «អេកូទេសចរណ៍ និងទេសចរណ៍វប្បធម៌បានរីកចម្រើនជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ និងបានរួមចំណែកជាង ១០% នៅក្នុងផលិតផលក្នុងស្រុកសរុប (ផ.ស.ស)ប្រចាំឆ្នាំ»។

ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ (២០១២-២០២០) បានកំណត់គោលដៅទុកជាមុនថា នៅឆ្នាំ២០២០ ភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជានឹងកើនឡើងដល់ ៧លាននាក់ នឹងបង្កើនចំណូលបានជាង ៥,០០០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១លានកន្លែង។ បើតាមការលើកឡើងបន្ថែមរបស់ លោក រ័ត្ន វិរៈ។

លោកស្រី Salimata D. Follea តំណាងធនាគារពិភពលោក បានឱ្យដឹងថា គម្រោងនិរន្តរភាពតំបន់ទេសភាពទេសចរណ៍ធម្មជាតិកម្ពុជាឬហៅកាត់ CSLEP ដែលបានអនុវត្តគម្រោងមួយនេះ គឺក្នុងគោលបំណងក្នុងការលើកកម្ពស់គ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាសហគមន៍តាមរយៈខ្សែសង្វាក់នៅតាមតំបន់បឹងនៅទន្លេសាប ។

លោក បានលើកឡើងបន្ថែមថា ជាមួយគ្នានេះដែរគម្រោងនេះមានសមាសភាពចំនួន៣ ទី១-រៀបចំគម្រោងក្នុងការគ្រប់គ្រង ទី២-ការរៀបចំឱកាសក្នុងការអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្ម និងទី៣-ការផ្សារភ្ជាប់ទីផ្សារ។

សូមបញ្ជាក់ថា វេទិកានេះ ធ្វើក្នុងគោលបំណងដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីប្រកាសឱ្យបានទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ដែលទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថាន ឱ្យអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្ស ជីវៈចម្រុះ អាចបន្តនីតិវិធីតាមគោលការណ៍ណែនាំ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)