Register Already an agent ? Login

ចិន បានសម្រេចឱ្យកម្ពុជានាំចូលផ្លែមៀន បន្ទាប់ពីការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យបើកទីផ្សារអស់រយៈពេលជាង៣ឆ្នាំ

ភ្នំពេញ៖ បន្ទាប់ពីការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យបើកទីផ្សារអស់រយៈពេលជាង៣ឆ្នាំ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានអនុម័តទទួលស្គាល់ជាផ្លូវការនូវបញ្ជីឈ្មោះចម្ការមៀនចំនួន៧៤ និងរោងចក្រវេចខ្ចប់ចំនួន៨ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន។ បើតាមការប្រកាសព័ត៌មានរបស់ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

ដំណាំមៀនគឺជាដំណាំកសិ-ឧស្សាហកម្មមួយក្នុងចំណោមដំណាំកសិ-ឧស្សាហកម្មផ្សេងទៀតដែលមានសក្តានុពលសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន ជាលក្ខណៈស្រស់ និងក្រៀម។

ក្នុងឆ្នាំ២០២១ ដំណាំមៀននៅទូទាំងប្រទេស មានផ្ទៃដីដាំដុះសរុបចំនួន ១២,៨៣៧ហិកតា ផ្ទៃដីប្រមូលផលមានចំនួន ១០,៥៦៥ហិកតា ដោយទទួលទិន្នផលជាមធ្យមចំនួន ១២,៤៤៧តោនក្នុងមួយហិកតា ដែលមានបរិមាណផលសរុបចំនួនប្រមាណ ១៣១៤៩៨តោន។

ក្នុងគោលបំណង ដើម្បីជំរុញការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានចាប់ផ្តើមទំនាក់ទំនងចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យបើកទីផ្សារជាមួយ GACC តាំងពីដើមឆ្នាំ២០១៩ ហើយរហូតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ទើបទទួលបានការឯកភាព និងចុះហត្ថលេខាលើពិធីសារស្តីពី លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។

នៅក្នុងខ្លឹមសារនៃពិធីសារបានកំណត់ថា មៀនដែលដាំដុះក្នុងគោលបំណងសម្រាប់នាំចេញទៅប្រទេសចិន ត្រូវតែចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម និងទទួលស្គាល់ដោយ GACC ហើយគ្រប់ចម្ការមៀនដែលត្រូវបានចុះបញ្ជី ត្រូវអនុវត្តការដាំដុះតាមគោលការណ៍ការអនុវត្តកសិកម្មល្អ (GAP) និងមែកជាប់នឹងផ្លែមៀនត្រូវមានប្រវែងមិនលើសពី ១៥សង់ទីម៉ែត្រ ព្រមទាំងត្រូវឆ្លងកាត់ការធ្វើប្រព្រឹត្តិកម្មកម្ចាត់សមាសភាពចង្រៃដើម្បីធានាថា ផ្លែមៀនស្រស់ទាំងនោះពុំជាប់ជាមួយនូវសមាសភាពចង្រៃភូតគាម អនាម័យដូចមានចែងក្នុងពិធីសារ។

អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការមៀន និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិនមានចំនួន ៧៤ក្រុមហ៊ុន ឬម្ចាស់ចម្ការ។ ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានកសិកម្ម ក៏បាននិងកំពុងបន្តទទួលពាក្យស្នើសុំចុះបញ្ជីចម្ការមៀនជាបន្តបន្ទាប់ថែមទៀតផងដែរ។

កន្លងមកនេះ អគ្គនាយកដ្ឋានកសិកម្ម បានចាត់មន្រ្តីជំនាញចុះតម្រង់ទិសខាងបច្ចេកទេស ពិនិត្យនិងវាយតម្លៃលើកសិដ្ឋានដែលមានសក្តានុពលខ្ពស់និងស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិន ព្រមទាំងទីតាំងវេចខ្ចប់ដែលបានសាងសង់រួចរាល់ ដោយបានបំពាក់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់កម្ចាត់សមាសភាពចង្រៃ ហើយបានផ្ញើជូន GACC កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ និងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ដើម្បីស្នើសុំធ្វើការត្រួតពិនិត្យលើលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន។

កាលពីថ្ងៃទី១២-១៥ ខែកក្កដា ឆ្នាំ២០២២ មន្ត្រីជំនាញនៃ GACC  ប្រចាំខេត្ត Guangzho បានដំណើរការត្រួតពិនិត្យចម្ការមៀន និងរោងចក្រប្រព្រឹត្តកម្មកម្ចាត់សមាសភាពចង្រៃលើផ្លែមៀនតាមរយៈប្រព័ន្ធវីឌីអូ។

ជាលទ្ធផល បន្ទាប់ពីការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យបើកទីផ្សារអស់រយៈពេលជាង៣ឆ្នាំរួចមក នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នេះ GACC បានអនុម័តទទួលស្គាល់ជាផ្លូវការនូវបញ្ជីឈ្មោះចម្ការមៀនចំនួន៧៤ និងរោងចក្រវេចខ្ចប់ចំនួន៨ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន។

សូមបញ្ជាក់ថា ផ្លែមៀនស្រស់កម្ពុជាគឺជាផ្លែឈើស្រស់ទី៣បន្ទាប់ពីផ្លែចេកស្រស់និងផ្លែស្វាយស្រស់ ដែលអាចនាំចេញទៅប្រទេសចិនដោយផ្ទាល់។ នេះគឺជាសមិទ្ធិផលផ្លែផ្កាថ្មីមួយទៀត ដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)