Register Already an agent ? Login

ការប្រមូលចំណូលថវិការដ្ឋបានជិត ៤ពាន់លានដុល្លារ និងការចំណាយវិញជាង ៣ពាន់លានដុល្លារ ៨ខែឆ្នាំ២០២២

ភ្នំពេញ៖ ការ​ប្រមូល​ចំណូល​ថវិកា​រដ្ឋ​សម្រេច​បាន ១៦,៤៣០ពាន់​លាន​រៀល​ (៣,៩៨៥.៩៣​លាន​​ដុល្លារ​)​ ស្មើ​នឹង ៧០ % ​ខណៈ​ចំណូល​សារពើពន្ធ​នៅ​តែ​បន្ត​រួម​ចំណែក​ខ្ពស់​រហូត​ដល់ ៩៣% ​នៃ​ចំណូល​សរុប។ ដោយ​ឡែក ​ចំពោះ​ការ​អនុវត្ត​ចំណាយ​ថវិកា​ជាតិ​សម្រេច​បាន ១៥,២៧១ពាន់​លាន​រៀល ​(ប្រមាណ ៣,៧០៤.៧៥លាន ​​ដុល្លារ​) ស្មើ​នឹង ៥៧%។ បើ​ ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ។

លោក អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋ​មន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំ «​ការ​ត្រួត​ពិនិត្យ​តាម​ដាន​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​កម្មវិធី​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់​កាល​ទី៣ បូក​២ ប្រចាំ​ឆមាស​ទី១ ឆ្នាំ​២០២២។

បើតាមកិច្ចប្រជុំ បានឱ្យដឹងថា ការ​អនុវត្ត​ការងារ​កែ​ទម្រង់​ហិរញ្ញ​វត្ថុ​សាធារណៈ​កំពុង​​វិវត្ត​ទៅ​រក​ប្រក្រតី​ភាព និង​​ល្អ​ឡើង​វិញ បន្ទាប់​ពី​ស្ថានភាពជំងឺ​​កូវីដ​-១៩ មាន​ការ​​ថម​ថយ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ដែល​ឆ្លុះ​បញ្ចាំង​ពី​ភាព​ធន់​នៃ​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​សាធារណៈ ​ភាព​បត់​បែន​​ការ​អនុវត្ត​គោល​នយោបាយ និង​យុទ្ធសាស្ត្រ និង​ចីរភាព​នៃ​ការ​អនុវត្ត​ការងារ​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ​។

ការ​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​លើ​ការ​អនុវត្ត​ការងារ​កែទម្រង់​ការគ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ ដំណាក់​កាល​ទី​៣ បូក២ ប្រចាំ​ឆមាសទី១ ឆ្នាំ២០២២ បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា​ ភាព​ជឿ​ទុក​ចិត្ត​នៃ​ថវិកា​នៅ​រក្សា​ភាព​ធន់ និង​អាច​ទុក​ចិត្ត​បាន តាម​រយៈ​ការ​បន្ត​ពង្រឹង​ការ​គ្រប់​គ្រង​ការប្រមូល​ចំណូល ការ​ធ្វើ​ទំនើបកម្ម​រដ្ឋបាល​ចំណូល និង​គោលនយោបាយ​ពន្ធ និង​ការ​ពង្រឹង​លើ​ប្រសិទ្ធ​ភាព​ចំណាយ។ បើតាមកិច្ចប្រជុំខាងលើ។

បើតាមភ្នំពេញ​ប៉ុស្តិ៍ បានស្រង់សំដី លោក ហុង វណ្ណៈ អ្នក​​​សេដ្ឋកិច្ច​​រាជ​បណ្ឌិត្យ​សភា​កម្ពុជាថា ការ​ធ្វើ​កំណែ​ទម្រង់ និង​ការ​ដាក់​ចេញ​​​គោល​នយោបាយ​ថ្មីៗ​ជា​បន្ត​បន្ទាប់​របស់​រដ្ឋាភិបាល គឺ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​​​រីក​ចម្រើន និង​​ការ​ទទួល​ស្គាល់​ពី​អន្តរ​ជាតិ​​កាន់​តែ​ច្រើន​​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ការ​ប្រមូល​ចំណូល​ថវិកា​ជាតិ ក៏​មាន​សម្ទុះ​កើន​ឡើងដែរ​។

មាន​កត្តា​ចម្បង​ៗ​​​មួយ​ចំនួន​កំពុង​រួម​ចំណែក​​​ធ្វើ​ឱ្យ​ការ​ប្រមូល​ចំណូល​កើន​​ដែល​​មាន​ដូច​ជា៖ កត្តា​ស្ថិរភាព​នយោបាយ ការ​គ្រប់​គ្រង​ម៉ាក្រូសេដ្ឋកិច្ច​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ​ការ​គ្រប់គ្រង​ចំណូល និង​កាត់បន្ថយ​ការ​លេច​ធ្លាយ​ចំណូល​ ការ​បើក​ដំណើរ​ការ​ឡើង​វិញ​នៃ​អាជីវកម្ម​ដែល​ទទួល​​​ផល​ប៉ះពាល់​ពី​កូវីដ​-១៩ កំណើន​លំហូរ​​វិនិយោគ​​ក្រៅ​ប្រទេស ព្រមទាំង​ការ​កើន​ឡើង​​សកម្ម​ភាព​ពាណិជ្ជកម្ម​អន្តរ​ជាតិ​ ជា​ដើម​។ បើតាមការលើកឡើងបន្តរបស់ លោក ហុង វណ្ណៈ។

នៅ​ពេល​ការ​ប្រមូល​ចំណូល​បាន​ច្រើន នឹង​ផ្តល់​លទ្ធភាព​កាន់​តែ​ច្រើន​ឱ្យ​រដ្ឋាភិបាល​អាច​បញ្ចេញ​ថវិកា​​ទៅ​ប្រើប្រាស់​សម្រាប់​​​ការ​វិនិយោគ​សាធារណៈ ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ប្រជាពល​រដ្ឋ ព្រម​ទាំង​បង្កើន​​ការ​ទាក់​ទាញ​វិនិយោគិន​បរទេស​។ បើតាមការបញ្ជាក់របស់ លោក ហុង វណ្ណៈ បានបន្ថែមថា ក្រៅ​ពី​នេះ ​​ក៏​​​ជួយ​ឱ្យរាជ​រដ្ឋាភិបាល​អាច​យក​ទៅ​សង​បំណុល​បរទេស និង​បង្កើន​ប្រាក់​សន្សំ​សម្រាប់​ត្រៀម​​​ក្នុង​ករណី​មាន​ប្រធានស័ក្តិ​​កើត​​ឡើង​ផង​ដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)