Register Already an agent ? Login

រោងចក្រផលិតចំណីសត្វថ្មី របស់លោកម៉ុង ឫទ្ធី មានតម្លៃ៥៤លានដុល្លារ លើដី២៤ហិកតា នឹងសាងសង់នៅឆ្នាំ២០២៣

ភ្នំពេញ៖ លោក ម៉ុង ឫទ្ធី គ្រោងសាងសង់រោងចក្រ​ផលិត​ចំណី​សត្វ​ថ្មី​១​ទៀត​ ​លើ​ផ្ទៃដី​ទំហំ ២៤​ហិកតា ទុនវិនិយោគ​ ៥៤​លាន​ដុល្លារ ​នឹង​ចាប់ផ្ដើមសាងសង់នៅ​ចុងខែ​កុម្ភៈ ឆ្នាំ​២០២៣ មាន​សមត្ថភាព​ផលិត​ចំណី​សត្វ​បាន​ប្រមាណ ៣៦​ម៉ឺន​តោន​ ក្នុង​១​ឆ្នាំ​។ រោងចក្រ​នេះ ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៤ ក្នុង​ភូមិ​មនោរម្យ ឃុំ​តានៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

ការវិនិយោគ​លើ​រោងចក្រ​ផលិត​ចំណី​សត្វ​នេះ គឺ​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​ដែល​កំពុង​កើនឡើង ហើយក៏​ជួយ​លើក​ទឹកចិត្ត​ដល់​អ្នក​ផលិតនិង​អ្នក​ចិញ្ចឹម ដើម្បី​កាត់បន្ថយ និង​ឈាន​ទៅ​ដល់​ការលុប​បំបាត់​ការនាំ​ចូល​សត្វ​ពី​ក្រៅប្រទេស​ផងដែរ​។ បើតាមការលើកឡើងរបស់ លោក ម៉ុង ឫទ្ធី ប្រធាន​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប។

លោក ម៉ុង ឫទ្ធី បានលើកឡើងបន្តថា រោងចក្រ​ផលិត​ចំណី​សត្វ​នេះ​នឹង​ផ្តោត​លើ​ការផលិត​ចំណី​ជ្រូក តាមរយៈ​ការជំរុញ​ការចិញ្ចឹម​សត្វ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន និង​ការប្រកួត​ប្រជែង​បន្ថែមទៀត​។ ក្នុង​ដំណាក់កាល​នេះ​ក្រុមហ៊ុន​មិនមាន​គម្រោង​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​ទេ ដរាបណា​មិន​ទាន់​បំពេញ​តម្រូវការ​ក្នុង​ស្រុក​បាន​គ្រប់គ្រាន់​​។ លោក បានបញ្ជាក់ថា ការបង្កើន​សមត្ថភាព​ផលិតកម្ម​ចំណី​សត្វ​នេះ ក៏​ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​អាច​ធានា​បាន​សន្តិសុខ​ស្បៀង​ដោយ​ខ្លួនឯង និង​មិន​ពឹង​ផ្អែកលើ​ការនាំ​ចូល​ពី​បរទេស​។

លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ការបង្កើត​ផលិតកម្ម​ចំណី​សត្វ​ក្នុងស្រុក គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការធ្វើឱ្យ​កម្ពុជា​ធានា​បាន​នូវ​ការផ្គត់ផ្គង់​ដោយ​ខ្លួនឯង ខណៈ​ការផលិត​ក្នុង​ស្រុក​ក៏​នឹង​ជួយ​ឱ្យ​ថ្លៃដើម​ សម្រាប់​ការចំណាយ​លើ​ការ​ចិញ្ចឹមសត្វ​នៅ​កម្ពុជា​អាច​ធ្លាក់ចុះ​មួយកម្រិត​ដែរ​។

លោក បាននិយាយបន្តថា បច្ចុប្បន្ន​ កម្ពុជា​មាន​រោងចក្រ​ផលិត​ចំណី​សត្វ​ជាង ​២០កន្លង ប៉ុន្តែ​ពុំទាន់​អាច​ផលិត​ផ្គត់ផ្គង់​គ្រប់គ្រាន់​នៅក្នុង​ទីផ្សារ​ទេ ដោយ​ការនាំ​ចូល​ពី​ក្រៅប្រទេស​អាច​មាន​ប្រហែល ២០%​ ​ភាគច្រើន​មកពី​វៀតណាម​​។ តម្លៃ​ចំណី​ (​ជ្រូក​) ​ឆ្នាំ២០២២ ​បាន​កើន​ចន្លោះ​ពី ​១០-២០% ​ធៀប​នឹង​ឆ្នាំ២០២១។

លោក សុខ រ៉ាដែន ប្រធាន​សមាគម​វារីវប្បករ​កម្ពុជា ​បាន​ស្វាគមន៍​ការពង្រីក​សមត្ថភាព​ក្នុង​ការផលិត​ចំណី​សត្វ​របស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប។ លោក គូសបញ្ជាក់​ថា វា​នឹង​ជួយ​កាត់បន្ថយ​ការពឹងផ្អែក​ទៅលើ​ចំណី​នាំចូល​បាន​មួយចំណែក ហើយ​ក៏​ជួយ​ធ្វើឱ្យ​សកម្មភាព​នៃ​ការចិញ្ចឹម​សត្វ​នៅក្នុង​ស្រុក រួមទាំង​ផ្នែក​វារីវប្បកម្ម​កាន់តែ​មាន​ដំណើរការ​ល្អ​។ ​សង្ឃឹមថា ចំណី​សត្វ​ផលិត​ក្នុង​ស្រុក​នឹង​មាន​គុណភាព​ល្អ ហើយ​មាន​តម្លៃ​ប្រកួតប្រជែង​ជាមួយ​ផលិតផល​នាំចូល។

បើតាម ​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ក្នុង​១​ឆ្នាំ​ប្រទេស​កម្ពុជា​បាន​ចំណាយ​ប្រាក់​ប្រមាណ ១៨០​លាន​ដុល្លារ ​ទៅ​លើ​ការនាំចូល​ចំណី​សត្វ​ពី​ក្រៅ​ប្រទេស​មក​បំពេញ​តម្រូវការ​ចំណី​សត្វ​នៅក្នុង​ស្រុក​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)