Register Already an agent ? Login

កម្ពុជា នាំចូលដែកនិងដែកថែប មានតម្លៃជាង ២១៥លាន កើន ២០% ៧ខែឆ្នាំ២០២២ ធៀបនឹងឆ្នាំ២០២១

ភ្នំពេញ៖ របាយការណ៍​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានឱ្យដឹងថា កម្ពុជា ​បាន​នាំ​ចូល​ដែកនិង​ដែក​ថែប ចាប់ពី​ខែ​មករា​-​ខែ​កក្កដា ឆ្នាំ​២០២២ ពី​ក្រៅ​ប្រទេស​នៅក្នុង​ទឹកប្រាក់​សរុប ២១៥,២៦លាន​ដុល្លារ កើន ២០,១% ​ធៀប​នឹង​​ឆ្នាំ​ ២០២១ ដែល​មាន ១៧៩,១៨លាន​ដុល្លារ​។ ទឹកប្រាក់​ការនាំ​ចូល​នេះ គឺ​ស្មើនឹង ១,១% ​នៃ​ចំនួន​ទឹក​ប្រាក់​នាំចូល​ទំនិញ​សរុប​របស់​កម្ពុជាចំនួន ១៩,០៥១.៣៣លាន​ដុល្លារ​។

នៅក្នុងរបាយការណ៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តថា ដោយឡែក​ក្នុង​ខែ​កក្កដា ឆ្នាំ​២០២២ ទឹកប្រាក់​នាំចូល​ដែកនិង​ដែក​ថែបមានចំនួន ២៩,៤៩​លាន​ដុល្លារ ​កើន​ ២០,៦​% ​ធៀបនឹង​ខែកក្កដា ឆ្នាំ​២០២១ ដែល​មានចំនួន ២៤,៤៦លាន​ដុល្លារ​។ ​ប៉ុន្តែ ​អគ្គនាយកដ្ឋាន​គយ មិនបាន​បង្ហាញ​ពី​បរិមាណ​នៃ​ការនាំ​ចូល​ដែក និង​ដែក​ថែប ឡើយរយៈពេល ៧ខែឆ្នាំ២០២២នេះ​។

បើតាម ភ្នំពេញ​ប៉ុស្តិ៍ដែល​បានស្រង់សំដី លោក សំ សុខ​នឿន ប្រធាន​សមាគម​អចលនទ្រព្យ​សកលថា បន្ទាប់ពី​បាន​ស្ងប់ស្ងាត់​ប្រមាណ ២​ឆ្នាំ​វិស័យ​សំណង់​នៅ​កម្ពុជា​ចាប់ផ្តើម​មាន​ដំណើរ​ការ​ល្អ​ឡើង​វិញ​បណ្តើរៗ​ហើយ ​ក្រៅពី​សកម្មភាព​តាម​ការដ្ឋាន​សំណង់ បច្ចុប្បន្ន ​ចំនួន​នៃការបណ្ដាក់ទុន​វិនិយោគ​លើ​ការសាងសង់​ថ្មីៗ​ក៏​ចាប់ផ្តើម​កម្រើក​ឡើង​វិញ​ខ្លះៗ​ដែរ​។

លោក បានលើកឡើងបន្តថា កំណើន​ការនាំ​ចូល​ដែក និង​ដែក​ថែប ក៏​ដូចជា​គ្រឿង​សំណង់​ផ្សេងៗ​នៅ​ពេលនេះ​គឺ​បណ្តាល​មក​ពី​ការ​គ្រប់​គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព​នៃ​ជំងឺ​កូវីដ-១៩ នៅ​កម្ពុជានិង​ការចាប់ផ្តើម​បង្កើនល្បឿន​សាងសង់​គម្រោង​មួយ​​ចំនួន​ដែល​ផ្អាក ឬ​កាត់​បន្ថយល្បឿន​សាងសង់​នាពេល​កន្លងមក​។

លោក ហ៊ុយ វណ្ណា អគ្គលេខាធិការ​នៃ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ដែលភ្នំពេញ​ប៉ុស្តិ៍បានស្រង់សំដីដែរបាន​និយាយ​ថា សកម្មភាព​សាងសង់​ពេល​នេះ​មិន​ទាន់​ល្អ​ទេ ដោយសារ​មូលហេតុ​ចម្បងៗ​មួយ​ចំនួន​ដូចជា ការបន្ត​អូសបន្លាយ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩ លោក បានបញ្ជាក់ថា គឺ​វិស័យ​សំណង់​នៅ​កម្ពុជា​នឹង​បន្ត​នៅ​ទ្រឹង​យូរ​ទៀត ខណៈ​អ្វី​ដែលមាន​នៅ​ពេលនេះ គឺ​គ្រាន់តែ​ជាការ​បន្ត​សកម្មភាព​ចាស់ៗ​ដែល​មាន​ពីមុន​មក​តែ​ប៉ុណ្ណោះ​។

គួររម្លឹកថា កាលពី​ខែធ្នូ​ ឆ្នាំ២០២០ មាន​រោងចក្រ​ផលិត​ដែកថែប​របស់​ក្រុមហ៊ុន ហុង​ឌី​សេង (​ខេ​ម​បូ​ឌា​) ស្ទីល ឯ​.​ក ​ដោយ​វិនិយោគិន​ចិន​ក្នុង​ទឹកប្រាក់ ១៦,៧លាន​ដុល្លារ ​បើក​ដំណើរការ​ក្នុង​ខេត្តកំពង់ស្ពឺ ដែល​អាច​មាន​សមត្ថភាព​ផលិត​បាន ៥០​ម៉ឺន​តោន ​ក្នុង​ដំណាក់កាល​ដំបូង​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)