Register Already an agent ? Login

ក្រុមហ៊ុនជប៉ុន ២៥០ក្រុមហ៊ុន កំពុងវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា ខណៈ កម្ពុជាបានបើកជើងមេឃសេដ្ឋកិច្ចឡើងវិញ

ភ្នំពេញ៖ បច្ចុប្បន្ន សមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន មាន​សមាជិក​ជា​ក្រុមហ៊ុន​ជប៉ុន​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា ​នៅ​កម្ពុជាមាន​ជាង ២៥០ក្រុមហ៊ុន ​ក្នុងនោះ ២៥% ស្ថិតក្នុង​វិស័យ​ផលិតកម្ម និង​កម្មន្តសាល ២៥% ស្ថិតក្នុង​វិស័យ​ពាណិជ្ជកម្មនិង​សេវាកម្ម និង ៥០% ​ទៀតស្ថិតក្នុង​វិស័យ​ធនាគារនិង​ធានារ៉ាប់រង និង​វិស័យផ្សេងៗទៀត។ បើតាមការថ្លែងឱ្យដឹងពី លោក KANDA YOGO ប្រធានសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន បានបន្តថា ឆមាសទី១ ឆ្នាំ២០២២ មានក្រុមហ៊ុនជប៉ុនថ្មីចំនួន៨ បានមកបោះទុនវិនិយោគនៅកម្ពុជា។

នៅជំនួបពិភាក្សាការងារជាមួយអ្នកជំនួញជោគជ័យជប៉ុននៅកម្ពុជា ដែលធ្វើឡើងនៅធនាគារអេស៊ីលីដា កាលពីថ្ងៃទី២៦សីហា ឆ្នាំ២០២២ លោក KANDA YOGO បានថ្លែងបន្តថា ចំនួន​ក្រុមហ៊ុន​ជប៉ុន​វិនិយោគ​នៅ​កម្ពុជាអាច​នឹងមាន​ច្រើនជាង​នេះ ដោយសារ​ក្រុមហ៊ុន​ទាំងនោះ​មិនបាន​ចុះបញ្ជី​ជា​សមាជិក​របស់​សភាពាណិជ្ជកម្ម​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា។

លោក KANDA YOGO បានថ្លែងបន្តទៀតថា បច្ចុប្បន្ន ក្រុមអ្នកធុរកិច្ចជប៉ុនកំពុងសិក្សា​និងស្វែងរកឱកាសវិនិយោគបន្ថែមទៀតនៅកម្ពុជា​ ពិសេសនៅក្នុងវិស័យកសិកម្ម។ លោក បានបញ្ជាក់ថា​«ផែនការវិនិយោគបន្ថែមរបស់ធុរជនជប៉ុនទាំងនោះ គឺធ្វើឡើងបន្ទាប់ពីកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP, មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន និងជាមួយកូរ៉េខាងត្បូង នាឆាប់ៗនេះ»។

ការសម្លឹងឃើញការវិនិយោគបន្ថែមនៅកម្ពុជា ដោយក្រុមធុរជនទាំងនោះ គឺដោយសារកិច្ចព្រមពៀងពាណិជ្ជកម្មសេរីក្នុងតំបន់ «RCEP» រវាងប្រទេសទាំង ១០នៅអាស៊ាន ជាមួយនឹងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ បានចូលជាធរមាន នាថ្ងៃទី១មករា ឆ្នាំ២០២២។ ក្រោយពី RCEP ចូលជាធរមានហើយនោះ កម្ពុជាក៏ដូចប្រទេសទាំង ១៤ទៀត គឺមានសិទ្ធិស្មើគ្នាក្នុងការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារប្រទេសណាដែលមានសក្កានុពល។ បើតាមការថ្លែងបន្ថែមរបស់ លោក KANDA YOGO។

លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី ក៏បានចែករំលែកនូវច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលជួយសម្រួល និងលើកទឹកចិត្តផ្នែកពន្ធដារដល់អ្នកវិនិយោគបរទេស ផងដែរ។ លើសពីនេះ លោក បានបញ្ជាក់ថា «កម្ពុជាមានកម្លាំងពលកម្មវ័យក្មេងច្រើនជាង ៦៧% ជាមួយប្រាក់ឈ្នួលនៅទាបដែលនេះជាផ្នែកដ៏ល្អសម្រាប់វិនិយោគិនមកបណ្ដាក់ទុននៅកម្ពុជា។ ភាព​អំណោយផល​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ការសាងសង់​អាកាសយានដ្ឋាន​ថ្មី ដើម្បី​បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន និង​សក្តានុពល​ក្នុង​វិស័យសំខាន់ៗដើម្បី​ធ្វើ​យ៉ាងណា​ផ្ដល់​ការទាក់ទាញ​ដល់​វិនិយោគិន​ជប៉ុនឱ្យមក​វិនិយោគ​នៅ​កម្ពុជា»។

ធុរកិច្ច​ជន​ជប៉ុន​ជាង ៥០ក្រុមហ៊ុន បានមក​ស្វែងយល់​ឱកាស​វិនិយោគ​លើ​វិស័យ​មួយចំនួន​នៅ​កម្ពុជាតាមរយៈ​ធនាគារ​អេស៊ីលីដា ដើម្បី​បង្កើន​ចំនួន​វិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា ខណៈដែល​អេស៊ីលីដាមាន​អតិថិជនដែល​ក្រុមហ៊ុន​ជប៉ុនប្រមាណ​ជាង ៦០០ក្រុមហ៊ុន ដែល​ភាគច្រើន​ជា​ក្រុមហ៊ុន​សាជីវកម្មធំៗដូចជា​ក្រុមហ៊ុន Minebea ក្រុមហ៊ុន​ផ្សារ​ទំនើប​អ៊ី​អន​ម៉​លជាដើម។ បើតាមការលើកឡើងបន្តរបស់ លោក លោក អ៊ិន ចាន់នី។

ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានបន្ថែមថា អតិផរណានៅកម្ពុជា បច្ចុប្បន្នដែលកើតឡើង គឺមិនជាបញ្ហាចោទ ឬធ្វើឱ្យប៉ះពាល់វិនិយោគិនទេ។ លោក បានពន្យល់ដូច្នេះថា អតិផរណាឆ្នាំ២០២២ មានត្រឹមតែ ៥% ឬខែខ្លះជាង ៩% តែទំហំនេះ គឺមិនខ្ពស់ដូចឆ្នាំ២០០៨ ដែលអតិផរណាមានរហូតដល់ ១៨,៧៥% នោះទេ។ លោក បានបន្ថែមថា កម្លាំងលូតលាស់សេដ្ឋកិច្ចកម្ពុជាគឺនៅតែខ្លាំង ជាពិសេសឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៧ គឺមានការលូតលាស់សេដ្ឋកិច្ចខ្លាំង។

បើរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាន​បង្ហាញថា នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះលំហូរ​ចូល​នៃ​ការវិនិយោគ​ផ្ទាល់​ពី​ក្រៅប្រទេសមក​កម្ពុជា​មានការ​កើនឡើង​យ៉ាងខ្លាំង ​ដោយសារតែស្ថិរភាព​នយោបាយទីផ្សារ​វិនិយោគ​បើកចំហគោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​ល្អកំណើនសេដ្ឋកិច្ច​ក្នុង​តំបន់។ នៅក្នុង​នោះវិស័យសំខាន់ៗដែល​ទាក់ទាញ​អ្នកវិនិយោគ​ច្រើនជាងគេ​គឺ​វិស័យ​សំណង់អចលនទ្រព្យ វិស័យ​កាត់ដេរវិស័យ​មិនមែន​កាត់ដេរ និង​វិស័យ​កសិកម្ម។

រយៈពេលជិត ៣០ឆ្នាំ ប្រទេស​កម្ពុជា ​បាន​ចុះបញ្ជី​ការវិនិយោគ​សរុបមានតម្លៃ​ប្រមាណ ៤១,០២ពាន់​លាន​ដុល្លារ។ ដោយ​វិស័យ​ហិរញ្ញវត្ថុរួមចំណែក ២២,៩%, ផលិតកម្ម ២០,៨%, សំណង់និង​អចលនទ្រព្យ ១៦,១%, សណ្ឋាគារនិង​ភោជនីយដ្ឋាន ១០,៧%, កសិកម្ម ១០,៣%, អគ្គិសនី ៦,១% និង​វិស័យ​ផ្សេងទៀត ១៣%៕

ដោយ៖ មឿន ឌីណា (Moeun Dyna)