Register Already an agent ? Login

កំពង់ផែស្វ័យតក្រុងព្រះសីហនុ ជាកំពង់ផែពាណិជ្ជកម្មបម្រើសេវាដឹកជញ្ជូននាំចូលនាំចេញទៅក្រៅប្រទេសជាង ៦០%

ព្រះសីហនុ៖ កំពង់ផែស្វ័យតក្រុងព្រះសីហនុ គឺជាកំពង់ផែពាណិជ្ជកម្មបម្រើសេវាដឹកជញ្ជូននាំចូលនាំចេញទៅក្រៅប្រទេសប្រមាណជា ៦០%។ បើតាមការថ្លែងឱ្យដឹងពី លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការរីកចម្រើនជាបន្តបន្ទាប់នៅកំពង់ផែ ស្វ័យតក្រុងព្រះសីហនុនេះ កើតមានដោយសារការផ្តល់ជំនួយពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)។

ការថ្លែងខាងលើរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ(Port EDI) កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ដោយមានការចូលរួមពី លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា តំណាងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធផងដែរ។

លោក ស៊ុន ចាន់ថុល បានបន្តទៀតថា រដ្ឋាភិបាលជប៉ុននឹងបន្តផ្តល់ជំនួយទាំងផ្នែក ហិរញ្ញវត្ថុ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីពង្រីកវិសាលភាពកំពង់ផែស្វ័យតក្រុងព្រះសីហនុឱ្យក្លាយទៅជាកំពង់ផែតំបន់ និងកំពង់ផែមេគង្គដែលមានសមត្ថភាពដឹកជញ្ជូនទំនិញទៅដល់សហគមន៍ អឺរ៉ុប និងអាមេរិក ដោយមិនចាំបាច់ឆ្លងកាត់តាមកំពង់ផែអន្តរជាតិក្នុងតំបន់ មានដូចជា៖ កំពង់ផែសិង្ហបុរី ឬកំពង់ផែវ៉ុងតាវជាដើម។

លោក ​ទេសរដ្ឋមន្រ្តី បានលើកឡើងថា ជាមួយគ្នានោះរាជរដ្ឋាភិបាលកម្ពុជា បានពង្រីកព្រលានយន្តហោះនៅភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ និងតារាសាគរ ដើម្បីប្រែក្លាយទៅជាព្រលានយន្តហោះខ្នាតអន្តរជាតិដែលអាចឱ្យយន្តហោះធំៗដឹកអ្នកទេសចរណ៍ អ្នកវិនិយោគ និងដឹកទំនិញចុះចតបាននៅកម្ពុជា។

រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង បញ្ចប់ផែនការភស្តុភារកម្មដែលតម្រូវឱ្យកម្ពុជាដាក់ទុនប្រមាណ ៥០ពាន់លានដុល្លារ លើគម្រោងជាង៣០០ ដើម្បីធ្វើឱ្យប្រព័ន្ធភស្តុភារកម្មមានតម្លៃកាន់តែថោកជាងមុន និងអាចមានឱកាសទាក់ទាញវិនិយោគិនដាក់ទុកវិនិយោគ បង្កើតការងារធ្វើជូនប្រជាពលរដ្ឋ តាមរយៈទីភ្នាក់ងារJICA។ បើតាមការលើកឡើងបន្តរបស់ លោក ​ស៊ុន ចាន់ថុល។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់របស់ជប៉ុនក្នុងការផ្ដល់ហិរញ្ញប្បទានសម្បទានជំនួយឥតសំណងជួយដល់កម្ពុជាក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ។ លោក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលជប៉ុន ក៏ដូចជាប្រជាពលរដ្ឋជប៉ុន ដែលតែងតែជួយជ្រោមជ្រែងដល់ការកសាងប្រទេសជាតិ មាតុភូមិកម្ពុជា ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យមានការរីកចម្រើនឡើង ក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ។

គូសបញ្ជាក់ថា ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ជាទំនើបកម្មបច្ចេកវិទ្យា ទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ពីការធ្វើដោយដៃ មកធ្វើការក្នុងទម្រង់អេឡិចត្រូនិកតាមរយៈប្រព័ន្ធអនឡាញវិញ។ ប្រព័ន្ធនេះ ធ្វើឱ្យផ្លាស់ប្តូរឯកសារសម្របសម្រួលនាវាចរណ៍មានភាពឆាប់រហ័ស ចំណេញពេលវេលាតម្លាភាពសុវត្ថិភាព ប្រសិទ្ធភាព និងសន្សំសំចៃខ្ពស់។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងជំរុញគម្រោងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិក នៅតាមកំពង់ផែគោលដៅ ដោយបានរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដើម្បីធ្វើឱ្យការអនុវត្តន៍គម្រោងប្រព័ន្ធនេះកាន់តែមានភាពល្អប្រសើរងាយ និងស្របតាមច្បាប់ជាធរមាន។

ប្រព័ន្ធPort EDI  ត្រូវបានប្រើប្រាស់សម្រាប់ការរៀបចំបែបបទនាវា ចូល-ចេញ នៅកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយផ្លាស់ប្តូរនីតិវិធីបច្ចុប្បន្នទៅប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ជំនួសវិញ តាមរយៈគេហទំព័រផ្លូវការ ដែលមានអាសយដ្ឋាន https://portedi.mpwt.gov.kh ។

ការអនុវត្តគម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) នេះ បានទទួលជំនួយឥតសំណងពីប្រទេសជប៉ុន ចំនួន ១២.២០០.០០០ ដុល្លារ តាមរយៈទីភ្នាក់ងារ JICA៕

ដោយ៖ មឿន ឌីណា (Moeun Dyna)