Register Already an agent ? Login

លោក ជា សុផារ៉ា ប្រកាសមិនឱ្យឆ្វៀលដីផ្នែកខ្លះ ក្នុងតំបន់ការពារបេតិកភណ្ឌអង្គរ ៤០១គីឡូម៉ែត្រក្រឡា ផ្ដល់ជាកម្មសិទ្ធិឡើយ

សៀមរាប៖ ចាប់ពីថ្ងៃនេះតទៅ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នឹងមិនពិនិត្យ ឬក៏ឆ្វៀលដីផ្នែកខ្លះដែល នៅក្នុងតំបន់ការពារបេតិកភណ្ឌអង្គរ ស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាទំហំ ៤០១គីឡូម៉ែត្រក្រឡា ដើម្បីផ្ដល់ឱ្យប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធិឡើយ។ បើតាមការគូសបញ្ជាក់របស់ លោក ជា សុផារ៉ា។

ការបញ្ជាក់ខាងលើរបស់ ជា សុផារ៉ា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅក្នុងពិធីប្រកាសបើកយុទ្ធនាការចុះវាស់វែងកំណត់និយាមក្បាលដី និងអត្តសញ្ញាណ អ្នកកាន់កាប់ក្បាលដី និងសំណង់ខុសច្បាប់ទាំងឡាយនៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

ព្រះរាជក្រឹត្យលេខ០០១នស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ បានចាត់ទុករមណីយដ្ឋានអង្គរជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ហើយចំណូលដែលបានពីវិស័យទេសចរណ៍អង្គរទទួលបានរាប់រយលានដុល្លារក្នុង១ឆ្នាំៗ។ បើតាមការថ្លែងបន្តរសប់ ជា សុផារ៉ា។

លោក រដ្ឋមន្រ្តី បានថ្លែងបន្តទៀតថា ចាប់ពីពេលនេះតទៅ គឺអាជ្ញាធរទាំងអស់ត្រូវបញ្ចប់ការទទួលស្គាល់ ឬធ្វើជាសាក្សី នូវរាល់ចរន្តនៃលក់ដូរដីនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ លោក បានបន្ថែមថា ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាជាយូរមកហើយនោះ គឺពួកគាត់មានសិទ្ធិរស់នៅបន្តដោយគ្មានការបណ្ដេញឱ្យចាកចេញឡើយ។ លោក បញ្ជាក់ទៀតថា ប៉ុន្តែការធ្វើផ្ទះថ្មីជំនួសផ្ទះចាស់ ឬក៏ការជួសជុលផ្ទះ ត្រូវតែសុំការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា។

លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានថ្លែងថា ដើម្បីគ្រប់គ្រងតំបន់ការពារអង្គរដែលមានទំហំរហូតដល់៤០១គីឡូម៉ែត្រការ៉េ (ទទឹង១៣គីឡូម៉ែត្រ និងបណ្តោយ ២៧គីឡូម៉ែត្រ តំបន់បន្ទាយស្រី និងតំបន់រលួស) លាតសន្ធឹងកាត់ស្រុក/ក្រុងចំនួន៥ ដែលមានភូមិ សរុបចំនួន១១២។

លោក បានថ្លែងបន្តថា ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នពាក់ព័ន្ធ និងអង្គការ JICA បានថតរូបភាពពីលើអាកាស និងស្រង់ទិន្នន័យប្រជាជន ព្រមទាំងបានសម្រេចការងារនេះនៅឆ្នាំ២០០៤-២០០៥ ដែលអាជ្ញាធរជាតិអប្សរាបានប្រើប្រាស់ជាគោល ក្នុងការគ្រប់គ្រងតំបន់ការពារ ការចេញលិខិតអនុញ្ញាត និងបដិសេធ ព្រមទាំងជាគោលក្នុងការវិនិច្ឆយថាសំណង់ណាស្របច្បាប់ និងសំណង់ណាមិនស្របច្បាប់។

ទោះបីជាមានទិន្នន័យជាគោល ព្រមទាំងយន្តការអមផ្សេងៗសម្រាប់អនុវត្តន៍ក៏ដោយ បច្ចុប្បន្ននេះ ក៏មានសំណង់ខុសច្បាប់ នៅតែមានការកើនឡើងហួសពីការស្មាន បើធៀបនឹង ឆ្នាំ២០០៤។ កត្តាចម្បងៗនៃការកើនឡើងនេះ គឺភាគច្រើនដោយសារកំណើនប្រជាជន ការរីកចម្រើនខ្លាំងនៃសកម្មភាពសេដ្ឋកិច្ច ទេសចរណ៍របស់ក្រុងសៀមរាប ចំណាកស្រុក និងការរីករាលដាលនៃក្រុងសៀមរាបចូលក្នុងតំបន់ការពារ រួមទាំងកង្វះខាតនៃការគ្រប់គ្រង ផងដែរ។ បើតាមការបញ្ជាក់របស់ លោក ហង់ ពៅ។

ចាប់ពី ឆ្នាំ២០១៧មក ដោយសារកំណើននៃសំណង់ខុសច្បាប់ យើងធ្លាប់ទទួលបានលិខិតព្រមាន និងស្នើសុំការបកស្រាយ២ដងរួចមកហើយ ពីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក។ បើតាមការរម្លឹករបស់ លោក ហង់ ពៅ បានបន្ថែមទៀតថា ជានីតិវិធី មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក នឹងបញ្ជូនអ្នកជំនាញការ ICOMOS មកពិនិត្យ វាយតម្លៃឡើងវិញ ហើយបញ្ជូនយោបល់ជូនគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពិនិត្យសម្រេចថាតើត្រូវដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌប្រឈមហានិភ័យ ឬត្រូវដកចេញ។

របាយការណ៍របស់អាជ្ញាធរជាតិអប្សរាឱ្យដឹងថា ចាប់តាំងពីអំឡុងឆ្នាំ២០១៩ រហូតមកដល់ខែសីហា ឆ្នាំ២០២២ មានសំណង់ខុសច្បាប់ចំនួនជាង ៨,៤៤០ករណី បានសាងសង់ដោយបំពាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ បន្ទាប់ពីអាជ្ញាធរខេត្តសៀមរាប បានចេញលិខិតជូនដំណឹងមួយស្នើឱ្យអាជ្ញាធរជាតិអប្សរាផ្អាកការចុះរុះរើ សំណង់ខុសច្បាប់នៅក្នុងតំបន់អង្គរនោះ គឺមានសំណង់ថ្មីៗចំនួនជាង ៣៩០ករណី បានកើនឡើងថែមទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)