Register Already an agent ? Login

កម្ពុជា ចាំអ៊ុតមើលនៅឆ្នាំ២០២៤ តើអាចចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច ដោយជោគជ័យឬទេ

ភ្នំពេញ៖ លោក Junior Davis នាយកផ្នែកស្រាវជ្រាវ និងវិភាគនៃអង្គការ UNCTAD បានធ្វើបទបង្ហាញស្ដីពី ដំណាក់កាលនៃការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) របស់កម្ពុជា។ លោក Junior ក៏បានបង្ហាញទិន្នន័យមួយចំនួនរបស់កម្ពុជា ដែលបានជាប់ចំណាត់ថ្នាក់ចាកចេញពី LDC ជាលើកទី១ ក្នុងឆ្នាំ២០២១ ដែលទិន្នន័យទាំងនោះមានដូចជា សន្ទស្សន៍ចំណូលជាតិសរុប ធនធានមនុស្ស និងភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចនិងបរិស្ថាន។

នៅក្នុងកិច្ចប្រជុំស្ដីពីការរៀបចំការសិក្សាពីភាពងាយរងគ្រោះរបស់កម្ពុជា (Vulnerability Profile-VP) នៅពេលចាកចេញពី LDC ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០-១២ ខែសីហា ឆ្នាំ២០២២ លោក Junior Davis បានបន្ដថា កម្ពុជានឹងត្រូវបានត្រួតពិនិត្យម្ដងទៀតនៅឆ្នាំ២០២៤ ដើម្បីសម្រេចថាតើកម្ពុជាអាចចាកចេញពី LDC ដោយជោគជ័យ ឬទេ។ លោក គូសបញ្ជាក់ថា «នៅពេលកម្ពុជាចាកចេញពី LDC កម្ពុជានឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ក្របខណ្ឌជំនួយបច្ចេកទេស និងកម្ចីសម្បទានជាដើម»។

លោក Junior Davis លើកឡើងថា ដើម្បីឱ្យកម្ពុជាអាចចាកចេញពី LDC បានដោយរលូន ក្រុមការងារ UNCTAD នឹងរៀបចំការសិក្សាភាពងាយរងគ្រោះ ដែលមាន ៤ផ្នែកដូចជា៖ ១-ការវិភាគស្ថានការណ៍ទូទៅនៃសមត្ថភាពផលិតធៀបនឹងតំបន់, ២-កំណត់ភាពងាយរងគ្រោះផ្អែកលើភាពចម្រើនរុងរឿង សន្តិភាព មនុស្ស បរិស្ថាន និងភាពជាដៃគូ, ៣-ផលប៉ះពាល់នៃភាពងាយរងគ្រោះ, ៤-គោលនយោបាយសម្រាប់ភាពធន់សេដ្ឋកិច្ចនិងបរិស្ថាន។

ការសិក្សាស្ដីពីភាពងាយរងគ្រោះនេះ មានគោលដៅប្រមូលព័ត៌មាននិងទិន្នន័យពីក្រសួង-ស្ថាប័នកម្ពុជា ដើម្បីជួយសិក្សាស្រាវជ្រាវនិងផ្តល់ជាអនុសាសន៍ជូនរាជរដ្ឋាភិបាលកម្ពុជាត្រៀមរៀបចំយុទ្ធសាស្ត្រជាតិដើម្បីអាចចាកចេញពី LDC បានដោយរលូន។ បើតាមការលើកឡើងបន្តរបស់ Junior Davis បានបន្ថែមថា ក្នុងបេសកកម្មរយៈពេលបីថ្ងៃនេះ ក្រុមការងារ UNCTAD នឹងជួបផ្ទាល់ពិភាក្សាដោយឡែកជាមួយអន្តរក្រសួង-ស្ថាប័ន ដើម្បីពិភាក្សាបន្ថែមលើការរៀបចំការសិក្សា VP នេះ និងការព្រួយបារម្ភក្នុងវិស័យរបស់ស្ថាប័ននីមួយៗ នៅពេលកម្ពុជាចាកចេញពី LDC។

លោក ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីការខិតខំប្រឹងប្រែង និងសមិទ្ធផលយ៉ាងច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ដារនិងកសាងប្រទេសកម្ពុជា ជាងបីទសវត្សរ៍ បន្ទាប់ពីសង្គ្រាមស៊ីវិលដើម្បីទទួលបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។

ជាលទ្ធផល តាមរយៈការត្រួតពិនិត្យ (triennial review) ដោយគណៈកម្មការអង្គការសហប្រជាជាតិស្ដីពីគោលនយោបាយអភិវឌ្ឍន៍ ក្នុងឆ្នាំ២០២១ កម្ពុជាត្រូវបានរកឃើញ ថាបានជាប់ចំណាត់ថ្នាក់ចាកចេញពី LDC ជាលើកទី១។ បើតាមការលើកឡើងបន្តរបស់ លោក ប៊ុន ចន្ធី បានញ្ជាក់ថា ដើម្បីអាចចាកចេញពី LDC បានកម្ពុជាត្រូវជាប់ចំណាត់ថ្នាក់ជាលើកទី២ តាមរយៈការត្រួតពិនិត្យរាល់បីឆ្នាំម្ដង (triennial review) ដោយគណៈកម្មការអង្គការសហប្រជាជាតិស្ដីពីគោលនយោបាយអភិវឌ្ឍន៍ ក្នុងឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំនោះ លោក អនុរដ្ឋលេខាធិការរូបនេះ បានទាញចំណាប់អារម្មណ៍អង្គប្រជុំមកលើការបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងវិធានការពាក់ព័ន្ធនឹងជំនួយអន្ដរជាតិ នៅពេលកម្ពុជាចាកចេញពី LDC។ លោក បានគូសបញ្ជាក់ កម្ពុជាត្រូវរៀបចំយុទ្ធសាស្រ្តថ្នាក់ជាតិ ក្នុងការចាកចេញពី LDC ដោយរលូន និងមិនមានផលប៉ះពាល់ធ្ងន់ធ្ងរ។

បើតាមក្រសួងពាណិជ្ជកម្ម ដោយមានការស្នើសុំពីក្រុមការងារ UNCTAD ស្របតាមអាណត្តិរបស់គណៈកម្មការអង្គការសហប្រជាជាតិស្ដីពីគោលនយោបាយអភិវឌ្ឍន៍ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងផ្តល់ព័ត៌មាន ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អំពីតួនាទី និងគុណតម្លៃនៃ VP ជាពិសេស រំលេចអំពីផលប៉ះពាល់សំខាន់ៗនៃការចាកចេញពី LDC ដើម្បីត្រៀមរៀបចំយុទ្ធសាស្រ្តជាតិ សម្រាប់រយៈពេលអន្តរកាលនៃការចាកចេញឱ្យបានរលូន (National Smooth Transition Strategy)។

គូសបញ្ជាក់ថា កាលពីឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជា បានស្ទុះឡើងវិញក្នុងអត្រា​ ៣% បន្ទាប់ពីរងផលប៉ះពាល់យ៉ាងដំណំពីវិបត្តិជំងឺកូវីដ-១៩។ ចំណែកឆ្នាំ២០២២ ធនាគារអភិវឌ្ឍន៍អាស៊ីក៏បានដាក់ក្តីរំពឹងទៀតថា នឹងអាចមានកំណើនល្អថែមទៀត ពោលគឺកើនឡើង ៥,៣% នៅឆ្នាំ២០២២ និង ៦,៥% នៅឆ្នាំ២០២៣ ដោយសារកំណើននៃការនាំចេញទំនិញ និងលំហូរវិនិយោគផ្ទាល់ពីបរទេស៕ 

ដោយ៖ មឿន ឌីណា (Moeun Dyna)