
ភ្នំពេញ៖ ឈរលើមូលដ្ឋាននៃការកម្រើកឡើងវិញនៃចរន្តទេសចរណ៍សកលលោក ក៏ដូចជាទេសចរណ៍តំបន់ ជាមួយនឹងកិច្ចអន្តរាគមន៍ប្រកបដោយស្មារតីបុរេសកម្មរបស់រាជរដ្ឋាភិបាល កម្ពុជារំពឹងថាអាចនឹងទទួលផ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់ប្រមាណ ១លាននាក់ ក្នុងឆ្នាំ២០២២។ បើតាការថ្លែងរបស់ លោក ថោង ខុន មន្រ្តីក្រសួងទេសចរណ៍ បន្តថា ក្នុងឆ្នាំ២០២៣ នឹងទទួលបានប្រមាណ ២លាននាក់ ជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមលើកទី៣២ ខែឧសភាខាងមុខ។
ការថ្លែងខាងលើ របស់ លោក ថោង ខុន នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។
លោក ថោង ខុន បានថ្លែងបន្តឱ្យថា សម្រាប់ ៦ខែឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទសចរអន្តរជាតិប្រមាណ ៥០ម៉ឺននាក់ កើនឡើង ៣៩៤% ធៀបគ្រាដូចគ្នាឆ្នាំ២០២១ នៅតែថយចុះ-៨៤,៨% និងឆ្នាំ២០១៩ (មុនវិបត្តិកូវីដ-19) ដែលភាគច្រើនមកពីប្រភពទីផ្សាររួមមាន៖ វៀតណាម, ថៃ, ចិន, អាមេរិក, ឥណ្ឌូនេស៊ី, បារាំង, កូរ៉េ, ម៉ាឡេស៊ីអង់គ្លេស, អូស្រ្តាលី, សិង្ហបុរី និងឥណ្ឌា។
រីឯ ភ្ញៀវទេសចរផ្ទៃក្នុងដំណើរក្នុងប្រទេសរួមមាន ទេសចរជាតិសរុបប្រមាណ ៦,៣៣លាននាក់ កើនឡើងក្នុងអត្រាប្រមាណ ២១៩% និងបរទេស ៦៨ម៉ឺននាក់ កើនឡើងក្នុងអត្រា ៣៨០% ធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២១។ បើតាមការបន្ថែមរបស់ លោក ថោង ខុន។
លោក រដ្ឋមន្រ្តី បានគូសបញ្ជាក់ដោយរម្លឹកថា វិស័យទេសចរណ៍កម្ពុជា មានអត្រាកំណើនទេសចរអន្តរជាតិជាមធ្យម ១២% ក្នុងមួយឆ្នាំៗ ក្នុងនោះឆ្នាំ២០១៩ ជាឆ្នាំកំពូលនៃវិស័យទេសចរណ៍ ដោយបានទទួលទេសចរណ៍អន្តរជាតិជាង៦,៦លាននាក់ កើនឡើង ៦%បន្ថែមទៀត។ លោក ថោង ខុន បានបន្តថា ជាអកុសល ចាប់ពីឆ្នាំ២០២០ និងឆ្នាំ២០២១ វិស័យទេសចរណ៍ បានធ្លាក់យ៉ាងខ្លាំងដោយសារឥទ្ធិពលវិបត្តិជំងឺសកល បាត់បង់ការធ្វើដំណើរជាអន្តរជាតិ និងបានបណ្ដាលឱ្យក្រុមហ៊ុនជាច្រើនបានកាត់បន្ថយ ផ្អាក ឬបិទអាជីវកម្មទាំងស្រុងតែម្ដងជាហេតុនាំឱ្យបុគ្គលិកម៉ឺននាក់ ត្រូវព្យួរការការងារ និងបាត់បង់ការងារ និងប្រាក់ចំណូលផងដែរ។
ក្នុងបរិការណ៍នៃការវិវត្តដ៏តានតឹង រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាងសស្រាក់សស្រាំដើម្បីទប់ស្កាត់ គ្រប់គ្រងការឆ្លងរាលដាលនៃជំងឺសកល នៅក្នុងសហគមន៍សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខមាលភាពសាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃជំងឺនេះតាមរយៈការដាក់ចេញវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងៗ។ បើតាមការលើឡើងរបស់ លោក ថោង ខុន បានបន្តទៀតថា ជាក់ស្ដែងរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ និងវិធាការនានាជាបន្តបន្ទាប់ សម្រាប់ឆ្នាំ២០២២នេះ ជាពិសេសវិធានការដើម្បីពង្រឹងភាពធន់ គាំទ្រ ជម្រុញ និងស្ដារវិស័យទេសចរណ៍ឡើងវិញ។
លោក រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងបន្តថា នៅឆ្នាំ២០២២ វិស័យទេសចរណ៍សកលលោករំពឹងថានឹងមានភាពល្អប្រសើរជាងកាលពីឆ្នាំ២០២០-២០២១ ដោយសារការចាប់ផ្ដើមកម្រើកឡើងវិញនៃចរន្តការធ្វើដំណើររបស់ភ្ញៀវទេសចរអន្តរជាតិ ជាមួយនឹងការកើនឡើងនៃតម្រូវការក្នុងការធ្វើដំណើរដើម្បីជួបជុំគ្រួសារ ការធ្វើធុរកិច្ច និងកម្សាន្តក្រោយពីខកខានអស់មួយរយៈ ដោយសារការដាក់ចេញនូវវិធានការរឹតត្បិតនានា និងការបិទខ្ទប់ក្នុងអំឡុងពេលជំងឺសកល៕
ដោយ៖ មឿន ឌីណា (Moeun Dyna)