Register Already an agent ? Login

លោក ថោង ខុន៖ ខេត្តមណ្ឌលគិរីក៏មានសក្តានុពលធំធេងសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម

មណ្ឌលគិរី៖ ខេត្តមណ្ឌលគិរី មានសក្ដានុពលធំធេងសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសការអភិវឌ្ឍកសិដ្ឋានផ្កា បន្លែ ផ្លែឈើ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងអាចឈានដល់ការនាំចេញនៅបណ្ដាប្រទេសផ្សេងៗផងដែរ ខណៈដែលសក្តានុពលនេះនៅមិនទាន់ត្រូវបានអភិវឌ្ឍឱ្យបានពេញលេញនៅឡើយ។ បើតាមការគូសបញ្ជាក់របស់ លោក ថោង ខុន​រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការដឹកនាំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (គ.ដ.ផ.ម)។

នៅក្នុងពិធីផ្សព្វផ្សាយសមាសភាពគណ:កម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី (គ.ជ.ផ.ម) កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ លោក ថោង ខុន បានថ្លែងបន្តថា លើសពីនេះទៅទៀត ការអនុញ្ញាតឱ្យមានការសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរីនឹងទាក់ទាញភ្ញៀវទេសចរ និងការតភ្ជាប់ពីគោលដៅទេសចរណ៍ខេត្តសៀមរាប រាជធានីភ្នំពេញ និងតំបន់ឆ្នេរមកកាន់ខេត្តមណ្ឌលគិរី និងភូមិភាគឦសាន្តទាំងមូលឱ្យមានភាពកាន់តែងាយស្រួល។

ទៅថ្ងៃអនាគត ព្រលានយន្តហោះខេត្តមណ្ឌលគិរីនេះ អាចនឹងត្រូវប្រើប្រាស់ជាព្រលានយន្តហោះក្នុងតំបន់ តភ្ជាប់ខេត្តមណ្ឌលគិរីទៅគោលដៅទេសចរណ៍ជិតខាង រួមមានប្រទេសថៃ វៀតណាម និងឡាវ ព្រមជាមួយទីក្រុងសំខាន់ៗរបស់អាស៊ាន និងប្រទេសផ្សេងទៀត ដូចជាប្រទេសជប៉ុន កូរ៉េ អូស្ត្រាលី និងតំបន់មជ្ឈិមបូព៌ាជាដើម ដែលប្រើរយៈពេលហោះហើរចន្លោះពី៥-៧ម៉ោង។ បើតាមការគូសបញ្ជាក់របស់ លោក ថោង ថោង ខុនប្រធាន គ.ដ.ផ.ម។

ប្រធាន គ.ដ.ផ.ម បានណែនាំឱ្យលេខាធិការដ្ឋាន គ.ដ.ផ.ម បន្តរៀបចំយន្តការការងារឱ្យបានច្បាស់លាស់ ពិសេសកិច្ចសហការស្អិតល្មួតរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីរាយការណ៍ជាប្រចាំជូនរាជរដ្ឋាភិបាល។ លោក ថោង ខុន ក៏បានស្នើឱ្យរដ្ឋមន្រ្តី ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ចាត់តាំងឱ្យមានមន្រ្តីបង្គោលដើម្បីធ្វើការជាមួយលេខាធិការដ្ឋាន និងរាយការណ៍អំពីវឌ្ឍនភាពការងារតាមវិស័យរៀងៗខ្លួន ដើម្បីធ្វើការបូកសរុបជូនរាជរដ្ឋាភិបាល។

លោក ថោង ខុន បានបន្តស្នើឱ្យរដ្ឋបាលខេត្តមណ្ឌលគិរីត្រូវបន្តចាត់វិធានការចាំបាច់នានាឱ្យបានហ្មត់ចត់ ដើម្បីរក្សាឱ្យបាននូវតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្សខេត្តមណ្ឌលគិរី រក្សាឱ្យបាននូវអត្តសញ្ញាណដើមរបស់ខេត្ត។ ទន្ទឹមនឹងនេះ លោក ក៏ស្នើអភិបាលខេត្តជួយសម្រួលដល់ការចុះបញ្ជីរមណីយដ្ឋានទេសចរណ៍សំខាន់ៗក្នុងខេត្តឱ្យបានច្បាស់លាស់ ក្នុងយុទ្ធនាការនៃការចុះបញ្ជីដីធ្លីខេត្តមណ្ឌលគិរី ដើម្បីធានានិរន្តរភាពបានសម្រាប់ជាប្រយោជន៍របស់ខេត្ត។ កិច្ចការនេះ លោក ជា សុផារ៉ា បានឯកភាពជាគោលការណ៍រួចហើយនាពេលកន្លងមក។

ចំពោះវិស័យឯកជន លោក ថោង ខុន ក៏បានស្នើបណ្តាក្រុមហ៊ុន និងអ្នកវិនិយោគនានាចាប់យកកាលានុវត្តភាពរបស់ខេត្តមណ្ឌលគិរី ដើម្បីលើកជាគម្រោងអភិវឌ្ឍន៍ និងវិនិយោគនានាទាំងក្នុងវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធនានា ដើម្បីរួមគ្នាសម្រេចឱ្យបានតាមចក្ខុវិស័យដែលបានដាក់ចេញ។

ជាមួយគ្នានោះ លោក ថោង ខុន ក៏បានលើកទឹកចិត្តដល់ខេត្តមណ្ឌលគិរីត្រៀមលក្ខណៈសម្បត្តិដើម្បីចាប់យកកាលានុវត្តភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍ ដែលកំពុងមានកំណើនគួរឱ្យកត់សម្គាល់ ដោយឈរលើភាពរឹងមាំនៃសក្តានុពលរបស់ខ្លួន។

នាឱកាសនេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន គ.ជ.ផ.ម បានវាយតម្លៃខ្ពស់លើចំណាប់អារម្មណ៍របស់ ថោង ខុន ដែលបានបង្ហាញឱ្យឃើញអំពីសមិទ្ធផលសម្រេចបាន ដំណើរការអភិវឌ្ឍប្រកបដោយផ្លែផ្កា សក្តានុពលនៃវិស័យទេសចរណ៍។ល។

លោក វេង សាខុន បានបន្តថា ដែលសមិទ្ធផលទាំងអស់នេះ ពិតជាបានរួមចំណែកស្តារ និងលើកកម្ពស់សេដ្ឋកិច្ចជាតិក្នុងពេលដែលប្រទេសជាតិយើងទទួលរងវិបត្តិជំងឺកូវីដ-១៩។ លើសពីនេះគឺការលើកឡើងអំពីគោលបំណង ចំណុចគន្លឹះ សំខាន់ៗនៃផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីឆ្នាំ២០២១-២០៣៥ និងការទទួលខុសត្រូវនាអនាគតកាល។

ជាក់ស្តែង បច្ចុប្បន្ន យើងមាន ១៣១សហគមន៍មានសក្តានុពលភាពអាចបង្កើតជាសហគមន៍ទេសចរណ៍ធម្មជាតិបាន ក្នុងចំណោមសហគមន៍៥១៦ ដែលយើងមានក្នុងនោះ ២៧សហគមន៍ បាននឹងកំពុងដំណើរការទេសចរណ៍ធម្មជាតិនៅតំបន់មាត់សមុទ្រ និងតំបន់បឹងទន្លេសាប។ បើតាមការលើកឡើងឱ្យដឹងពី លោក វេង​សាខុន។

ដោយឡែក យើងបានបង្កើតសហគមន៍ព្រៃឈើសរុបចំនួន៦៤៣ ក្នុងនោះបានធ្វើផែនការគ្រប់គ្រងចំនួន ១០៣សហគមន៍ ព្រមទាំងមានតំបន់ព្រៃឈើតាមបណ្តោយដងស្ទឹង ព្រែក បឹង ក្នុងដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍ ចម្ការឈើដាំ ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ ចម្ការកសិ-រុក្ខកម្ម ចម្ការរុក្ខទិវា ដែលអាចអភិវឌ្ឍទៅជាគោលដៅទេសចរណ៍ធម្មជាតិ កសិ-ទេសចរណ៍ និងតំបន់លំហែកម្សាន្តផងដែរ។ បើតាមការលើកឡើងឱ្យដឹងបន្តរបស់ អនុប្រធាន គ.ជ.ផ.ម លោក វេងង សាខុន បានគូសបញ្ជាក់ថា នាពេលអនាគតរំពឹងថាសហគមន៍កសិកម្មមួយចំនួនអាចនឹងបង្កើតមុខរបរថ្មីមួយដែលហៅថា «កសិ-ទេសចរណ៍» សម្រាប់ផ្តល់ឱកាសដល់អ្នកទេសចរណ៍ក្នុងស្រុក និងបរទេសបានទៅទស្សនាកសិដ្ឋានរបស់ប្រជាកសិករជាសមាជិកសហគមន៍កសិកម្មផងដែរ។

លោក វេង សាខុន បានលើកឡើងបន្ថែមថា ដោយឈរលើសក្តានុពលមានស្រាប់នៃខេត្តមណ្ឌលគិរី ក្រោមរូបភាព «សក្តានុពលទេសចរណ៍វប្បធម៌ និងធម្មជាតិ» ដែលស្ថិតក្រោមវិស័យកសិកម្ម និងដែនសមត្ថកិច្ចរបស់ក្រសួង ក្នុងនោះរួមមានចម្ការស្រល់រដ្ឋទំហំ ៣៦៤ហិកតា សួនផ្កាចម្រុះ និងសួនភូតគាម លើផ្ទៃដី៤៧០ហិកតា គ្រោងរៀបចំសួនផ្កា ២០ហិកតា និងរៀបចំអាងទឹកបង្ហៀរ។

លោក បានបន្ថែមទៀតថា ជាមួយគ្នានោះ រៀបចំអភិវឌ្ឍកសិទេសចរណ៍តាមរយ:ចម្ការឈើហូបផ្លែ ការអភិវឌ្ឍចម្ការឈើដាំដែលក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ សហគមន៍ព្រៃឈើ។ ក្រៅពីនេះ ក៏មានមានគម្រោងកិច្ចសហប្រតិបត្តិការជាមួយដៃគូមួយចំនួនទៀត ដែលនឹងចូលខ្លួនមកបម្រើឱ្យវិស័យទេសចរណ៍ (បន្លែ ផ្លែឈើ ត្រី សាច់) និងអេកូទេសចរណ៍ (ដំណើរកម្សាន្តក្នុងព្រៃចម្ការឈើដាំចម្ការស្រល់ទស្សនាសហគមន៍ព្រៃឈើ សួនរុក្ខគីរី ជីវចម្រុះដ៏សម្បូរបែប រួមទាំងសួនសត្វផងដែរ។ល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)