Register Already an agent ? Login

លោក ស៊ុន ចាន់ថុល សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍កែប-កោះទន្សាយ តម្លៃជាង ១លានដុល្លារ

កែប៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍ កែប-កោះទន្សាយ ក្រុងកែប ខេត្តកែប មានផ្ទៃក្រឡាសរុបសរុប ៣,៤៧០ម៉ែត្រការ៉េ ចំណាយថវិកាជាតិសរុបប្រមាណ ១,២០០,០០០ដុល្លារ។

កំពង់ផែទេសចរណ៍កែប ស្ថិតនៅលើទីតាំងផែចាស់ ក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលមានសណ្ឋានជារូបក្តាម មានចម្ងាយពីដីគោកចូលទៅក្នុងសមុទ្រប្រមាណ ៣០៦ម៉ែត្រ ទទឹង ៦៨ម៉ែត្រ មានផ្ទៃក្រឡាប្រមាណ ៣៤៧០ ម៉ែត្រការ៉េ និងផ្លូវបេតុងចូលផែទំហំ ១៣មx១០០ម៉ែត្រ និងអគាររដ្ឋបាលទំហំ ១០មx៣០ម៉ែត្រ ដោយរួមបញ្ចូលទាំងអគាររដ្ឋបាលលក់សំបុត្រ និងអគារអ្នកដំណើររង់ចាំផងដែរ។

កំពង់ផែទេសចរណ៍កែប-កោះទន្សាយនេះ សាងសង់ដោយអគ្គនាយកដ្ឋានផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងត្រួតពិនិត្យបច្ចេកទេសដោយអគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន មានរចនាបទទំនើប អាចទទួលនាវាទេសចរណ៍ធំៗចំនួន ៣គ្រឿង ក្នុង ១គ្រឿង អាចផ្ទុកអ្នកដំណើរចំនួន ១៥០នាក់ និងទូកទេសចរណ៍តូចៗមួយចំនួន ក្នុងពេលអនាគត។ កំពង់ផែនេះ នឹងអាចទទួលនាវាទេសចរណ៍ច្រើនជាងនេះទៀតនៅពេលជីកស្តារឃ្លងផ្លូវនាវាបានជ្រៅបន្ថែមទៀត។

កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាដឹកជញ្ជូនជូនអតិថិជន ក៏ដូចជាបង្កើតការងារធ្វើ និងបង្កើនជីវភាពរស់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកែបទាំងមូល មានទីតាំងឋិតក្នុងភូមិសាស្រ្តឆ្នេរ ប្រកបដោយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ជាមួយនឹងការកែលម្អក្រុង និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនបន្ថែមផងដែរ។

នៅក្នុងពិធីខាងលើ លោក ស៊ុន ចាន់ថុល បានផ្ដាំផ្ញើដល់អាជ្ញាធរដែនដី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ដ្រីរាជការ ប្រជាពលរដ្ឋ និងក្រុមហ៊ុននានានៅក្នុងខេត្តកែប ក៏ដូចជាជនរួមជាតិទាំងអស់ជួយថែរក្សា អភិវឌ្ឍន៍ និងមកធ្វើទេសចរណ៍ នៅរមណីយដ្ឋានធម្មជាតិខេត្តកែប និងបន្ដចូលរួមសហការខិតខំបំពេញការងារឱ្យបានកាន់តែល្អប្រសើថែមទៀត ដើម្បីលើកកម្ពស់ការចូលរួមចំណែកក្នុងការថែរក្សាសុវត្ថិភាព ការថែទាំ និងការអភិវឌ្ឍផ្លូវ-ស្ពាន ឆ្នេរ និងកំពង់ផែទេសចរណ៍ ជាពិសេសផ្លូវចូលនិងសំណង់កំពង់ផែនេះ ដើម្បីប្រើប្រាស់ឱ្យមាននិរន្ដរភាពនិងយូរអង្វែង។

នាឱកាសនោះ លោក រដ្ឋមន្ត្រី បានសំណូមពរដល់អ្នកគ្រប់គ្រងកំពង់ផែទេសចរណ៍នេះ ក៏ដូចជាម្ចាស់ទូក ឬនាវាបំពាក់នូវសម្ភារៈបរិក្ខា និងឧបរណ៍ផ្សេងៗឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ទាំងអ្នកបើកបរទូក ឬនាវាទាំងអ្នករួមដំណើរ ពាក់អាវពោងឱ្យបានគ្រប់ៗគ្នា ដើម្បីធានាសុវត្ថិភាពក្នុងពេលធ្វើដំណើរទៅមក។ លោក បានបន្តថា អ្នកបើកបរទូក ឬនាវា ត្រូវចេះបញ្ជាទូក ឬនាវាឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ព្រមទាំងចេះប្រើប្រាស់នូវឧបករណ៍ទាំងនោះ ដើម្បីទទួលព័ត៌មានអំពីអាកាសធាតុ និងបាតុភូតនានាឱ្យបានស្ទាត់ជំនាញមុននឹងបញ្ជាទូក ឬនាវាក្នុងពេលធ្វើនាវាចរណ៍៕

ដោយ៖ មឿន ឌីណា (Moeun Dyna)