Register Already an agent ? Login

អាស៊ានទាំងមូលទទួលបានទេសចរអន្តរជាតិជិត ៣០លាននាក់ ធ្លាក់ចុះជាង ៨០% ចំណូលវិញធ្លាក់ចុះជិត ៨០%

ព្រះសីហនុ៖ ក្នុងរយៈពេល ២ឆ្នាំកន្លងទៅនេះ វិបត្តិនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ច-សង្គម ជាពិសេស ឆ្នាំ២០២០ អាស៊ានទាំងមូលទទួលបានទេសចរអន្តរជាតិចំនួនតែ ២៥.៩៦លាននាក់ ធ្លាក់ចុះ ៨០.៥% ហើយចំណូលពីទេសចរណ៍ ធ្លាក់ចុះរហូតដល់ ៧៥.៨%។ បើតាមការថ្លែងឱ្យដឹងពី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តថា និន្នាការធ្លាក់ចុះនេះនៅតែបន្តក្នុងឆ្នាំ ២០២១កន្លងទៅ។

នៅក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ នៅខេត្តព្រះសីហនុ កាលនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ លោក ថោង ខុន បានថ្លែងបន្តថា នៅទស្សវត្សរ៍ចុងក្រោយ មុនវិបត្តិកូវីដ-១៩ តំបន់អាស៊ាន បានស្គាល់កំណើនទេសចរណ៍ប្រចាំឆ្នាំក្នុងរង្វង់ ៦% ហើយត្រឹមឆ្នាំ២០១៩ ទេសចរណ៍អាស៊ានបានបង្កើតការងារផ្ទាល់ប្រមាណ ៣០លាននាក់ និងចូលរួមប្រមាណ ១០% នៃGDP របស់តំបន់។ ដោយឡែក ទេសចរផ្ទៃក្នុងអាស៊ាន (Intra-ASEAN Travelers) មានចំណែករហូតដល់ជាង ៤០% នៃទេសចរអន្តរជាតិសរុប។

លោក ថោង ខុន បានថ្លែងបន្តទៀតថា កំណើនទាំងនេះ រួមផ្សំនឹងយន្តការទ្រទ្រង់ដែលបាននឹងកំពុងអនុវត្ត ធ្វើឱ្យសមាជិកអាស៊ានរំពឹងថា នឹងអាចសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ទេសចរណ៍អាស៊ាន ២០១៦-២០២៥ ក៏ដូចជាចូលរួមសម្រេចបង្គោលចររបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៥ «ប្រទេសដែលមានលក្ខណៈសមាហរណកម្ម និងការអភិវឌ្ឍមានលក្ខណៈសមាហរណកម្ម- Integrating Countries, Integrating Developments»។

នៅក្នុងវេទធិកាខាងលើ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងរយៈពេលខ្លី អាស៊ានក៏ត្រូវគិតគូរជំរុញ ចលនាទេសចរណ៍ផ្ទៃក្នុងបន្ថែមទៀត ស្របតាមទស្សនៈ «អាស៊ានដើម្បីអាស៊ាន»។

សម្តេច តេជោ បានគាំទ្រទាំងស្រុង នូវគំនិតផ្តួចផ្តើមបើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន ក៏ដូចជាបើកតំបន់ទាំងមូល ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញ។ ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន ក៏បានគាំទ្រឱ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ពិភាក្សានិងឯកភាពគ្នាប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ នៅថ្ងៃទី១៩​ ខែមករា នេះ  ចេញពីក្រុងព្រះសីហនុ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា៖ «ទន្ទឹមនេះ ដើម្បីធានានូវជោគជ័យ នៃការទទួលបើកទទួលទេសចរអន្តរជាតិឡើងវិញ គឺចាប់បាច់ធានាឱ្យបាននូវការជឿជាក់ និងទំនុកចិត្តថាជាគោលដៅទេសចរណ៍អាស៊ាន មានសុវត្ថិភាព ដោយឈរលើអត្រានៃការចាក់វ៉ាក់សាំង ជាសូចនាការគោល។ ក្នុងន័យនេះ ខ្ញុំសូមគាំទ្រកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលបានដាក់ចេញនៅតាមបណ្តាប្រទេសអាស៊ាន និងសូមគាំទ្រលើការដាក់ចេញយុទ្ធនាការ អាស៊ានជាគោលដៅទេសចរណ៍ ប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាព»។

នាឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវឱ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងស្ថាប័នសុខាភិបាលអាស៊ាន សិក្សានិងរៀបចំនូវប្រព័ន្ធរួមមួយសម្រាប់ការបញ្ជាក់ពីការទទួលស្គាល់ ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ដូស (Vaccination Passport ឬ Digital Health Pass) នៅក្នុងតំបន់អាស៊ាន និងស្នើអាស៊ានគិតគូរពិចារណា ក្នុងការសម្រួបសម្រួលលក្ខណ្ឌ នៃការធ្វើដំណើរទេសចរណ៍ជាបណ្តើរៗឡើងវិញ ដោយឈរលើគោលការណ៍ នៃការប្រុងប្រយ័ត្នខ្ពស់។

នៅក្នុងវេទិកាខាងលើ សម្តេចតេជោ ហ៊ុន សែន ក៏បានរម្លឹកអំពីប្រសាសន៍សម្តេចកន្លងមកថា «នៅក្នុងក្របខណ្ឌអាស៊ាន នរណាដែលមិនបានចាក់វ៉ាក់សាំង នឹងមិនអាចធ្វើដំណើរបានទេ»។ សម្តេចតេជោ ថែមទាំចង់ឱ្យអាទិភាពនៃកិច្ចការអាស៊ានឆ្នាំ២០២២ គឺបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងបើកដំណើរការឡើងវិញ ជាមួយនឹងការបើកច្រករបៀងធ្វើដំណើរសម្រាប់វិស័យទេសចរណ៍៕

ដោយ៖ មឿន ឌីណា (Moeun Dyna)