Register Already an agent ? Login

ថ្ងៃស្អែក មហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ លើកទី៧ នឹងប្រារព្ធឡើងនៅទឹកដីខេត្តព្រះសីហនុ ដែលកំពុងបញ្ចេញសក្ដានុពល

ព្រះសីហនុ៖ កម្ពុជា ត្រៀមខ្លួនរួចជាស្រេចធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ នៅខេត្តព្រះសីហនុ និងកិច្ចប្រជុំពាក់ព័ន្ធដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២១។ មហាសន្និបាតសមុទ្រឆ្នាំ២០២១ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «បង្កើតទសវត្សរ៍ថ្មីនៃសុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច»។

គោលបំណងសំខាន់ៗ សន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ រួមមានដូចខាងក្រោម៖

ទី១-ចែករំលែកមេរៀនជាបទពិសោធន៍ តាមដានវឌ្ឍនភាពការងារកន្លងមក និងពង្រីកបន្ថែមនូវការអនុវត្តយុទ្ធសាស្ត្រ ដែលបានប្រតិបត្តិនៅថ្នាក់តំបន់ ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទី២-បង្កើតនិងរៀបចំឡើងវិញនូវយន្តការគ្រប់គ្រងដែលមានស្រាប់ និងជំរុញបង្កើតឱកាសថ្មីៗបន្ថែមទៀត សម្រាប់ភាពជាដៃគូក្នុងតំបន់ តាមរយៈបច្ចេកវិទ្យា នវានុវត្តន៍ ការវិនិយោគ និងហិរញ្ញប្បទាន ដើម្បីបន្តនិរន្តភាពនៃបរិស្ថានតំបន់ឆ្នេរ និងសមុទ្រ និង

ទី៣-កំណត់នូវផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយ សម្រាប់ជាដំណោះស្រាយចំពោះបញ្ហាសមុទ្រនាទស្សវត្សន៍ខាងមុខ ដោយអនុលោមទៅតាមផែនការមួយទសវត្សរ៍ របស់អង្គការសហប្រជាជាតិ នៃវីទ្យាសាស្រ្តមហាសមុទ្រ របៀបវារៈរបស់អង្គការសហប្រជាតិឆ្នាំ២០៣០ អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងក្របខ័ណ្ឌជីវៈចម្រុះសកលក្រោយឆ្នាំ២០២០ (The UN Decade of Ocean Science, The 2030 Agenda for SD, UNFCCC, The Post-2020 Global Biodiversity Framework) ព្រមទាំងបណ្តាក្របខ័ណ្ឌពាក់ព័ន្ធនានា។

មហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ រួមមានកិច្ចប្រជុំនៃរដ្ឋបាលថ្នាក់ក្រោមការជាតិនៃបណ្តាខេត្តរបស់ប្រទេសសមាជិក PEMSEA សន្និសីទអន្តរជាតិ និងវេទិការរដ្ឋមន្ត្រីគឺជាមហាសន្និបាតលើកទី៧ ហើយបន្ទាប់ពីបានរៀបចំជាលើកទី១ នៅឆ្នាំ២០០៣ នៅប្រទេសម៉ាឡេស៊ី។ មហាសន្និបាតសមុទ្រអាស៊ីបូព៌ាត្រូវបានរៀបចំឡើងរៀងរាល់ ៣ឆ្នាំមកដោយមានការចូលរួមពីប្រទេសជាសមាជិកនៃអង្គការអន្តរជាតិភាពជាដៃគូនៃការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា។

មហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៦ ត្រូវបានរៀបចំឡើងនៅប្រទេសហ្វីលីពីន។ ប្រទេសជាសមាជិកនៃអង្គការ PEMSEA មានចំនួន ១១ ក្នុងនោះរួមមាន កម្ពុជា សឹង្ហបុរី ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម ទីម័រ ចិន កូរ៉េខាងត្បូង កូរ៉េខាងជើង ជប៉ុន ព្រមទាំងមានអង្គការដៃគូជាច្រើនទៀត។

នេះគឺជាមោទកភាពសម្រាប់កម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតដ៏មានសារៈសំខាន់នេះ ដែលរៀបចំឡើងក្នុងគោលបំណងពិនិត្យលើផែនការការងារដែលបានសម្រេចអនុម័តកន្លងមក និងផែនការទិសដៅដែលត្រូវធ្វើជាបន្តបន្ទាប់ រួមទាំងការគិតគូរពីមូលនិធិដែលត្រូវយកមកអនុវត្តដើម្បីការពារនិងអភិរក្សសមុទ្រនៅតំបន់អាស៊ីបូព៌ា។ មោទកភាពកម្ពុជា ធ្វើជាម្ចាស់ផ្ទះមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ លើកទី៧។ កម្ពុជា ​ចូលសមាជិកនៃអង្គការអន្តរជាតិភាពជាដៃគូនៃការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា (PEMSEA) នៅឆ្នាំ១៩៩៤។

គួបញ្ជាក់ថា មុននឹងឈានដល់ការរៀបចំមហាសន្និបាតសមុទ្រឆ្នាំ២០២១ ដែលត្រូវរៀបចំនៅកម្ពុជាគឺជាលើកទី៧ ក្រោមប្រធានបទ «បង្កើតទសវត្សរ៍ថ្មីសម្រាប់សុខុមាលភាពមហាសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» មានព្រឹត្តិការណ៍អមជាច្រើនចាប់តាំងពីខែមករា មកដល់ខែ វិច្ឆិកា ឆ្នាំ២០២១ រួមមានដូចខាងក្រោម៖

ការប្រជុំពិភាក្សាតុមូល សិក្ខាសាលា និងប្រជុំក្រុមប្រឹក្សារបស់អង្គការ ដើម្បីពិនិត្យលើវឌ្ឍភាពនៃការងារនិងសមិទ្ធផលទាំងអស់ រួមទាំងការធានាសន្តិសុខស្បៀង ចំណូល និងជីវភាពនៃ មនុស្សដែលរស់នៅតំបន់ឆ្នេរ និងការស្តារឡើងវិញនូវធនធានធម្មជាតិនៅក្នុងសមុទ្រដូចជាផ្កាថ្មី ស្មៅសមុទ្រ និងព្រៃកោងកាង រួមនឹងការគ្រប់គ្រងលើការបំពុលទឹក ការប្រែប្រួលអាកាសធាតុ និងភាពធន់ទៅនឹងការប្រែប្រួលអាកាស និងការរស់នៅរបស់សហគមន៍។

នៅក្របខណ្ឌនៃមហាសន្និបាតឆ្នាំ២០២១ នេះមានព្រឹត្តិការណ៍សំខាន់ចំនួន ៣ គឺទី១ សន្និសីទអន្តរជាតិ ដែលមានការចូលរួមពីវាគ្មិនល្បីៗពីការអភិវឌ្ឍ ការអភិរក្ស ការគ្រប់គ្រងសមុទ្រប្រកបដោយចីរភាព ការគ្រប់គ្រងសេដ្ឋកិច្ចខៀវ និងការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ។ ទី២) វេទិការដ្ឋមន្ត្រីទី៧ ផ្តោតលើសេចក្តីថ្លែងការណ៍នៃបណ្តាប្រទេសសមាជិកអង្គការទាំង ១១ ដែលផ្តោតលើការរៀបចំផែនទីនៃការអភិរក្ស និងអភិវឌ្ឍតំបន់សមុទ្រដែលគិតគូរពីសុខុមាលភាពមហាសមុទ្រ មនុស្ស និងសេដ្ឋកិច្ចពីឆ្នាំ២០២១ ដល់២០៣០ និងទី៣) ផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៃបណ្តាប្រទេសសមាជិក៕

ដោយ៖ មឿន ឌីណា (Moeun Dyna)