Register Already an agent ? Login

តើតំបន់ណាខ្លះល្អជាងគេសម្រាប់ការអភិវឌ្ឍបុរី និងខុនដូនៅក្នុងរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលកំពុងមានសក្ដានុពលគ្រប់វិស័យ?

ភ្នំពេញ៖ បច្ចុប្បន្ន វិស័យអចលនទ្រព្យមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅរាជធានីភ្នំពេញ គ្រប់តំបន់ទាំងអស់ដែលស្ថិតនៅក្នុងទីក្រុងបានទាក់ទាញការវិនិយោគយ៉ាងច្រើនពីវិនិយោគិនក្នុងស្រុក និងក្រៅស្រុកដែលមានបំណងចង់អភិវឌ្ឍគម្រោងផ្សេងៗដូចជា រោងចក្រ ផ្សារ សាលារៀន និងជាពិសេសបុរី និងខុនដូដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។

ការសម្រុកនៃវិនិយោគិននានាពេលបច្ចុប្បន្ន បានជំរុញឱ្យតម្លៃដីធ្លីទាំងក្នុង និងជាយរាជធានីភ្នំពេញកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសទីតាំងដែលនៅជាប់គម្រោងអភិវឌ្ឍន៍របស់រដ្ឋ និងឯកជន។ ទីតាំងដែលពេញនិយមបំផុតសម្រាប់ការអភិវឌ្ឍគម្រោងបុរី និងខុនដូរនៅក្នុងរាជធានីភ្នំពេញ លោក សុខ គឹមអេង អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអចលនទ្រព្យសុវណ្ណាភូមិ Sovannaphum បានលើកឡើងថា ប្រសិនបើអ្នកចង់សាងសង់គម្រោងបុរីក្នុងរាជធានីភ្នំពេញ ទីតាំងនៅជុំវិញ និងតាមបណ្ដោយមហាវិថី ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ក្នុងខណ្ឌមានជ័យ។

«ជាទីតាំងល្អបំផុត ព្រោះវាជាតំបន់កំពុងរីកចម្រើនខ្លាំងដែលមានប្រជាជនរស់នៅច្រើន រួមជាមួយនឹងការកើនឡើងនៃសកម្មភាពអភិវឌ្ឍលំនៅឋាន និងគម្រោងអគារពាណិជ្ជកម្ម»។ បើតាមការបញ្ជាក់របស់ លោក សុខ គឹមអេង បានលើកឡើងបន្តថា តំបន់ផ្លូវ ៦០ម៉ែត្រនេះមានលក្ខណៈអំណោយផលដល់ការរស់នៅ ដោយសារតែវត្តមាននៃផ្សារទំនើបអ៊ីអន៣ AEON Mall 3 របស់ក្រុមហ៊ុនជប៉ុន និងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីនោះ។

លោក គឹមអេង បានបន្តទៀតថា ក្រៅពីនេះ ខណ្ឌសែនសុខ ក៏ជាតំបន់សក្តានុពលកំពុងពេញនិយមផងដែរសម្រាប់ការអភិវឌ្ឍបុរី ដោយសារហេដ្ឋារចនាសម្ព័ន្ធនៅទីនោះមានភាពល្អប្រសើរច្រើន ហើយតម្លៃដីនៅទាបនៅឡើយ បើធៀបនឹងខណ្ឌទួលគោកដែលនៅជាប់គ្នា ហើយបច្ចុប្បន្នទួលគោកត្រូវបានគេចាត់ទុកថាជាតំបន់ពាណិជ្ជកម្ម (CBD) នៃរាជធានីភ្នំពេញ។

ទោះវិស័យអចលនទ្រព្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារវិបិត្តកូវីដ-១៩ក្ដី សកម្មភាពទិញលក់លំនៅឋាន និងដីធ្លីនៅតែមានភាពវិជ្ជមាន ជាមួយនឹងការអភិវឌ្ឍគម្រោងលំនៅឋានថ្មីៗចំនួន១២ ដែលបានចាប់ផ្តើមសាងសង់នៅក្នុងឆមាសទី២ ឆ្នាំ២០២០។ គិតត្រឹមឆ្នាំ២០២០ រាជធានីភ្នំពេញមានការផ្គត់ផ្គង់លំនៅឋានសរុបជិត ៦៤ ០០០ យូនីត។ គម្រោងលំនៅឋានច្រើនជាងគេ គឺស្ថិតក្នុងខណ្ឌសែនសុខដែលមានចំណែកទីផ្សារ២៣% ឫ ១៤ ៦៩០យូនីត បន្ទាប់មកខណ្ឌដង្កោ១៧% ឫស្សីកែវ១២% និងខណ្ឌមានជ័យ១១%។ យោងតាមរបាយការណ៍ប្រចាំឆមាសទី២ ឆ្នាំ២០២០ របស់ក្រុមហ៊ុន Knight Frank Cambodia។

ដោយឡែក សម្រាប់ការអភិវឌ្ឍខុនដូវិញ ទីតាំងដែលទាក់ទាញបំផុតមិនស្ថិតនៅជាយរាជធានីភ្នំពេញ ពោលគឺស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម (CBD) និងតំបន់បឹងកេងកងទី១ និងតំបន់កោះពេជ្រនៅតែជាតំបន់ពេញនិយមបំផុតសម្រាប់គម្រោងខុនដូ។ លោកបន្ដថា ប្រសិនបើអ្នកមានដី និងមានបំណងចង់សាងសង់ខុនដូនៅទីនោះ ឱកាសនៃភាពជោគជ័យនៅតែខ្ពស់សម្រាប់ការវិនិយោគរយៈពេលវែង។ បើតាមការលើកឡើង បន្ថែមរបស់ លោក គឹម អេង។

លោក បានអះអាងថា ទោះជាយ៉ាងណាក៏ដោយ ដោយសារតែផលប៉ះពាល់អវិជ្ជមាននៃវិបិត្តកូវីដ-១៩ មកលើវិស័យអចលនទ្រព្យប្រទេសកម្ពុជា គម្រោងខុនដូលើសពាក់កណ្ដាលនៅទីក្រុងភ្នំពេញត្រូវបានពន្យារពេលសាងសង់រហូតដល់ឆ្នាំក្រោយ។

បន្ថែមពីនេះ បើតាមយោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះ មានតែគម្រោងធំៗចំនួន២ ប៉ុណ្ណោះគឺ The Peak ដែលមានទីតាំងនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និង The Gateway ក្នុងខណ្ឌទួលគោក ដែលបានបញ្ចប់ការសាងសង់តាមពេលកំណត់ក្នុងត្រីមាសទី៣ឆ្នាំនេះ។ ហើយគម្រោងចំនួន៤ផ្សេងទៀត ត្រូវបានពន្យារពេលសាងសង់ ដោយសារតែផលប៉ះពាល់នៃខ្សែសង្វាក់ផ្គត់ផ្គង់សម្ភារៈសំណង់ កង្វះកម្លាំងពលកម្ម និងបញ្ហាលំហូរសាច់ប្រាក់ ដោយសារអត្រាលក់មានភាពយឺតយ៉ាវខុសពីការរំពឹងទុក៕

ប្រភព៖ harbor-property

ដោយ៖ មឿន ឌីណា (Moeun Dyna)