Register Already an agent ? Login

កម្ពុជា ចុះកិច្ចព្រមព្រៀងទទួលប្រាក់កម្ចីបន្ថែម និងប្រាក់កម្ចីឥតសំណងពីបារាំងសរុប ២៣លាន ៣សែនដុល្លារ សម្រាប់ស្ដារប្រព័ន្ធធារាសាស្រ្ត នៅខេត្តបាត់ដំបងនិងបន្ទាយមានជ័យ

ភ្នំពេញ៖ កម្ពុជា និងបារាំង បានចុះកិច្ចព្រមព្រៀងចំនួន២ គឺ៖ ទី១កិច្ចព្រមព្រៀងឥណទានសម្បទានបន្ថែម ទឹកប្រាក់ចំនួន ២០លានអឺរ៉ូ (ប្រមាណ២៣.១៣លានដុល្លារ) ដែលជាហិរញ្ញប្បទានបន្ទាន់ដល់ការស្ដារឡើវិញនូវប្រព័ន្ធធារាសាស្រ្តដែលបានខូចខាតនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ, ទី២កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតតំណង ទឹកប្រាក់ចំនួន ៣០០,០០០អឺរ៉ូ (ប្រមាណ ៣៤៦,៨០០ដុល្លារ) ជាហិរញ្ញប្បទានដល់ការសិក្សាសមិទ្ធិផលលទ្ធភាពគម្រោងស្ដារឡើងវិញស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ។ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នៅក្នុងសេចក្ដីជូនដំណឹងខាងលើបានបន្តថា នាព្រឹកថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០២១ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក FABRICE Henne លេខាទី១ ស្ថានទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងលោកស្រី Ophélle BOURHIS នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា បានចុះហត្ថលេខាតាមប្រព័ន្ធវីដេអូ លើកិច្ចព្រមព្រៀងទាំងពីរខាងលើ។

ក្រោយពីបញ្ចប់ការចុះហត្ថលេខាហើយ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ការផ្ដល់ហិញ្ញប្បទានដល់គម្រោង/កម្មវិធីខាងលើនេះ គឺបានឆ្លើយតបយ៉ាងជាក់ច្បាស់ទៅនឹងសេចក្ដីត្រូវការជាអាទិភាពក្នុងការរួមចំណែកការអភិវឌ្ឍ និងស្ដារសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិបត្តិកូវីដ-១៩ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ដោយលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ។

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្កិច្ច និងហិរញ្ញវត្ថុ បានថ្លែងបញ្ជាក់ថា ប្រទេសបារាំង មិនត្រឹមតែជាប្រទេសដែលបានចូលរួមយ៉ាងសកម្មក្នុងការនាំមកនូវសុខសន្តិភាពប្រចាំកម្ពុជាប៉ុណ្ណោះទេ តែក៏ជាមិត្តដ៏ប្រពៃ ដែលតែងតែជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ការអភិវឌ្ឍកម្ពុជា ហើយភាពជាដៃគូនេះពង្រឹងឱ្យកាន់តែខ្លាំងឡើងនូវចំណងភាព រវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។

នាឱកាសនោះដែរ លោកស្រី Ophélle BOURHIS បានថ្លែងថា ក្នុងនាមលោកស្រីផ្ទាល់ និងក្នុងនាមរដ្ឋាភិបាលបារាំង សូមសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង​ចំពោះចំណាត់ការ និងវិធានការនានាដែលរាជដ្ឋាភិបាលបាននិងកំពុងដាក់ចេញ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកស្រីបានបន្តថា ជាពិសេស ការដាក់ចេញនូវគោលការណ៍ ៣កុំ ៣ការពារ ការដាក់ចេញនូវវិធានការបិទខ្ទប់ដោយគ្មាន ការបិទប្រទេសទាំងមូល និងការជំរុញយ៉ាងសកម្មក្នុងការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដល់កងកម្លាំង មន្រ្តីរាជការ គ្រូបង្រៀន និយោជិក កម្មករ-កម្មការិនី និងប្រជាជនទូទៅ ដែលបច្ចុប្បន្ន សម្រេចបានជិត ១០០ភាគរយ ផ្អែកតាមផែនការ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)