Register Already an agent ? Login

កម្ពុជា-បារាំង ចុះកិច្ចព្រមព្រៀងជំនួយបច្ចេកទេស កសាងសមត្ថភាពក្នុងវិស័យអាកាសចរស៊ីវិលកម្ពុជា

ភ្នំពេញ៖ កម្ពុជា-បារាំងបានចុះកិច្ចព្រមព្រៀងជំនួយបច្ចេកទេសសម្រាប់គម្រោងកសាងសមត្ថភាពក្នុងវិស័យអាកាសចរស៊ីវិលកម្ពុជា។ តាមរយៈកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលបារាំងនឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៤៥០,០០០អឺរ៉ូ (៣៣៤,៤៦៩ដុល្លារ) ដើម្បីអនុវត្តគម្រោងកសាងសមត្ថភាពក្នុងវិស័យអាកាសចរស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចព្រមព្រៀងនេះដែរ សំដៅធ្វើឱ្យប្រសើឡើង និងលើកកម្ពស់ប្រព័ន្ធសុវត្ថិភាព និងបរិស្ថានអាកាសយានដ្ឋាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបង្កើនភាពទាក់ទាញ អ្នកទេសចរតាមផ្លូវអាកាសមកព្រះរាជាណាចក្រកម្ពុជា តាមរយៈការជួយទៅដល់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អនុវត្តបទប្បញ្ញត្តិសុវត្ថិភាពអាកាសចរ និងពង្រឹងនូវលក្ខខណ្ឌសុវត្ថិភាព និងបរិស្ថាននៅក្នុងអាកាសយានដ្ឋាននៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងនេះផ្តោតលើការងារអាទិភាពចំនួន ៤ ដូចគឺ៖ ១.ពង្រឹងការគ្រប់គ្រងបរិស្ថានអាកាសយានដ្ឋាន, ២.ផ្តល់ការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពលើការថែទាំបច្ចេកទេសអាកាសយាន, ៣.ផ្តល់ការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពពេទ្យអាកាសចរ និង៤.ពង្រឹងសុវត្ថិភាពអាកាសយានដ្ឋាន។

កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រួមជាមួយ លោក Damien CAZE អគ្គនាយកនៃអាជ្ញាធរអាកាសរចរណ៍ស៊ីវិលបារាំង (DGAC) និងលោកស្រី Ophélie BOURHIS នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយបច្ចេកទេសសម្រាប់គម្រោងកសាងសមត្ថភាពក្នុងវិស័យអាកាសចរស៊ីវិល។

ក្នុងឱកាសនេះ លោក ម៉ៅ ហាវណ្ណាល់ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋបារាំង ដែលបានផ្តល់ជំនួយឥតសំណងដ៏មានតម្លៃនេះ ដែលឆ្លើយតប នឹងសេចក្តីត្រូវការ និងការងារជាអាទិភាពនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

លោក បានថ្លែងសង្កត់ធ្ងន់ថា ពិធីចុះហត្ថលេខានៅថ្ងៃនេះ ជាសក្ខីភាពមួយបង្ហាញពីទំនាក់ទំនងដ៏យូរអង្វែង និងជាផ្លែផ្ការវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អរវាង អាជ្ញាធរអាកាសចរស៊ីវិល នៃប្រទេសទាំងពីរ។ ជាងនេះទៀត វាបានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការវាយតម្លៃខ្ពស់របស់រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង មកលើការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គ តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

លោក រដ្ឋមន្រ្តី បានរម្លឹកឱ្យដឹងថា នេះមិនមែនជាជំនួយលើកដំបូងដែលផ្តល់ដោយសាធារណរដ្ឋបារាំង ដល់ប្រទេសកម្ពុជាទេ ជាពិសេសក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរអាកាសចរស៊ីវិលនៃប្រទេសទាំងពីរ។

លោក បានបន្តថា ចាប់តាំងពីឆ្នាំ១៩៩៩ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា និងអាជ្ញាធរអាកាសចរស៊ីវិលបារាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយបច្ចេកទេសជាច្រើន ដើម្បីអនុវត្តគម្រោងផ្សេងៗ ដូចជា គម្រោងកសាងសមត្ថភាពតាមរយៈការផ្តល់ការបណ្តុះបណ្តាលរយៈពេលខ្លី និងរយៈពេលវែង ដល់មន្រ្តីបច្ចេកទេស របស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។

លោក បានបន្តទៀតថា ជាមួយគ្នានេះ ការផ្តល់ជំនាញការរយៈពេលខ្លី-វែង ជួយរៀបចំបទប្បញ្ញត្តិបច្ចេកទេស និងឯកសារណែនាំអាកាសចរស៊ីវិល ក៏ដូចជាការជួយសិក្សា និងវិភាគលើផលប៉ះពាល់សេដ្ឋកិច្ចលើវិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ដែលកិច្ចសហប្រតិបត្តិការទាំងនេះ បង្ហាញពីការប្តេជ្ញាបន្តពង្រឹងភាពជាដៃគូដ៏រឹងមាំ របស់រាជរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)