Register Already an agent ? Login

នៅឆ្នាំ២០២២ រាជរដ្ឋាភិបាល នឹងបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូងចំនួន ៣០០លានដុល្លារ

ភ្នំពេញ៖ នៅឆ្នាំ២០២២ រាជរដ្ឋាភិបាល គ្រោងនឹងបោះផ្សាយលក់មូលបត្រជាលើកដំបូងចំនួន ៣០០លានដុល្លារ ដើម្បីធ្វើហិញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ចរួមមាន៖ គម្រោងស្ដារសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាព និងគម្រោងប្រព័ន្ធបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឌីអីថល ជាដើម។ បើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ បានបន្តថា ​ទន្ទឹមនេះ រាជរដ្ឋាភិបាល បានកំណត់ទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២២ ក្នុងកម្រិត ១,៦០០លានSDR ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១ ដោយឈរលើមូលដ្ឋាននៃការគិតគូរ និងផ្អែកលើទដ្ឋភាពសំខាន់ៗមួយចំនួនដែលរួមមានដូចខាងក្រោម៖

១-ទំហំនៃតម្រូវការវិនិយោគសាធារណៈ មានការកើនឡើងជាគំហុក ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញឆ្លើយតបនឹងបរិការណ៍នៃផលប៉ះពាល់ពីការរីករាលដាលជំងឺកូវី-១៩។ ២-គម្រោងអភិវឌ្ឍន៍ដែលនឹងចុះកិច្ចព្រមព្រៀងឥណទានសម្បទានក្នុងឆ្នាំ២០២១ ជាគម្រោងវិនិយោគសាធារណៈក្នុងវិស័យអាទិភាព ហើយដែលចេះតែរំកិលពីឆ្នាំមុនៗមក តែមានចរិតយុទ្ធសាស្រ្តក្នុងការទ្រទ្រង់ដល់ចីរភាពនៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យម និងវែង។

៣-ឥណទានមានកម្រិតសម្បទានខ្ពស់។ ៤-ស្ថានភាពបំណុលសាធារណៈកម្ពុជាបច្ចុប្បន្ន និងក្នុងរយៈពេលមធ្យមនៅតែមាន “ចីរភាព”និង “ហានិភ័យកម្រិតទាប” និង៥-ការបន្តបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង និងអនុវត្តគម្រោង។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ បន្តទៀតថា ជារួមការកំណត់ពិតានក្នុងការខ្ចីថ្មីសម្រាប់ឆ្នាំ២០២២ ក្នុងកម្រិត ១,៦០០លានSDR គឺដើម្បីឱ្យរាជរដ្ឋាភិបាលអាចចុះហត្ថលេខាខ្ចីប្រាក់ពីគេសម្រាប់ហិរញ្ញនប្បទានកម្មវិធី/គម្រោងវិនិយោគសាធារណៈចំនួន ៣៥ដែលរួមមាន៖

ប្រទេសចិន ៦គម្រោង, ប្រទេសថៃ ១គម្រោង, ប្រទេសជប៉ុន ៣គម្រោង, កូរ៉េខាងត្បូង ៥គម្រោង, ប្រទេសបារាំង ៥គម្រោង, ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ១គម្រោង, ធនាគារអភិវឌ្ឍន៍អាស៊ី ៩គម្រោង, ធនាគារណពិភពលោក ៣គម្រោង, ធនាគារវិនិយោគអឺរ៉ុប ១គម្រោង, ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ១គម្រោង ដោយបែងចែកតាមវិស័យដូចខាងក្រោមនេះ៖

-វិស័យថាមពលចំនួន ៩គម្រោងគឺ គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់អគ្គីសនី ជំហានទី១, គម្រោងពង្រីកសមត្ថភាពផ្គត់ផ្កង់អគ្គីសនី ជំហានទី២, គម្រោងពង្រីកខ្សែបញ្ជូនអគ្គិសនីជនបទជំហានទី៨, គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយនៅរាជធានីភ្នំពេញ ជំហានទី២, គម្រោងពង្រីកសមត្ថភាពប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនី, គម្រោងសាងស់ខ្សែបញ្ជូន ១១៥គីឡូវ៉ុល បារាយណ៍-ស្ទឹងត្រង់, គម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ ជំហានទី២, និងកម្មវិធីអភិវឌ្ឍន៍ប្រសិទ្ធភាពវិស័យថាមពល។

-វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចំនួន ៧គម្រោងគឺ គម្រោងសាងសង់ស្ពានទន្លេមេគង្គ និងផ្លូវតភ្ជាប់ខេត្តក្រចេះ, គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ(ស្គន់-កំពង់ចាម), គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិ៥ ជំហានទី២, គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ពីធ្លាម្អម ខេត្តពោធិ៍សាត់-ក្រុងបាត់ដំបង​ និងក្រុងសិរីសោភ័ណ្ឌ, គម្រោងកែលម្អបណ្ដាញតភ្ជាប់ជនបទដោយចីរភាព, គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ, និងគម្រោងលើកកម្ពស់សមត្ថភាពបន្សាំនៅជនបទ។

 -វិស័យសុខាភិបាលចំនួន ៣គម្រោងគឺ គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្ត, គម្រោងពង្រីកវិស័យសុខាភិបាលក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងមហាអនុតំបន់មេគង្គ និងតំបន់លើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ជំហានទី២។

-វិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន ២គម្រោងគឺ គម្រោងបណ្ដុះបណ្ដាលជំនាញសម្រាប់តម្រូវការសេដ្ឋកិច្ចពេលអនាគត និងគម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៅមធ្យមសិក្សាទុតិយភូមិ។

- វិស័យកសិកម្មចំនួន ៣គម្រោងគឺ គម្រោងអភិវឌ្ឍន៍កសិកម្មតំបន់ពឹងលើទឹកភ្លៀងសម្រាប់ប្រទេសកម្ពុជា, គម្រោងនេសាទនៅតាមតំបន់ឆ្នេរប្រកបដោយនិរន្តតភាព និងគម្រោងផលិតកម្មសត្វឆ្លងដែន និងការជំរុញខ្សែច្រវ៉ាក់ផលិតកម្មមហាអនុតំបន់មេគង្គ។

គូសបញ្ជាក់ថា ការបោះផ្សាយលក់មូលបត្រជាលើកដំបូង និងការខ្ចីក្នុងទំហំខាងលើនេះ នឹងមិនបង្កើតជាបន្ទុកវ័ណ្ឌករដល់កម្ពុជាទេ ពោលគឺជាទដ្ឋភាពបច្ចេកទេស ស្ថានភាពបំណុលសាធារណៈកម្ពុជានៅតែត្រូវបានវាយតម្លៃថាមាន «ចីរភាព» និង »ហានិភ័យកម្រិតទាប» ដដែល ដោយរាប់សូចនាករបំណុលគន្លឹះៗរបស់កម្ពុជាសុទ្ធតែស្ថិតក្រោមអនុបាតគិលទាំងអស់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)