Register Already an agent ? Login

មេដឹកនាំអាស៊ាន បានឯកភាពគ្នាចេញនូវសេចក្តីថ្លែងការណ៍ លើកកម្ពស់ពហុភាគីនិយម ៩ចំណុចសំខាន់ៗ

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នោះ មេដឹកនាំអាស៊ាន បានឯកភាពគ្នាចេញនូវសេចក្តីថ្លែងការណ៍របស់មេដឹកនាំអាស៊ាន ស្តីពីការលើកកម្ពស់ពហុភាគីនិយម ៩ចំណុច សំខាន់ៗដូចខាងក្រោម៖

១-រម្លឹកឡើវិញពីតម្រូវការរបស់អាស៊ាន ក្នុងការរក្សាសាមគ្គីភាព ភាពស្អិតរមួត និងភាពរឹងមាំ ក្នុងការលើកកម្ពស់គោលបំណង និងគោលការណ៍របស់ខ្លួន ដូចមានចែងក្នុងធម្មនុញ្ញអាស៊ាន ក្នុងការគាំទ្រពហុភាគីនិយម។

២-បញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់អាស៊ាន ដើម្បីរក្សានិងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី រួមទាំងការគោរពយ៉ាងពេញលេញ ចំពោះដំណើរការផ្នែកច្បាប់ និងការទូត ដោយមិនប្រើប្រាស់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ដោយអនុលោមតាមគោលការណ៍ ដែលទទួលស្គាល់ជាសកលនៃច្បាប់អន្តរជាតិ រួមទាំងសន្ធិសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។

៣-ពង្រឹងមជ្ឈភាពនិងឯកភាពអាស៊ាន នៅក្នុងការចូលរួមប្រកបដោយស្ថាបនារបស់អាស៊ាន ជាមួយដៃគូខាងក្រៅរបស់ខ្លួន តាមរយ:យន្តការដឹកនាំដោយអាស៊ាន ក្នុងការកសាងភាពជឿជាក់និងការទុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងពង្រឹងនិម្មាបនកម្មតំបន់ដែលបើកចំហ មានតម្លាភាព បរិយាបន្ន និងផ្អែកលើវិធានការច្បាប់ ដោយមានអាស៊ាននៅចំកណ្តាល។

៤-បញ្ជាក់ជាថ្មីអំពីគោលបំណង និងគោលការណ៍នៃទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ដែលផ្តល់ជាមគ្គុទេសសំរាប់ការចូលរួមរបស់អាស៊ាន ក្នុងទំនាក់ទំនងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់មហាសមុទ្រឥណ្ឌា។

៥-រំលឹកឡើងវិញអំពីការគាំទ្រដ៏រឹងមាំរបស់អាស៊ាន ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលបើកចំហ មានតម្លាភាព គ្មានការរើសអើង និងផ្អែកលើវិធានច្បាប់ រួមទាំងតាមរយ:ការចូលជាធរមានឱ្យបានឆាប់ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងការអនុវត្តឲ្យបានពេញលេញ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អាស៊ានបូកមួយ។

៦-លើកកម្ពស់ការបន្ស៊ីគ្នា ការបំពេញបន្ថែម និងការរួមបញ្ចូលគ្នាលើការដោះស្រាយបញ្ហា អន្តរវិស័យដូចជា សកម្មភាពផ្នែកអាកាសធាតុ ការការពារបរិស្ថាន និងសន្តិសុខតាមប្រព័ន្ធអ៊ីនធើណែត ដើម្បីដោះស្រាយផលប៉ះពាល់រួម និងផលវិបាកនៃបញ្ហាប្រឈម ដែលមានទំនាក់ទំនងរវាងគ្នានេះ។

៧-ពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការកែលម្អ នៃប្រព័ន្ធសុខភាពសាធារណ:សកលរបស់យើង និងឆ្ពោះទៅរកការធានាឲ្យបាន នូវការទទួលបានថ្នាំប្រកបដោយសមធម៌ សម្រាប់ការព្យាបាល ជំងឺកូវីដ-១៩ ដោយធ្វើឲ្យវ៉ាក់សាំងកូវីដ-១៩ ជាទំនិញសាធារណ:សកល អាចរកបាន និងមានតម្លៃ សមរម្យសម្រាប់មនុស្សទូទៅ។

៨-លើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងសសរស្តម្ភទាំងបី នៃសហគមន៍អាស៊ាន និងសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការធ្វើឱ្យប្រសើរឡើង នូវការសម្របសម្រួលបញ្ហាអន្តរវិស័យ និងឆ្លងសសរស្តម្ភ ឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យសហគមន៍អាស៊ាន២០២៥ និងការអភិវឌ្ឍទស្សនវិស័យអាស៊ានក្រោយឆ្នាំ២០២៥។

៩-ពង្រឹងស្ថាប័ននានារបស់អាស៊ាន ដោយគាំទ្រដល់ស្ថាប័ន និងយន្តការសម្របសម្រួល ដែលមានស្រាប់ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍នៅក្នុងអាស៊ាន និងជាមួយដៃគូខាងក្រៅ ហើយព្រមទាំងគូសបញ្ជាក់ទៀត អំពីមជ្ឍភាពនិងឯកភាពអាស៊ាន ដែលនឹងធ្វើឱ្យទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់អាស៊ាន នៅតំបន់និងក្រៅតំបន់ឲ្យកាន់តែស៊ីជម្រៅថែមទៀត៕

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ ក្រោមប្រធានបទ «យើងយកចិត្តទុកដាក់ យើងរៀបចំត្រៀមលក្ខណៈ យើងរីកចម្រើនទៅមុខ ដែលប្រទេសប៊្រុយណេ ធ្វើជាម្ចាស់វាស់ផ្ទះ នៃកិច្ចប្រជុំកំពូល នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូអនឡាញ។

ប្រមុខមេដឹកនាំនៃប្រទេសអាស៊ានទាំងអស់ លើកលែងតែមេដឹកនាំ នៃសហភាពមីយ៉ាន់ម៉ា បានយាងនិងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួន ដើម្បីពិនិត្យពិភាក្សាទៅលើរបៀបវារ:គ្រោងទុក និងក្រោមកិច្ចដឹកនាំផ្ទាល់ពី ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា ប្រធានអង្គប្រជុំ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ មេដឹកនាំអាស៊ាន បានពិភាក្សាទៅលើរបៀបវារ:សំខាន់ៗ ចំនួន២ ក្នុងនោះរួមមាន៖ ទី១-ការកសាងសហគមន៍អាស៊ាន ទី២-ការឆ្លើយតបនឹងជំងឺកូវីដ-១៩។

ដោយឡែកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៩ មេដឹកនាំអាស៊ាន បានធ្វើការពិភាក្សាទៅលើរបៀបវារ:សំខាន់ៗចំនួន២៖ ទី១-ទំនាក់ទំនងខាងក្រៅ និងមជ្ឈភាពអាស៊ាន ទី២-ការផ្លាស់ប្តូរទស្សន: ស្តីពីបញ្ហាតំបន់ និងអន្តរជាតិ។

ដូចគ្នាបណ្តាមេដឹកនាំអាស៊ាន ដទៃទៀត សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើបទអន្តរាគមន៍ទៅកាន់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលោកទី៣៩ ដោយបានធ្វើការគូសបញ្ជាក់ថា «ការអូសបន្លាយនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អស់រយ:ពេលជិត ២ឆ្នាំកន្លងមក បានក្លាយជាវិញ្ញាសារសាកល្បងសមត្ថភាពដ៏ធំមួយ ក្នុងការដឹកនាំនិងអភិវឌ្ឍទាំងសម្រាប់អាស៊ានទាំងមូល និងទាំងសម្រាប់ប្រទេសជាសមាជិកនីមួយៗ»។

សម្ដេច បានថ្លែងបន្តថា មកដល់ពេលនេះយើងអាចវាយតម្លៃបានថា អាស៊ាននឹងឈានទៅរកការគ្រប់គ្រងការរីករាលដាល នៃជំងឺនោះបាន ប្រកបដោយប្រសិទ្ធភាពនាពេលដ៏ខ្លីខាងមុខ។ ជាទិសដៅទៅមុខ ការងារសំខាន់បន្តនិងបន្ទាប់ គឺការស្តារនិងការអភិវឌ្ឍវិស័យសង្គម សេដ្ឋកិច្ចឡើងវិញ តាមរយ:ការធានាប្រក្រតីភាព នៃលំហូរពាណិជ្ជកម្ម ការធ្វើដំណើរ និងការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ ក្នុងន័យនេះ កម្ពុជាសូមគាំទ្រនូវការរៀបចំទស្សន វិស័យអាស៊ានក្រោយឆ្នាំ២០២៥ និងស្វាគមន៍ការអនុម័តលក្ខខណ្ឌប្រតិបត្តិសម្រាប់ក្រុមការងារជាន់ ខ្ពស់ទទួលបន្ទុកកិច្ចការនោះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

RELATED ARTICLES

ក្រសួងកសិកម្ម នឹងរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ រយៈពេល ៣ថ្ងៃ ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា
Thu, 01 Oct 2026
សម្រាប់ឆ្នាំ២០២៧ ខាងមុខនេះ ប្រាក់ឈ្នួលគោល និងប្រាក់អត្ថប្រយោជន៍ ដែលបងប្អូនកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ ទទួលបានក្នុងចន្លោះពីចំនួន ២៣១,៥ដុល្លារ ដល់ ២៤២,៥ដុល្លារក្នុងមួយខែ
Thu, 01 Oct 2026
ទីផ្សារមូលបត្រកម្ពុជា រំពឹងប្រមូលមូលធនបាន ១ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦ ខណៈទំហំជួញដូរប្រចាំថ្ងៃកើនដល់ជិត ២លានដុល្លារ លើសការរំពឹងទុក
Thu, 01 Oct 2026