Register Already an agent ? Login

លោក ជាវ តាយ ដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងប្រវែងជិត ២គីឡូម៉ែត្រ ចូលទៅកាន់រមណីយដ្ឋានភ្នំ កំពង់ត្រាច

កំពត៖ លោក ជាវ​ តាយ​ អភិបាលខេត្តកំពត អញ្ជើញជាអធិបតីក្នុងពិធី សម្ភោធដាក់ឱ្យប្រើប្រាស់ ផ្លូវបេតុងសរសៃដែក ប្រវែង​ ១.៨០៨ម៉ែត្រ ចូលទៅកាន់រមណីយដ្ឋានទេសចរណ៍ ភ្នំកំពង់ត្រាច ដែលស្ថិតនៅស្រុកកំពង់ត្រាចខេត្តកំពត កាលពីថ្ងៃទី១១​ខែតុលា ឆ្នាំ២០២១។

ផ្លូវ ១ខ្សែនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់បម្រើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទៅទស្សនាកម្សាន្ត រមណីយដ្ឋានទេសចរណ៍ ភ្នំកំពង់ត្រាច ដែលជារមណីយដ្ឋានទេសចរណ៍បែបប្រវត្តិសាស្ត្រ។ បើតាមការថ្លែងបញ្ជាក់ របស់ លោក ជាវ តាយ បានបន្តថា ផ្លូវនេះជួយជំរុញឱ្យមានការទាក់ទាញភ្ញៀវទេចរមកលេងកម្សាន្តកាន់តែច្រើន ដោយចំណូលនឹងបង្ហូរចូលទៅប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ថែមទាំងបានចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។

នៅក្នុងពិធីខាងលើ លោក អភិបាលខេត្តកំពត បានថ្លែងបន្តថា ម្យ៉ាងវិញទៀតផ្លូវ ១ខ្សែនេះក៏ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាពិសេស ក្នុងការជួយសម្រាលនិងបំពេញតម្រូវការ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ដែលកន្លងមកតែងតែជួបបញ្ហាលំបាក។

នាឱកាសនោះ លោក ជាវ  តាយ អភិបាលខេត្តកំពត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរស្រុក និងប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ ត្រូវរួមគ្នាថែរក្សាផ្លូវនេះ ដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈ ឱ្យបានយូរអង្វែង។

សូមបញ្ជាក់ថា តាមរបាយការណ៍ដែលចេញដោយក្រសួងទេសចរណ៍ បានឱ្យដឹងដឹងថា រយៈពេលពេញមួយសប្តាហ៍ បូករួមទាំងកំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ភ្ញៀវសរុបមានចំនួន ៩១១,១៤៧នាក់ បានដើរលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា ក្នុងនោះខេត្តកំពតជាគោលដៅទេសចរណ៍ពេញនិយមជាងគេ ដែលទទួលបានភ្ញៀវទេចរចំនួន ១៤០,១៦៨នាក់។

បើតាម លោក ថោង ខុន បានថ្លែងឱ្យដឹងថា សម្រាប់ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាឱកាសចុងសប្តាហ៍បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌ គឺនៅថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ គឺមានភ្ញៀវសរុបមានចំនួន ២៤៦,៤៥០នាក់ កើនឡើងប្រមាណ១១០,៩៦ភាគរយ ធៀបនឹងចុងសប្តាហ៍កន្លងមក ក្នុងនោះមានភ្ញៀវជាតិ ២៤៤,២២៥នាក់ និងមានភ្ញៀវបរទេសផ្ទៃក្នុង២,២២៥នាក់។

បើតាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗសម្រាប់រយៈពេលពេញមួយសប្តាហ៍នេះ រួមមាន៖ ខេត្តកំពត មានចំនួន ១៤០,១៦៨នាក់, ខេត្តកែប មានចំនួន ១១១,៨៤០នាក់, ខេត្តព្រះសីហនុ មានចំនួន ៩៨,២២៩នាក់, ខេត្តពោធិ៍សាត់ មានចំនួន ៧៩,៦៧៨នាក់, ខេត្តកំពង់ចាម មានចំនួន ៦៥,៦៣៩,នាក់, ខេត្តបាត់ដំបង មានចំនួន ៥៤,៩៦៩នាក់, ខេត្តកំពង់កំពង់ស្ពឺ មានចំនួន ៤៨,១៤៨នាក់, ខេត្តសៀមរាប មានចំនួន ៤៤,១៥៧នាក់។

លោក ថោង ខុន បានបញ្ជាក់ទៀតថា លំហូរភ្ញៀវទេសចរពេញមួយសប្តាហ៍នេះ បង្កើតបានជាចរន្តសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន ពិសេសសម្រាប់វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទូទៅ ខណៈដែលប្រតិបត្តិករទេសចរណ៍នានា បានប្រមើលមើលពីកាលានុវត្តភាពនៃវិស័យទេសចរណ៍ និងបានកំពុងត្រៀមខ្លួន ក៏ដូចជាកែលម្អទម្រង់ធុរកិច្ច និងអាជីវកម្មរបស់ខ្លួនក្នុងគន្លងប្រក្រតីភាព ដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)