Register Already an agent ? Login

ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ត្រូវបានក្រសួងរៀបចំដែនដី ដាក់ឱ្យប្រើប្រាស់ប្លង់គោលដីធ្លី ឆ្នាំ២០៣០

កំពង់ឆ្នាំង៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាសាស្ត្រ តម្រូវការការអភិវឌ្ឍលំនៅឋានគ្រប់វិស័យ។ បើតាម ការដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង របស់គណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិលេខ ០៥៩ សសរ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។

ប្លង់គោលខាងលើ ត្រូវបានចុះហត្ថលេខាដោយ ​លោក ជា សុផា រ៉ា ជាប្រធានកម្មាធិការខាងលើ និងជារដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ដោយបានផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បានបន្តឱ្យដឹងថា ការអភិវឌ្ឍស្រុកបរិបូណ៌ប្រកបដោយចីរភាព គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម ខេត្តកំពង់ឆ្នាំង/ស្រុកបរិបូណ៌ បានរៀបចំនូវប្លង់គោលប្រើប្រាស់ដីស្រុកបរិបូណ៌ចក្ខុវិស័យឆ្នាំ២០៣០។

ការប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីស្រុកបរិបូណ៌ចក្ខុវិស័យឆ្នាំ២០៣០ ដើម្បីជាមូលដ្ឋានក្នុងការគ្រប់គ្រង និងតម្រង់ទិសអភិវឌ្ឍដែនដីស្រុកបរិបូណ៌ទាំងមូល ស្របតាមចក្ខុវិស័យនៃគោលនយោបាយជាតិស្តីពី ការរៀបចំដែនដី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយតាមវិស័យសំខាន់ៗជាច្រើនទៀត។ បើតាមការបញ្ជាក់ របស់គណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិ។

ចក្ខុវិស័យដល់ឆ្នាំ២០៣០ នៃប្លង់គោលប្រើប្រាស់ដី ស្រុកបរិបូរណ៌ គឺសំដៅរៀបចំនិងអភិវឌ្ឍស្រុកបរិបូរណ៌ ជាស្រុកគំរូក្នុងតំបន់បឹងទន្លសាប លើការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថានល្អប្រសើរប្រកបដោយចីរភាព តុល្យភាព និង បរិយាបន្ន តាមរយៈការជំរុញ តំបន់សំខាន់ៗ ៥ កន្លែងដូចខាងក្រោម៖

ទី១.ការអភិវឌ្ឍតំបន់ទីប្រជុំជន និងតំបន់ជនបទប្រកបដោយសោភ័ណ អត្តសញ្ញាណ វប្បធម៍ និងធម្មជាតិល្អប្រសើរ ក្នុងភូមិសាស្រ្តតំបន់បឹងទន្លេសាប។ ទី២. ការអភិវឌ្ឍកសិកម្ម និង ជលផលប្រកបដោយចំណេះដឹង ការច្នៃប្រឌិត។ ទី៣.ការអភិវឌ្ឍពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្មសិប្បកម្មកែច្នៃ។ ទី៤ ការអភិវឌ្ឍទេសចរណ៍ វប្បធម៌ និងធម្មជាតិ។ ទី៥.ការលើកកម្ពស់អភិបាលល្អ ការថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ និងការអភិវឌ្ឍបៃតង។

គណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិ បានបន្តឱ្យដឹងថា ក្នុងវិស័យនៃប្លង់គោលប្រើប្រាស់ដី ស្រុកបរិបូណ៌មានលក្ខណៈទូលំទូលាយគ្របដណ្តប់ទាំងឯកសារគតិយុត្ត និងបច្ចេកទេសសម្រាប់ធ្វើការ សម្របសម្រួលជាមួយនឹងវិស័យនានា ដែលជាកម្លាំងចលករសេដ្ឋកិច្ចសំដៅធ្វើការ តម្រង់ទិសការអភិវឌ្ឍប្រកបដោយចីរភាព ឆ្លើយតបទៅនឹងកំណើនប្រជាសាស្ត្រ តម្រូវការក្នុងការប្រើប្រាស់ដី ការអភិវឌ្ឍលំនៅឋាន និងការអភិវឌ្ឍគ្រប់កម្រិតក្នុងពេលបច្ចុប្បន្ន។ 

ប្លង់គោលនេះ មិនត្រឹមតែប្រើប្រាស់ក្នុងកម្រិតបច្ចុប្បន្ននោះទេ គឺប្រើប្រាស់ទៅអនាគតដោយធានាបាននូវការការពារ ធនធានដី ធនធានទឹកក្រោមដី ប្រព័ន្ធអេកូឡូស៊ី បរិស្ថាន និងធនធានធម្មជាតិ ជាពិសេសការអភិរក្ស ធនធាន ធម្មជាតិតំបន់បឹងទន្លេសាប តំបន់ឆ្នុកទ្រដែលរងការបំផ្លាញ ដោយសារសកម្មភាពអភិវឌ្ឍខុសបទដ្ឋានបច្ចេកទេស ឬដោយសារការប្រែប្រួលអាកាសធាតុ ដូចជា ការបំភាយឧស្ម័នផ្ទះកញ្ចក់ ការកើនឡើងនៃកម្ដៅនៅក្នុងទីប្រជុំជន របបទឹកភ្លៀងមិនទៀងទាត់ ទឹកជំនន់ ភាពរាំងស្ងួត និងខ្យល់ព្យុះជាដើម។ បើតាមការបន្តទៀតរនបស់ គណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិ។

គណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិ បានបន្ថែមថា ដើម្បីកំណត់ចក្ខុវិស័យដល់ឆ្នាំ២០៣០ ប្លង់គោលប្រើប្រាស់ដីស្រុកបរិបូណ៌ត្រូវបានសិក្សានូវក្របខណ្ឌ សេដ្ឋកិច្ច សង្គម ដោយផ្អែកតាមរបាយការណ៍ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនទូទៅ នូវប្រជាសាស្ត្ររបស់ប្រទេសកម្ពុជាឆ្នាំ២០០៨ និងឆ្នាំ២០១៩ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ។

តាមរយៈការសិក្សាខាងលើនេះ ស្រុកបរិបូណ៌មានផ្ទៃដី ៤២,៣០៩ហិកតា ចំនួនប្រជាជននៅឆ្នាំ២០០៨ មានចំនួន ៥៤, ៧១៤នាក់ ឆ្នាំ២០១៨ មានចំនួន ៥៨,៤១៧នាក់ និងនៅឆ្នាំ២០៣០ នឹងកើនឡើងដល់ ៦៣,១៩៤នាក់ ផ្អែកតាមការគណនាអត្រាកំណើនប្រចាំឆ្នាំ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)