Register Already an agent ? Login

ការប្រមូលពន្ធដារ បានថយចុះ ១៥១លានដុល្លារ ៨ខែនេះ ប្រមូលបានតែ ជិត២ពាន់លានដុល្លារ

ភ្នំពេញ៖ រយៈពេល ៨ខែ ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលពន្ធ-អាករ បានចំនួន ៧,៧៣២.៥៤ប៊ីលានរៀល (ប្រមាណ ១,៩០៩.២៧លានដុល្លារ) ស្មើនឹង៨៥.១២ភាគរយ នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០ ឃើញថាថយចុះចំនួន ៦១២.៧៦ប៊ីលានរៀល (ប្រមាណ ១៥១.៣០លានដុល្លារ) ស្មើនឹង -៧.៣៤ភាគរយ។ បើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា សម្រាប់ការប្រមូលចំណូលពន្ធ ក្នុងខែសីហា ឆ្នាំ២០២១ ទទួលបានចំណូលយ៉ាងល្អប្រសើរចំនួន ៧៧៨.៨១ប៊ីលានរៀល (ប្រមាណ១៩២.៣០លានដុល្លារ) បើធៀបនឹងឆ្នាំ២០២០ ឃើញថា បានកើនឡើងចំនួន ៨៧.៨១ប៊ីលានរៀល (ប្រមាណ ២១.៦៨លានដុល្លារ) ស្មើនឹង១២.៧១ភាគរយ។

បើតាម អគ្គនាយកដ្ឋានពន្ធដារ បានបន្តថា តួលេខប្រមូលចំណូលក្នុងខែសីហា ឆ្នាំ២០២១ បានលើសផែនការប្រចាំខែ ដែលប្រមូលក្នុងរង្វង់ប្រមាណ ៨.៣៣ភាគរយ នៃផែនការប្រចាំឆ្នាំ ហើយជាធម្មតាខែសីហា គឺជាខែដែលប្រមូលពន្ធ-អាករបានក្នុងក្រិតទាប (Low Season)។

សម្រាប់ឆ្នាំ២០២១ ដើម្បីធានានូវប្រសិទ្ធភាពក្នុងការអនុវត្តការគ្រប់គ្រងប្រមូលពន្ធបានគ្រប់តាមផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងចំនួន ៩,០៨៤.៤២ប៊ីលានរៀល (ប្រមាណ ២,២៤៣.០៧ដុល្លារ) អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តពង្រឹងការអនុវត្តនូវវិធានការគោលនយោបាយ និងរដ្ឋបាលសារពើពន្ធដែលរួមមានវិធានការសំខាន់ដូចខាងក្រោម៖

អនុវត្តការគ្រប់គ្រងការប្រមូលចំណូលពន្ធលើអចលទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រមូលសម្រាប់ឆ្នាំ២០២១ ដែលនឹងបញ្ចប់នៅថ្ងៃទី៣០​ ខែកញ្ញា ឆ្នាំ២០២១។ អនុវត្តការគ្រប់គ្រងការប្រមូលចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូន​ និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១ ដោយក្នុងនោះពង្រឹងការអនុវត្តវិធានការចំពោះយានយន្តកម្មសិទ្ធិឯកជន ដែលពាក់ ស្លាកលេខរដ្ឋ ខ.ម និង ន.ប។

ពង្រឹងការអនុវត្តការកត់ត្រាបំណុល ការប្រមូលបំណុលពន្ធនិងវិធានការតឹងទារបំណុលពន្ធ ជាពិសេសបំណុលពន្ធធំៗដែលមានសក្ដានុពលដោយកំណត់ជាបំណុលអាទិភាព និងសហគ្រាសស្ថិតក្នុងវិស័យដែលមិនបានរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ អនុវត្តការផ្ដល់សេវាចុះបញ្ជី និងធ្វើបច្ចុប្ប​ន្នភាព អចលនទ្រព្យនៅក្រុងតាខ្មៅខេត្តកណ្ដាល ដោយផ្ដោតលើទីតាំងសង្កាត់តាក្ដុល សង្កាត់ឬស្សី សង្កាត់ដើមមាន សង្កាត់តាខ្មៅ សង្កាត់ព្រែកហូ និងសង្កាត់កំពង់សំណាញ់។

លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានចាត់ទុកការប្រមូលចំណូលនេះ ជាលទ្ធផលដ៏ល្អប្រសើរ និងជាជោគជ័យរួមរបស់អគ្គនាយកដ្ឋានពន្ធដារ បើទោះបីស្ថិតក្នុងដំណាក់កាលនៃការអូសបន្លាយ នៃការរាតត្បាតជំងឺកូវីដ-១៩ ក្តី។

លោករដ្ឋមន្ត្រីប្រតិភូបានបន្តថា ការដាក់ចេញនូវវិធានការ និងការអនុវត្តតាមប្រព័ន្ធអនឡាញ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលអគ្គនាយកដ្ឋានពន្ធដារ បានបង្កើតជាបន្តបន្ទាប់ គឺជាការអនុវត្តប្រកបដោយបុរសកម្ម និងបានឆ្លើយតបនឹងបញ្ហាប្រឈមការលំបាកនានា ក្នុងបរិបទនៃការរាតត្បាតនៃជំងឺកូវីដ-១៩នេះ ដែលបានឆ្លុះបញ្ចាំងតាមរយៈលទ្ធផលប្រមូលចំណូល ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១ សម្រេចបានរហូត ៨៥.១២ភាគរយ នៃច្បាប់ថវិកាឆ្នាំ២០២១នេះ។

ជាមួយគ្នានេះ លោក គង់ វិបុល បានក្រើនរំលឹក និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារទាំងអស់ ត្រូវយកចិត្តទុកដាក់ថែទាំ សុខភាព និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឲ្យបានល្អ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)