Register Already an agent ? Login

រាជរដ្ឋាភិបាលកម្ពុជា រំពឹងថាសេដ្ឋកិច្ចនឹងកើន៤% ៦ខែឆ្នាំនេះ តែដោយសារព្រឹត្តិការណ៍ ២០កុម្ភៈ សម្រេចបានតែ២,៤%ប៉ុណ្ណោះ

ភ្នំពេញ៖ នៅក្នុងឆមាសទី១ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជារំពឹងថា សេដ្ឋកិច្ចនឹងមានកំណើន ៤ភាគរយ ប៉ុន្តែដោយសារការអូសបន្លាយការរីករាលដាលនៃ «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» បានធ្វើឱ្យការរំពឹងទុកនេះ សម្រេចបានកំណើនត្រឹមតែ ២,៤ភាគរយ គឺទាបជាងការព្យាករដើមឆ្នាំ២០២១នេះ។ បើតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីលទ្ធផលនៃការអនុវត្តថវិការឆមាសទី១ និងការវាយតម្លៃការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២១។

នៅក្នុងរបាយការណ៍ខាងលើបានបញ្ជាក់ឱ្យដឹងថា «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានបង្កផលប៉ះពាល់អវិជ្ចមានដល់អនុវិស័យសំណង់ និងអចលនទ្រព្យ អនុវិស័យលក់ដុំ-រាយ ជាពិសេស អនុវិស័យសណ្ឋាគារ​ និងភោជនីយដ្ឋាន (វិស័យទេសចរណ៍)»។ តែទោះជាយ៉ាងណានេះក្ដី ផលប៉ះពាល់ពីព្រឹត្តិការណ៍នេះ ត្រូវបានប៉ះប៉ូវមួយផ្នែកដោយកត្តាខាងក្រៅសំខាន់ៗមួយចំនួនរួមមាន៖ ភាពល្អប្រសើរឡើងនៃកំណើនសេដ្ឋកិច្ចសកល ពិសេសប្រទេសដៃគូពាណិជ្ជកម្មកម្ពុជា ការបង្វែរការបញ្ជាទិញផលិតផលកាត់ដេរ ការផ្លាស់ប្តូរទីតាំងរោងចក្រពីប្រទេសមីយ៉ាន់ម៉ា និងការបន្តកើនឡើងនូវតម្រូវការផលិតផលកសិកម្មជាដើម។

បើតាមរបាយការណ៍ខាងលើបានបន្តឱ្យដឹងថា វិស័យឧស្សាហកម្ម ត្រូវបានប៉ាន់ស្មានថានឹងមានកំណើនថមថយមកត្រឹមអត្រា ៥,៧ភាគរយ ក្នុងឆ្នាំ២០២១ បើធៀបនឹងកំណើនក្នុងអត្រា ៥,៩ភាគរយ ដែលត្រូវបានព្យាករពីដើមឆ្នាំ ដោយសារកំណើនថមថយនៃអនុវិស័យសំណង់ ខណៈដែលអនុវិស័យកាត់ដេរអាចសម្រេចបានកំណើនដូចការរំពឹងទុក និងអនុវស័យកម្មន្តសាលមិនមែនកាត់ដេរ មានកំណើនខ្ពស់ជាងការរំពឹងទុក។

ជាមួយគ្នានេះ អនុវិស័យកាត់ដេរ ត្រូវបានរំពឹងថាអាចសម្រេចបាន ៤,៦ភាគរយ ដូចនឹងការព្យាករដើមឆ្នាំ បើទោះ អនុវិស័យនេះទទួលរងផលប៉ះពាល់ជាវិជ្ជមានដោយសារព្រឹត្តិការសហគមន៍ ២០កុម្ភៈ ក៏ដោយ។ ផ្អែកទិន្នន័យ ៦ខែដើមឆ្នាំការនាំចេញផលិតផលកាត់ដេរមានកំណើន ១,០ភាគរយ ក្នុងឆ្នាំ២០២១ ធៀបនឹង -៩,៣ភាគរយ ក្នុងឆ្នាំ២០២០។ ដូចគ្នានេះ ការនាំចូលវត្ថុធាតុដើមកាត់ដេរគិតត្រឹម ៦ខែឆ្នាំ២០២១ បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងអត្រា ២៦,៦ភាគរយ ក្នុងឆ្នាំ២០២១ ធៀបនឹង -១៩,២ភាគរយ ក្នុងឆ្នាំ២០២០ ដែលអាចឆ្លុះបញ្ចាំងពីការរំពឹងទុកនៃការកើនឡើង ការនាំចេញផលិតផលកាត់ដេរនាពេលខាងមុខ។

អនុវស័យសំណង់ ត្រូវបានប៉ាន់ស្មានថានឹងមានកំណើនត្រឹមអត្រា ១,៤ភាគរយ ក្នុងឆ្នាំ២០២១​ គឺទាបជាងការព្យាករដើមឆ្នាំ ដែលរំពឹងថានឹងមានកំណើន ២,៩ភាគរយ ដែលឆ្លុះបញ្ចាំងតាមរយៈការធ្លាក់ចុះជាងការរំពឹងទុកនៃសកម្មភាពសំណង់ថ្លៃខ្ពស់ និងសំណង់បម្រើឱ្យវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ខណៈដែលសកម្មភាពសំណង់លំនៅឋានថ្លៃទាប និងមធ្យមត្រូវបានរំពឹងថាបន្តកំណើនក្នុងអត្រាទាប។ បើតាមរបាយការណ៍ដដែល។

បើតាមរបាយការណ៍ដដែលបានបន្ថែមឱ្យដឹងថា វិស័យសេវាកម្ម ត្រូវបានប៉ាន់ស្មានថានឹងមានកំណើនក្នុងអត្រា ០,៣ភាគរយ ក្នុងឆ្នាំ២០២១ ទាបជាងការព្យាករពីដើមឆ្នាំ ដែលត្រូវបានរំពឹងថានឹងមានកំណើន ៣,៤ភាគរយ ដោយសារការបន្តធ្លាក់ចុះនៃអនុវស័យសណ្ឋាគារ និងភោជនីយដ្ឋាន ការថមថយកំណើននៃអនុវិស័យលក់ដុំ-រាយ និងអចលនទ្រព្យ ខណៈដែលអនុវិស័យដឹកជញ្ជូននិងគមនាគមន៍ត្រូវបានប៉ាន់ស្មានថាមានកំណើនល្អប្រសើរជាងការរំពឹងទុក។

ជាក់ស្ដែង អនុវិស័យអចលនទ្រព្យ ត្រូវបានវាយតម្លៃថាមានកំណើនថមថយមកត្រឹមអត្រា ០,៦ភាគរយ ក្នុងឆ្នាំ២០២១ បើធៀបនឹងកំណើនក្នុងអត្រា ២,៧ភាគរយ ដែលត្រូវបានព្យាករពីដើមឆ្នាំ ដែលឆ្លុះបញ្ចាំងតាមរយៈការធ្លាក់ចុះជាងការរំពឹងទុកនៃសកម្មភាពទិញ-លក់អចលនទ្រព្យថ្លៃខ្ពស់ ខណៈសកម្មភាពទិញ-លក់អចលនទ្រព្យថ្លៃទាប និងមធ្យមមានការធ្លាក់ចុះបន្តិចក្នុងពេលបិទខ្ទប់ ហើយនឹងងើបឡើងវិញសន្សឹមៗបន្ទាប់ពីវិធានការបិទខ្ទប់ត្រូវបានដកចេញ។

«ផ្អែកលើទិន្នន័យ ៥ខែដើមឆ្នាំ២០២១ ការលក់លំនៅឋានមានការធ្លាក់ចុះក្នុងអត្រាអវិជ្ជមាន ៤,៣ភាគរយ ដែលក្នុងនោះកំណើនលក់លំនៅឋានថ្លៃខ្ពស់មានការធ្លាក់ចុះយ៉ាងគំហុក ខណៈដែលការលក់លំនៅឋានថ្លៃទាប និងមធ្យមនៅរក្សាបានកំណើនទាប»។ បើតាមការបញ្ជាក់ នៅក្នុងរបាយការណ៍ដដែល៕

ដោយ៖ មឿន ឌីណា (Moeun  Dyna)