Register Already an agent ? Login

រយៈពេល ១ខែ កម្ពុជាផលិតមាសបាន ១៣៧គីឡូក្រាម ខណៈការបូមប្រេងឆៅជាលើកដំបូងត្រូវបានបរាជ័យ

ភ្នំពេញ៖រយៈពេល១ខែ ក្រុមហ៊ុន​រុករក​រ៉ែ Renaissance Minerals (Cambodia) Ltd បាន​ផលិត​មាស​ប្រមាណ ១៣៧គីឡូក្រាម ដែលជា​រ៉ែ​មាស ៩០ភាគរយ ដូច្នេះ​នេះ​វា​នឹង​បង្កើត​ប្រាក់ចំណូល​សម្រាប់​ជាតិ។ បើតាមការថ្លែងឱ្យដឹងពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តថា ខណៈដែល ក្រុមហ៊ុន KrisEnergy បានបញ្ជាទៅអ្នកបើកបរកប៉ាល់ផ្ទុកប្រេងឆៅរបស់កម្ពុជាចំនួន ២៩ម៉ឺនបារ៉ែល លួចដឹកចូលក្នុងទឹកដីប្រទេសថៃ។

នៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារនិងយុវជនដែលមានអាយុពី ១២ដល់១៧ឆ្នាំ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ក្នុងវិមានសន្តិភាព សម្ដេចតេជោ បានថ្លែងបន្តថា កម្ពុជា ​រំពឹងថា​នឹង​ទទួលបាន​ប្រាក់ចំណូល​បន្ថែមទៀត​ពី​គម្រោង​រ៉ែ​មាស ដែលរាជ​រដ្ឋាភិបាល​ធ្វើ​សម្បទាន​ដល់​ក្រុមហ៊ុន​រុករក​រ៉ែ​របស់​ប្រទេស​អូស្ដ្រាលី Renaissance Minerals (Cambodia) Ltd។

គម្រោង​វិនិយោគ​លើ​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​លក្ខណៈ​ឧស្សាហកម្ម​តម្លៃ ១២០លាន​ដុល្លារ​ នៅក្នុង​ខេត្ត​មណ្ឌលគិរី​របស់​ក្រុមហ៊ុន Renaissance ស្ថិតនៅ​តំបន់​អូរខ្វាវ ស្រុក​កែវសីមា ខេត្តមណ្ឌលគិរី នេះ​ត្រូវ​បានដាក់​សម្ពោធ​ដោយ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល។ បើតាមការថ្លែងបន្តទៀតរបស់ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា រោងចក្រ​បាន​ដំណើរការ​ស្ល​ចម្រាញ់​រ៉ែមាស​ចាក់​ដុំ​មាស និង​បោះត្រា​សម្គាល់​លើ​ដុំ​មាស (Gold Dore) ទី១ របស់ខ្លួន​កាលពី​ថ្ងៃ ២១ ខែមិថុនា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​រំពឹងថាផលិតផល​មាស​លក្ខណៈ​ឧស្សាហកម្ម​ពី​ជម្រក​រ៉ែ​តំបន់​អូរខ្វាវ​នឹង​ផ្តល់​ចំណូល​ដុល​ជា​មធ្យម​ប្រមាណ ១៨៥លាន​ដុល្លារ ក្នុង១ឆ្នាំ ​ក្នុងនោះ​ចំណូល​ថវិកាជាតិ​ពី​សួយ​សារ និង​សារពើពន្ធ​ផ្សេងៗ​មាន ៤០លាន​ដុល្លារ​ក្នុង១ឆ្នាំ។ ថវិកា​នេះ​នឹងត្រូវ​យកមកប្រើ​ក្នុង​ចរន្ត​ថវិកាជាតិ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម។

ចំពោះបញ្ហាបូមប្រេងឆៅវិញ ប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា កាលពីថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ យើងបានប្រកាសដំណក់ប្រេងលើកដំបូង ប្រហែលបរាជ័យហើយ ដែលក្រុមហ៊ុន KrisEnergy គ្រោងបូមប្រេងក្នុងមួយថ្ងៃឱ្យបាន ៥៧០០បារ៉ែល តែជាក់ស្តែងក្រុមហ៊ុនមួយនេះ អនុវត្តការបូមប្រេងបានតែ ១០០០បារ៉ែល ក្នុងនោះប្រេងដែលក្រុមហ៊ុនបានបូមចេញដាក់កប៉ាលរួច ត្រូវបានក្រុមហ៊ុននាំចេញទៅបាត់ថែមទៀត។

ប្រមុខរាជរដ្ឋាភិបាលបានថ្លែងបន្តទៀតថា ក្រុមហ៊ុនទទួលខុសត្រូវ KrisEngery បានប្រកាសរំលាយក្រុមហ៊ុនកាលពីខែមិថុនា កន្លងទៅនេះ ដោយសារវិបត្តិបំណុលវណ្ឌក ឥឡូវនឹងក្រុមហ៊ុនក្ស័យធន វាបូកថែមទាំងទៅដោយកប៉ាល់ដែលយើងបូមដាក់ វារត់ចេញទៅបាត់ទៅ។ យើងទប់វាមិនទាន់ ចូលដល់ដីថៃរួចហើយ គេមានមេធាវីរបស់គេ គេជួលកប៉ាល់មកទុក ឥឡូវវាយកទៅទាំងអាប្រេងទៅបាត់អស់រលីង។

មុនពេលក្រុមហ៊ុន KrisEnergy ប្រកាសក្ស័យធន បានបូមប្រេងពីប្លុក A ចំនួន ២៩ម៉ឺនបារ៉ែល ដោយយករក្សាទុកនៅក្នុងកប៉ាល់ ដែលសព្វថ្ងៃកំពុងស្ថិតនៅប្រទេសថៃ។ បើតាមថ្លែងរបស់ លោក ជៀប សួរ អគ្គនាយកប្រេងកាតនៃក្រសួងរ៉ែ និងថាមពល ដែលបានប្រាប់ទៅ សារព័ត៌មានThmeyThmey កាលពីម្សិលមិញនេះ។

លោក បានបន្តថា កប៉ាល់ដែលលួចដឹកប្រេងកម្ពុជារត់ទៅបាត់ហ្នឹង គឺក្រុមហ៊ុន KrisEnergy បានជួលពីគេមក សម្រាប់ដំណើរការនៃអាជីវកម្មបូមប្រេងនៅកម្ពុជា ក្រោយយើងដាក់សំណើរទាមទារប្រេងនោះមកវិញ ម្ចាស់កប៉ាល់នោះ បានប្រាប់យើងថា ក្រុមហ៊ុន KrisEnergy បានជំពាក់លុយគាត់។

បើតាមសារព័ត៌មានដដែលបានស្រង់សំដី ជៀប សួរ បានបន្តថា មកទល់ពេលនេះ ក្រសួងរ៉ែ និងថាមពល កំពុងបន្តនិតីវិធីដោះស្រាយផ្នែកច្បាប់ ជាមួយក្រុមហ៊ុន KrisEnergy ខណៈក្រុមហ៊ុននេះក៏​កំពុង​ដំណើរ​ការរឿង​ក្ដី​នៅ​តុលាការ​ ក្រោយ​ប្រកាស​ក្ស័យធន​ដោយសារ​បំណុល។

លោក ជៀប សួរ បានបន្ថែមថា ក្នុងដំណាក់កាល ដែលក្រសួងកំពុងដោះស្រាយជាមួយក្រុមហ៊ុន KrisEnergy គឺមិនទាន់មានក្រុមហ៊ុនថ្មីណា សម្លឹងឃើញការវិនិយោគលើការបូមប្រេងនៅកម្ពុជាឡើយ​ ខណៈកម្ពុជានៅមានប្លុកប្រេង​ជាច្រើនទៀត (ទាំងនៅដែនទឹកនិងដែនគោក កម្ពុជាមានប្រេងប្រមាណ២០ប្លុក) ​ដែលត្រូវបន្តការរុករក​នឹង​ធ្វើ​អាជីវកម្ម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)