Register Already an agent ? Login

ក្រសួងបរិស្ថាន តម្រូវឱ្យម្ចាស់គម្រោងអភិវឌ្ឍន៍ រៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង មុនអនុវត្តគម្រោងរបស់ខ្លួន

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចេញប្រកាសថ្មីតម្រូវឱ្យម្ចាស់គម្រោងអភិវឌ្ឍន៍ ៥ប្រភេទធំៗ អនុវត្តការណែនាំសម្រាប់តារាងផ្ទៀងផ្ទាត់ ក្នុងការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង មុននឹងចាប់ផ្ដើមអនុវត្ត គម្រោងរបស់ខ្លួន។ ប្រកាសថ្មីនេះ ទាមទារឱ្យម្ចាស់គម្រោងអភិវឌ្ឍន៍ អនុវត្តតាមការណែនាំស្ដីពីរបៀបវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ឱ្យបានត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយ។

យោងតាមសេចក្ដីប្រកាសចំនួន ៥ផ្សេងៗគ្នា ដែលបានចុះថ្ងៃខែឆ្នាំដូចគ្នា គឺថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ វិស័យទាំង ៥ នោះ រួមមាន៖

ទី១.គម្រោងសំណង់អគារគ្រប់ប្រភេទ ដែលមានផ្ទៃក្រឡាចាប់ពី ១៥០០០ម៉ែត្រការ៉េ ដល់៤៥,០០០ម៉ែត្រការ៉េ លើកលែងតែសំណង់អគារក្នុងវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធ ដែលកំណត់ដោយក្រសួងបរិស្ថានប៉ុណ្ណោះ។

ទី២.កសិដ្ឋានដែលចិញ្ចឹមសត្វពាហនៈ និងសត្វក្រពើ ចាប់ពី ៥០០ក្បាលឡើងទៅ ឬចិញ្ចឹមសត្វទា ចាប់ពី១០,០០០ ក្បាលឡើង។ វារីវប្បកម្មចិញ្ចឹមត្រី ក្តាម បង្កង គន្ធាយ និងបង្គា ដែលមានទំហំចាប់ពី ១០ហិកតាឡើងទៅ ឬដំាសារាយចាប់ពី ២០ហិកតាឡើងទៅ។

ទី៣.គម្រោងស្ថានីយប្រេងឥន្ទនៈ និងស្ថានីយរួមប្រេងឥន្ទនៈ និងឧស្ម័នឥន្ទនៈ ដែលមានចំណុះចាប់ពី ៤០ ០០០លីត្រ ទៅ៩០០០០លីត្រ។

ទី៤.គម្រោងរោងចក្រធុនស្រាលនិងមធ្យម និងទី៥.គម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ ដែលស្ថិតលើទំហំផ្ទៃដីលើសពី ១០ហិកតា ដល់ ៥០ហិកតា។

នៅក្នុងសេចក្ដីប្រកាសថ្មី បានបញ្ជាក់ «ម្ចាស់គម្រោងអភិវឌ្ឍន៍ឯកជន និងសាធារណៈ ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់ បរិស្ថាន និងសង្គមដំបូង ដោយខ្លួនឯងផ្ទាល់ និង/ឬជួលទីប្រឹក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ជា នីតិបុគ្គល/រូបវន្តបុគ្គល អនុលោមតាមគោលការណ៍ណែនាំសម្រាប់តារាងផ្ទៀងផ្ទាត់ ក្នុងការរៀបចំ របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង»។

របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង លើគម្រោងទាំង ៥ប្រភេទ តម្រូវឱ្យមានការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋដែលរងការប៉ះពាល់ និងអាជ្ញាធរភូមិ ឃុំ សង្កាត់ ពាក់ព័ន្ធ។ ក្នុងករណីចាំបាច់ ត្រូវមានការពិគ្រោះយោបល់ជាមួយរដ្ឋបាលក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងកិច្ចប្រជុំអន្តរក្រសួង។ បើតាមការបញ្ជាក់ បន្តនៅក្នុងសេចក្ដីប្រកាសដដែល។

សូមបញ្ជាក់ថា នៅក្នុងប្រកាសថ្មីនេះ មានការណែនាំ និងនីតិវិធីសរុបជាង ៤០ទំព័រដែលម្ចាស់គម្រោងនីមួយៗខាងលើត្រូវគោរពតាម ក្នុងពេលធ្វើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម៕

ដោយ៖ មឿន​ ឌីណា (Moeun Dyna)