Register Already an agent ? Login

អាមេរិក ផ្ដល់ជំនួយឥតសំណងជាង ១៧លានដុល្លារ ដើម្បីអភិវឌ្ឍវារីវប្បកម្មសម្រាប់និរន្តរភាពពាណិជ្ជកម្មនៅប្រទេសកម្ពុជា

ភ្នំពេញ៖ គម្រោងកម្មវិធីអភិវឌ្ឍវារីវប្បកម្មសម្រាប់និរន្តរភាពពាណិជ្ជកម្មនៅប្រទេសកម្ពុជា បានទទួលហិរញ្ញប្បទានឥតសំណងពីក្រសួងកសិកម្ម អាមេរិក ដែលមានទឹកប្រាក់សរុបចំនួន ១៧,១លានដុល្លារ សម្រាប់រយៈពេល ៥ឆ្នាំ នៃការអនុវត្តគម្រោងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។

ទោះបីជាមានការរំខានដោយជំងឺរាតត្បាតកូវីដ-១៩ លើការធ្វើដំណើរអន្តរជាតិ ការរឹតត្បិតម្តងម្កាលលើការធ្វើដំណើរក្នុងប្រទេសកម្ពុជា និងការធ្លាក់សេដ្ឋកិច្ចយ៉ាងណាក្តី ក៏គម្រោងអភិវឌ្ឍវារីវប្បកម្ម សម្រាប់និរន្តរភាពពាណិជ្ជកម្មនៅប្រទេសកម្ពុជា (Commercialization of Aquaculture for Sustainable Trade in Cambodia “CAST-Cambodia) នៅតែអាចបន្តអនុវត្តសកម្មភាពចាប់ពីខែតុលា ឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន ដែលជាឆ្នាំទី៣នៃការអនុវត្តគម្រោង។

ដំបូងឡើយ គម្រោង CAST គ្រោងសម្រេចឱ្យបានលទ្ធផលច្រើនជាងពេលមុនៗ ប៉ុន្តែដោយសារការផ្ទុះឡើងនៃជំងឺកូវីដ- ១៩ ក្នុងសហគមន៍ចំនួន ៣លើក ផែនការទាំងនេះត្រូវបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

សមាគមវារីវប្បករនៅកម្ពុជា ដែលទើបតែត្រូវបានបង្កើតឡើងមិនដល់មួយឆ្នាំផង ក៏ត្រូវបានទទួលស្គាល់ក្នុងនាមតំណាងឱ្យវារីវប្បករ។ ក្នុងពេលដំណាលគ្នានេះ វារីវប្បករលក់ ផលវារីវប្បកម្ម មានតម្លៃថោក ហើយអ្នកប្រមូលទិញ និងអ្នកលក់ដុំមានភាពស្ទាក់ស្ទើរក្នុងការសហការជាមួយវារីវប្បករ ដោយឱ្យតម្លៃផលវារីវប្បកម្មក្នុងស្រុកទាបជាង ឬស្មើតម្លៃត្រីនាំចូល។

នៅឆ្នាំដំបូង គម្រោងនេះបានចុះឈ្មោះតែកន្លែងផលិតចំណីត្រីមួយប៉ុណ្ណោះ ដែលផលិតចំណីសម្រាប់វារីវប្បកម្មនៅកម្ពុជា ។ បច្ចុប្បន្ន បានកត់សម្គាល់ឃើញថា ការនាំចូលចំណីត្រីមកកម្ពុជា ដើម្បីបំពេញតម្រូវការក្នុងការវារីវប្បកម្ម។ CAST ក៏បានផ្ដល់ធាតុចូលដល់ក្រុមហ៊ុនផលិតចំណីមួយចំនួន ដោយបានបណ្ដុះបណ្ដាលចំណេះដឹង និងបច្ចេកទេសវារីវប្បកម្ម។

លទ្ធផលបង្ហាញថា  អ្នកទទួលផលផ្ទាល់ ១០០ភាគរយ ពីគម្រោង CAST ដែលបានចូលរួមវគ្គបណ្តុះបណ្តាល ក្រោមសកម្មភាពនេះនៅខែធ្នូ ឆ្នាំ២០២០ និងត្រូវបានជ្រើសរើសដោយចៃដន្យ នៅតែចងចាំខ្លឹមសារសំខាន់ៗពីវគ្គបណ្តុះបណ្តាលនោះ។ ស្ថានីយ៍ផលិតកូនត្រីពូជចំនួន ៣៤ភាគរយ ដែលបានបណ្តុះបណ្តាល និងជ្រើសរើសដោយចៃដន្យ បានអនុវត្តបច្ចេកទេស និងបច្ចេកវិទ្យាក្នុងរយៈពេល ៦ខែ ក្រោយការបណ្តុះបណ្តាល។

គម្រោងនេះ បានកំណត់ទីតាំងដែលមានសក្តានុពលពីរផ្សេងទៀត ទីមួយស្ថិតនៅខេត្តសៀមរាប សម្រាប់បង្ហាញដល់កសិដ្ឋានផលិតកូនត្រីពូជ អ្នកបំប៉នកូនត្រី និងអ្នកចិញ្ចឹម និងទីតាំងទីពីរស្ថិតក្នុងខេត្តកំពង់ធំ។ ត្រីដែលផលិតបានតាមការបណ្ដុះបណ្ដាលរបស់គម្រោងចំនួន ៣ ៤៩៨,៥គីឡូក្រាម ត្រូវបានទិញយកទៅកែច្នៃនៅខេត្តកំពង់ធំ បាត់ដំបង និងរាជធានីភ្នំពេញ។

យុទ្ធនាការបង្កើនលទ្ធភាពទីផ្សារតម្លៃខ្ពស់ និងយល់ដឹងអំពីការចិញ្ចឹមត្រីដោយសុវត្ថិភាពនៅកម្ពុជា ស្ថិតក្រោមការសម្របសម្រួលពីរដ្ឋបាលជលផល ដោយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលជលផល និងផ្តល់ការគាំទ្រពីការិយាល័យប្រព័ន្ធគ្រប់គ្រងព័ត៌មាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បរិមាណត្រីចំនួន ៤,៩៧០តោន ត្រូវបានលក់ និងកែច្នៃនៅទីផ្សារក្នុងស្រុក សម្រេចបាន ៤៧ភាគរយ នៃចំណុចដៅប្រចាំឆ្នាំគម្រោង។ ទន្ទឹមនឹងនេះ អ្នកទទួលផលផ្ទាល់ពីគម្រោង CAST ចំនួន ៤៦នាក់ ដោយបានទទួលការបណ្តុះបណ្តាលពីសកម្មភាពនេះក្នុងការអនុវត្តការងារបច្ចុប្បន្ន។

គម្រោង CAST បានដឹងពី ការជំពាក់បំណុលវណ្ឌក ដោយអ្នកទទួលផ្ទាល់មួយចំនួនពីគម្រោង។ ដូច្នេះ ចំណុចផ្តោតសំខាន់គឺការធានាថា ជំនួយបច្ចេកទេសរួមបញ្ចូលការណែនាំស្តីពីរបៀបវាយតម្លៃលក្ខខណ្ឌកម្ចីមុននឹងផ្តល់មូលនិធិ។ ក្នុងអំឡុងពេលកំពុងអនុវត្តន៍ការងារ សេវាដែលផ្តល់ដោយក្រុម គឺស្មើនឹងចំណុចដៅប្រចាំឆ្នាំរបស់គម្រោងចំនួន ៧៧ភាគរយ។ ក្នុងរយៈពេល ២ខែចុងក្រោយនៃអំឡុងពេលរាយការណ៍នេះ គ្រឹះស្ថានហិរញ្ញវត្ថុចម្រើនបានផ្តល់កម្ចី ១៦២ ០០០ដុល្លារ ដល់សហគ្រាសខ្នាតតូច និងមធ្យមចំនួន៧ សម្រាប់ការកែលម្អអាជីវកម្ម ស្មើនឹង ៧២ភាគរយ នៃចំណុចដៅប្រចាំឆ្នាំរបស់គម្រោងនៅឆ្នាំសារពើពន្ធ ឆ្នាំ២០២១៕

ដោយ៖មឿន ឌីណា