Register Already an agent ? Login

សហភាពអឺរ៉ុប ផ្ដល់ជំនួយឥតសំណង ១០៤លានដុល្លារ មកកម្ពុជា ដើម្បីអភិវឌ្ឍវិស័យជលផល ប្រកបដោយចីរភាព និងបរិយាប័ន្ន

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជាសេនាធិការផ្ទាល់ បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប ដើម្បីអនុវត្តកម្មវិធីមួយជាប្រភេទជំនួយឥតសំណងដែលមានឈ្មោះថា «កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន» សម្រាប់រយៈពេល៥ឆ្នាំ ពី២០១៩​ ដល់២០២៣ ដែលមានថវិកាហិរញ្ញប្រទានរបស់សហភាពអឺរ៉ុបសរុបចំនួន ៨៧លានអឺរ៉ូ (ប្រមាណ ១០៤លានដុល្លារ)។

កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន មានថវិកាបដិភាគចំនួន ១១លានអឺរ៉ូផ្សេងទៀត ដែលបានមកពីរាជរដ្ឋាភិបាលកម្ពុជា និងអង្គការដៃគូ អភិវឌ្ឍនានាផងដែរ។

កម្មវិធីនេះ អនុវត្តដោយផ្អែកទៅលើក្របខ័ណ្ឌផែនការយុទ្ធសាស្រ្តវិស័យជលផលឆ្នាំ២០១៥-២០២៤ ដែលគាំទ្រនិងផ្តោតលើសសរស្តម្ភសំខាន់ៗចំនួន៤ រួមមាន៖ ទី១.ការនេសាទ និងការគ្រប់គ្រង, ទី២.វារីវប្បកម្មទឹកសាប និងសមុទ្រ, ទី៣.ខ្សែច្រវាក់ផលិតកម្មជលផល និងទី៤.ច្បាប់ និងសេវាកម្ម។

កម្មវិធីនេះ មានគោលបំណង ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព ភាពធន់ទៅនឹងអាកាសធាតុនិងបរិយាប័ន្ន ធនធានជលផលទឹកសាបនិងសមុទ្រនៅកម្ពុជា និងបានចូលរួមចំណែកជួយដោះស្រាយបញ្ហានានាដែលបាននិងកំពុងប្រឈមក្នុងវិស័យជលផល ជាពិសេសបញ្ហាពាក់ព័ន្ធនឹងសកម្មភាពប្រយុទ្ធប្រឆាំងនឹងសកម្មភាពការនេសាទខុសច្បាប់និងគ្មានរបាយការណ៍ (IUU) នៅកម្ពុជា។

ការបែងថវិកាសរុបរបស់កម្មវិធីមានចំនួន ៩២,៧លានអឺរ៉ូ ដែលក្នុងនោះថវិការបស់សហភាពអឺរ៉ុប ចំនួន ៨៧ លានអឺរ៉ូ នឹងត្រូវបែងចែកគឺ៖ ទី១.ថវិកា ៣៥លានអឺរ៉ូ គាំទ្រវិស័យជលផល (Budget Support) ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តន៍គម្រោងកម្មវិធីចំនួន ៥ឆ្នាំ។

ទី២.ថវិកា ៥២លានអឺរ៉ូ គាំទ្របន្ថែម (Complementary Support) ក្នុងនោះមាន៖ ថវិកា ១៧លានអឺរ៉ូ ផ្តល់ឱ្យអង្គការ FAO (Indirect Management with FAO), ថវិកា ១៦លានអឺរ៉ូ ផ្តល់ឱ្យ UNIDO (Indirect Management with UNIDO), ថវិកា ១៦លានអឺរ៉ូ ផ្តល់ឱ្យអង្គការក្រៅរដ្ឋាភិបាល (Grants: call for proposals) Direct Management by EU, ថវិកា ០,៨លានអឺរ៉ូ សម្រាប់ការងារលទ្ធកម្ម (Procurement-total envelope under section 2.2) Direct Management by EU, ថវិកា ២,២លានអឺរ៉ូ សម្រាប់វាយតម្លៃសវនកម្ម និងបម្រុងផ្សេងៗ (Direct Management by EU)។

ប្រវត្តិនៃកម្មវិធី ជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាប័ន្ន ផ្នែកនេសាទ (CAPFISH-Capture) ត្រូវបានផ្តួចផ្តើមដោយសហភាពអឺរ៉ុប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល នៅឆ្នាំ២០១៥ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល មន្ត្រីស្ថានទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងក្រុមជំនាញការសហភាពអឺរ៉ុប បានពិភាក្សារៀបចំ និងសម្រេចចងក្រងឯកសារនៃកម្មវិធីនេះក្នុងឆ្នាំ២០១៩។

សហភាពអឺរ៉ុបបានចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងហិរញ្ញប្បទាន ដែលជាប្រភេទជំនួយឥតសំណងនៃឯកសារលេខ ACA/2018/041-466 និង ACA/2019/041-594 នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់មកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខានៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩៕

ដោយ៖ មឿន ឌីណា