Register Already an agent ? Login

ក្រុមហ៊ុនកសិកម្មជប៉ុន កំពុងដាំសាកល្បង ត្រសក់ផ្អែមនៅខេត្តបាត់ដំបង ដើម្បីនាំចេញទៅប្រទេសជប៉ុន

ភ្នំពេញ៖ ស្របទៅតាមស្ថានភាពភូមិសាស្រ្ត អាកាសធាតុស្រុកខ្មែរ លក្ខខណ្ឌអំណោយផល និងសេចក្តីត្រូវការទីផ្សារជប៉ុន ក្រុមហ៊ុន Yamato Green កំពុងដាំសាកល្បងត្រសក់ផ្អែមជប៉ុន នៅខេត្តបាត់ដំបង។ បើតាមកិច្ចជំនួបក្រៅផ្លូវការ រវាងរដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន និងនាយកក្រុមហ៊ុន Yamato Green  នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងបន្តថា សម្រាប់អនាគតក្រុមហ៊ុនមានបំណងផលិតត្រសក់ផ្អែម (ផ្លែមេឡុង) តាមស្តង់ដារជប៉ុនដើម្បីនាំចេញ ទៅទីផ្សារជប៉ុន។

នៅក្នុងជំនួបខាងលើ នាយកក្រុមហ៊ុន Yamato Green បានថ្លែងថា សម្រាប់អនាគតក្រុមហ៊ុនផលិតត្រសក់ផ្អែម តាមស្តង់ដារជប៉ុនដើម្បីនាំចេញ ដោយសហការជាមួយដៃគូក្នុងការផ្តល់ពូជ ជី និងបច្ចេកទេសដាំ ធ្វើយ៉ាងណាទទួលបានផលមានគុណភាព (កម្រិតផ្អែមខ្ពស់) ដូចផលិតផលដាំនៅប្រទេសជប៉ុន។

នាយកក្រុមហ៊ុន Yamato Green បានថ្លែងបន្តថា ផ្លែឈើថ្មីមួយទៀតដែលប្រជាជនជប៉ុនពេញនិយមគឺ ផ្លែប៊ឺ (Avocado) ក្រុមហ៊ុនយល់ឃើញថា កម្ពុជាមានសក្តានុពលផលិត ប៉ុន្តែបច្ចេកទេសទាំងការដាំដុះ បង្កាត់ពូជ និងរក្សាទុកនៅមានកម្រិត។

«ហេតុផលនេះ អនាគតក្រុមហ៊ុននឹងសិក្សាស្រាវជ្រាវបង្កាត់វាជាមួយស្វាយដើម្បីកាត់បន្ថយអាយុផលិតកម្ម (ឆាប់បានផល) ធន់នឹងអាកាសធាតុ ជំងឹ ជាពិសេសផ្តល់ផលបានគ្រប់រដូវ។ ព្រមជាមួយគ្នាក្រុមហ៊ុននឹងសិក្សាអំពីលទ្ធភាពរក្សាទុកផ្លែវា ក្នុងទូត្រជាក់ដោយរក្សាបាននូវគុណភាព បំណងរក្សានិរន្តរភាពនៃការផ្គត់ផ្គង់ទីផ្សារឱ្យបានពេញមួយឆ្នាំ»។ បើតាមការបញ្ជាក់របស់ នាយកក្រុមហ៊ុន Yamato Green។

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានស្វាគមន៍ និងបង្ហាញពីឆន្ទ:គាំទ្រ ព្រោះជាប្រភេទដំណាំថ្មី បច្ចេលទេសថ្មី និងពេញនិយមសម្រាប់ទីផ្សារជប៉ុន។ មិនតែប៉ុណ្ណោះ លោក រដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានកសិកម្មស្រាវជ្រាវនៅក្នុងស្ថានីយរបស់ក្រសួងផ្ទាល់នៅខេត្តរតនគីរី។ លោក បានបន្តថា លទ្ធផលនៃការពិសោធន៍អាចធ្វើការផ្សព្វផ្សាយជូនកសិករនៅតំបន់ខ្ពស់រាប (រតនគីរី មណ្ឌលគីរី ក្រចេះ និងស្ទឹងត្រែង) ដោយសហការជាមួយក្រុមហ៊ុនផលិតនិងផ្គត់ផ្គង់ ហើយគម្រោងនេះគួរចាប់ផ្តើមអនុវត្តបន្ទាន់កាន់តែល្អ។

បើតាមជំនួបដដែល ភាគីក្រុមហ៊ុន Yamato Green បានលើកឡើងអំពីដាំរុក្ខជាតិកញ្ឆា ជាប្រភេទរុក្ខជាតិឱសថសម្រាប់បម្រើឱ្យវិស័យសុខាភិបាល (គេយកគ្រាប់វា មិនមែនស្លឹក) ធ្វើជាឱសថ។ ក្រុមហ៊ុនជាច្រើនចាប់អារម្មណ៍ វិនិយោគនៅកម្ពុជា ដោយនាំយកពូជពីសហរដ្ឋអាមេរិក នឹងនាំផលិតផលសម្រេចទៅអាមេរិក និងជប៉ុន។ បច្ចុប្បន្នមានប្រទេសថៃ និងកូរ៉េ បានទទួលការអនុញ្ជាតឱ្យដាំដុះ និងកែច្នៃ ហើយត្រូវបាននាំចេញទៅអាមេរិក និងជប៉ុនក្នុងលក្ខខណ្ឌចុះកិច្ចសន្យាតាមបែបបច្ចេកទេស និងវិទ្យាសាស្រ្ត។

ចំណុចនេះ លោក រដ្ឋមន្ត្រី បានទទួលយកមកពិចារណាជាបឋម និងបានស្នើឱ្យក្រុមហ៊ុនសហការជាមួយក្រសួងពាក់ព័ន្ធ រួមជាមួយក្រសួងកសិកម្មផងដែរក្នុងការដាំដុះក្នុងទំហំដីកំណត់ត្រឹមត្រូវច្បាស់លាស់មួយក្នុងស្ថានីយ ឬមណ្ឌលស្រាវជ្រាវកសិកម្ម ដើម្បីជាភស្តុតាងខាងផ្នែកវិទ្យាសាស្រ្ត មុនដាក់សំណើជូនរាជរដ្ឋាភិបាលពិនិត្យសម្រេច។

នៅក្នុងបរិយាកាសជំនួបដដែលនេះ ក្រុមហ៊ុន Yamato Green បានលើកឡើងឱ្យដឹងថា អនាគតក្រុមហ៊ុនមានបំណងផលិតជីកសិកម្ម (ជីធម្មជាតិ ឬជីសរីរាង្គ)មនៅកម្ពុជា ដើម្បីធានាគុណភាពកសិផល ពិសេសបន្លែ ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឲ្យអស់លទ្ធភាព និងកាត់បន្ថយការនាំចូលជីគីមី។

នាឱកាសនោះ លោក វេង​សាខុន បានថា យើងមានការគាំទ្រ ដោយកម្ពុជាមានវត្ថុធាតុដើមច្រើនទីមួយ ទីពីរផលិតផលដែលប្រើជីធម្មជាតិ ឬជីសរីរាង្គមានតម្លៃខ្ពស់ ធានាបាននូវសុខភាពសាធារណរក្សាគុណភាពដី និងដំណាំកាត់បន្ថយថ្លៃដើម៕

ដោយ៖ Moeun Dyna