Register Already an agent ? Login

តំបន់ការពារធម្មជាតិចំនួន៤ នៅខេត្តព្រះវិហារមានផ្ទៃដីសរុប ៥៤លានហិកតា គាំទ្រដល់ការរស់នៅប្រជាពលរដ្ឋជិត ១ម៉ឺនគ្រួសារ

ព្រះវិហារ៖ តំបន់ការពារធម្មជាតិចំនួន៤ នៅលើដីនៃខេត្តព្រះវិហារ រួមមានដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃព្រះរការ និងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង មានផ្ទៃដីសរុប ចំនួន ៥៤៦,១២៩,៤១ហិកតា។ តំបន់ការពារធម្មជាតិទាំង៤ គាំទ្រដល់ ការរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋានជិត ១០,០០០គ្រួសារ និងមានសត្វព្រៃ រងការគំរាមកំហែងជាសកលជាង ៣០ប្រភេទ ដូចជាដំរីអាស៊ី និងសត្វស្លាបជិតផុតពូជបំផុត ៥ប្រភេទរួមមាន៖ ត្មាតផេះ ត្មាតត្នោត ត្មាតភ្លើង ត្រយងយក្ស និងត្រយងចង្កំ-កស ជាដើម។ បើយោងតាមក្រសួងបរិស្ថាន។

ក្រសួងបរិស្ថានបានអនុញ្ញាតឱ្យអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អនុវត្តនូវគម្រោងរេដបូក (REDD+) នៅតំបន់ការពារធម្មជាតិចំនួន៤ ទីតាំងខាងលើ។ បើតាមការថ្លែងឱ្យដឹងពី លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្តថា តំបន់ទាំង៤ ដែលត្រូវសិក្សានេះ ត្រូវបានយកគំរូចំនួន ៤៣ទីតាំង ដើម្បីសិក្សាវាយតម្លៃ ដើម្បីឱ្យមន្ត្រីជំនាញសិក្សាវាយតម្លៃ មុននឹងដាក់លក់នៅលើទីផ្សារអន្តរជាតិ ដែលជាទីផ្សារស្ម័គ្រចិត្ត។

លោក បញ្ជាក់ «ទីផ្សារលក់ឥណទានកាបូននេះ ពិតជាមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជារបស់យើង ការបោះជំហ៊ាននៅក្នុងទីផ្សារឥណទានកាបូន គឺបញ្ជាក់ពីភាពប្រសើរឡើងនៃការការពារធនធានធម្មជាតិរបស់យើង»។

ក្រោមការតាំងចិត្ត និងគោលនយោបាយការពារធនធានធម្មជាតិ ព្រៃឈើរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះមានក្រសួងបរិស្ថានជាសេនាធិការ កម្ពុជាបានក្លាយជាប្រទេសឈានមុនមួយក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ លើកិច្ចការងារលក់ឥណទានកាបូនលើទីផ្សារស្ម័គ្រចិត្ត។ បើតាមការថ្លែងបន្តរបស់ លោក នេត្រ ភក្ត្រា បានបន្ថែមថា ខណៈក្រសួងបរិស្ថាន និងអង្គការ WCS កំពុងតែសិក្សាលទ្ធភាពដើម្បីលក់ឥណទានកាបូននៅភូមិភាគខាងជើង ដែលគ្របដណ្តប់ទៅលើតំបន់ការពារធនធានធម្មជាតិមួយចំនួនក្នុងខេត្តព្រះវិហារ។

នៅក្នុងដំណាក់កាលនៃតំបន់ធម្មជាតិចំនួន៤ ដែលយើងធ្វើការងារជាមួយអង្គការ WCS ដែលក្រសួងបរិស្ថាន ប្រគល់តួនាទីនឹងឱ្យអង្គការ WCS ក្នុងការអនុវត្តគម្រោង និងសម្របសម្រួលលក់ឥណទានកាបូន នៅលើទីផ្សារស្ម័គ្រចិត្តនេះបានកំពុងតែតែឈានដល់ដំណាក់កាលធ្វើសារពើភណ្ឌ និងប្រឹក្សាយោបល់ជាមួយសហគមន៍ពិនិត្យទៅលើការចាប់ផ្តើមក្នុងការធ្វើកំណត់តំបន់ក្នុងការសិក្សា  វាយតម្លៃលើកម្រិតបាយអូម៉ាស់ នៅក្នុងតំបន់ទាំងអស់ហ្នឹង។ បើតាមការបន្ថែមទៀតរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន។

នាយកកម្មវិធីរបស់អង្គការ WCS លោក កែន សេរីរដ្ឋា បានថ្លែងឱ្យដឹងថា គម្រោងរេដបូក ដែលយើងរៀបចំនៅភូមិភាគខាងជើង ដែលគ្របដណ្តប់ទៅលើតំបន់ការពារធនធានធម្មជាតិមួយចំនួន ចាប់ផ្តើមពីតំបន់ការពារសត្វព្រៃឆែប ដែនជម្រកសត្វព្រៃព្រះរកា ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តព្រះវិហារនេះ គឺជាជំហ៊ានបឋម ដើម្បីឱ្យយើងអាចឈានទៅពង្រីកការគ្របដណ្តប់វិសាលភាព នៃផ្ទៃដីគម្រោងរេដបូក សម្រាប់ភូមិសាស្ត្រខេត្តព្រះវិហារទាំងមូល។

សម្រាប់គម្រោងរេដបូកនេះ គឺទទួលបានការគាំទ្រផ្នែកគោលនយោបាយពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថាន ជាសេនាធិការបច្ចេកទេស ដោយបានផ្តល់នូវកិច្ចគាំទ្រទៅលទិដ្ឋភាពផ្លួវច្បាប់ និងបច្ចេកទេសសម្រាប់ធ្វើលើកិច្ចការងារនេះ បន្ថែមពីនេះ អង្គការ WCS បានទទួលជំនួយពីគម្រោង USAID តាមរយៈគម្រោងព្រៃឡង់បៃតង សម្រាប់ជួយឧបត្ថម្ភប្រើប្រាស់នូវថវិកា ក្នុងការដំណើរការទូទៅនេះជាដើម។ បើតាមការបន្តរបស់ លោក កែន សេរីរដ្ឋា។

ការលក់ឥណទានកាបូនលើទីផ្សារស្ម័គ្រចិត្តកម្ពុជា ដែលទទួលបានជោគជ័យកន្លងមក និងជាមោទកភាពមួយរបស់កម្ពុជា ដែលយើងបានចូលរួមជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺកម្ពុជា ជាប្រទេសមួយដែលបានឈានមុនគេក្នុងការលក់ឥណទានកាបូន។ បើតាមការលើកឡើងបន្តរបស់ លោក នាយកកម្មវិធីរបស់អង្គការ WCS បានបន្ថែមទៀតថា នេះជាមោទកភាពមួយដែលកម្ពុជា ពីមុនត្រូវរងការរិះគន់ពីសំណាក់មហាជនមួយចំនួនថា កម្ពុជា ជាតំបន់មួយដែលបាត់បង់ព្រៃឈើ តាមការកាប់បំផ្លាញព្រៃឈើ។ល។ និង ។ល។

ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ១១,៦លានដុល្លារ ពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា៖ Disney Kering Intuit និង Shall និងក្រុមហ៊ុន Gucci។ កម្ពុជាកំពុងតែសិក្សានិងអនុវត្តគម្រោងឥណទានកាបូន សាកល្បងនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង បន្ថែមទៀតជាមួយក្រុមហ៊ុនជប៉ុន «Mitsui»។

បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,៣លានហិកតា ដែលក្នុងនោះមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ការពារបេតិកភណ្ឌធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះសរុបចំនួន ៦៩កន្លែង និងមានមន្ត្រីឧទ្យានុរក្សចំនួន ១២៦០នាក់ ដោយសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូនានា បាននិងកំពុងឈរជើងការពារ៕

ដោយ៖ Moeun Dyna