Register Already an agent ? Login

អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ប្រមូលចំណូលបានក្នុងត្រីមាសទី១ ឆ្នាំ២០២១ ចំនួន ៦១៤,៨លានដុល្លារ ថយចុះជាង ១៥%

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ប្រមូលចំណូលបានក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ មានចំនួន ២,៤៨៩.៨ប៊ីលានរៀល (ស្មើនឹង ៦១៤,៨លានដុល្លារ) ថយចុះប្រមាណ ១៥,២ភាគរយ ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០។ បើតាមកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២១។

នៅក្នុងកិច្ចប្រជុំខាងលើ ដែលដឹកនាំដោយ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា លទ្ធផលប្រមូលចំណូលក្នុងត្រីមាសទី១ ឆ្នាំ២០២១ នេះគឺសម្រេចបាន ២៦ភាគរយ នៃផែនការឆ្នាំដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

បើតាមកិច្ចប្រជុំនេះឱ្យដឹងទៀតថា ក្នុងខែមីនា ឆ្នាំ២០២១ អគរ ប្រមូលចំណូលបាន ៨៥៥.៩ប៊ីលានរៀល (ស្មើនឹង ២១១.៣លានដុល្លារ) ថយចុះប្រមាណ ៤.៧ភាគរយ បើធៀបនឹងខែមីនា ឆ្នាំ២០២០។

ចំណូលប្រចាំត្រីមាសទី១ ឆ្នាំ២០២១នេះ បើគិតតាមប្រភេទពន្ធនិងអាករនោះ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួន ៩៣០.៧ប៊ីលានរៀល (ប្រមាណ ៣៧,៤% នៃចំណូលសរុប), អាករពិសេសមាន ៩៥៨ប៊ីលានរៀល (ប្រមាណ ៣៨.៥% នៃចំណូលសរុប), ពន្ធគយមាន ៤៤៣.៥ ប៊ីលានរៀល (ប្រមាណ ១៧,៨% នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងមាន ១០៦,៧ប៊ីលានរៀល (ប្រមាណ ៤,៣%នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមាន ៥១ប៊ីលានរៀល (ប្រមាណ ២% នៃចំណូលសរុប)។

បើគិតតាមក្រុមទំនិញវិញ ចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួន ១,០៨៣.៣ប៊ីលានរៀល គ្របដណ្តប់ ៤៣.៥ភាគរយ នៃចំណូលសរុប, ទំនិញចម្រុះមានចំនួន ៦៨២,៣ប៊ីលានរៀល ប្រមាណ ២៧,៤ភាគរយ នៃចំណូលសរុប, ផលិតផលតេលសិលាមានចំនួន ៥៦៨,៣ប៊ីលានរៀល ស្មើនឹង ២២.៨ភាគរយ នៃចំណូលសរុប និងសម្ភារសំណង់និងកម្រៃផ្សេងៗ មានចំនួន ១៥៥,៩ប៊ីលានរៀល ស្មើនឹង ៦,៣ភាគរយ នៃចំណូលសរុប។

បើពិនិត្យមើលតួលេខបណ្ដោះអាសន្ននៃទំហំពាណិជ្ជកម្មអន្តរជាតិក្នុងត្រីមាសទី១ ឆ្នាំ២០២១ ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០ មានដូចខាងក្រោម៖

• ការនាំចេញផលិតផលកាត់ដេរមានចំនួន ២,៥២៧.១៩លានដុល្លារ ថយចុះប្រមាណ ១៤៥.៥១លានដុល្លារ ស្មើនឹង៥,៤៤ភាគរយ។

• ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា កង់ គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ កុងផ្លាកេ និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានចំនួន ៨៨៧,៦៨លានដុល្លារ កើនឡើងប្រមាណប្រមាណ ៣០០,៩៣លានដុល្លារ ឬ៥២,១៨ភាគរយ។ កំណើនល្អប្រសើរនៃការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរបានឆ្លុះបញ្ចាំងពីលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មវិស័យឧស្សាហកម្មនៅកម្ពុជា។

• ការនាំចេញកសិផលមានចំនួន ១,០១៤.១២លានដុល្លារ កើនឡើងប្រមាណ ៤១៨.៨៤លានដុល្លារ ឬ៧០.៣៦ភាគរយ ក្នុងនោះរួមមាន៖ ស្រូវនាំចេញមានចំនួន ១,២៣លានតោន មានតម្លៃ ៣១៦,០៣លានដុល្លារ កើនឡើង ប្រមាណ ៦៩៣.៣៥ពាន់តោន (១២៩,១៣%) ឬស្មើនឹងប្រមាណ ២០៨.៤៣លានដុល្លារ (១៩៣,៧២%)។

ជាមួយគ្នានេះ ការនាំចេញអង្ករសម្រេចបាន ១៥៥.៧៥ពាន់តោន មានតម្លៃ ១០៩,៨០លានដុល្លារ ថយចុះប្រមាណ ៥៣.៣៧ពាន់តោន (២៥.៥២%) ឬប្រមាណ ៣៦.០៣លានដុល្លារ (២៤,៧១%), កៅស៊ូនាំចេញមានចំនួន ៦១,៩៣ពាន់តោន មានតម្លៃ ៩៣,០៤លានដុល្លារ កើនឡើងប្រមាណ ៣៩,៦១ពាន់តោន (១៧៧,៤៨%) ឬប្រមាណ ៦២,២៣លានដុល្លារ (២០២,០២%) និងកសិផលផ្សេងទៀតមានចំនួន ២,៦៨លានតោន មានតម្លៃ ៤៩៥,២៦លានដុល្លារ កើនឡើងប្រមាណ ៨៦៦,៨៨ពាន់តោន (៤៧,៧១%) ឬប្រមាណ ១៨៤,២លានដុល្លារ (៥៩,២២%)៕

ដោយ៖ Moeun Dyna