Register Already an agent ? Login

ក្រុមហ៊ុនយក្សមួយគ្រោងដាំកូនឈើជាង ១០០លានដើម លើផ្ទៃដី ១សែនហិកតា ត្រឹមឆ្នាំ២០២៥

ការដាំកូនឈើប្រភេទប្រេងខ្យល់ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ក្រុមហ៊ុនបានដាំបានប្រមាណ ៣.៦លានដើម រួចហើយ ដែលជាការចាប់ផ្តើមដំបូង។ បើតាមការបន្តទៀតរបស់ លោក លី ឈូឆាង ថា ជាមួយបទពិសោធមានស្រាប់ ក្រុមហ៊ុននឹងបង្កើនល្បឿននៃការដាំដុះក្នុងឆ្នាំ២០២១ ឱ្យបាន ១០លានដើម និងឆ្នាំបន្តបន្ទាប់ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រើប្រាស់ឈើក្នុងវិស័យ ឧស្សាហកម្មកែច្នៃឈើ ដែលបច្ចុប្បន្នកម្ពុជាកំពុងត្រូវការខ្លាំង។

ក្រោមកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១១ របស់ទីស្តីការគណៈរដ្ឋមន្រ្តីនៅលើដីរបស់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបឹងចារ ស្ថិតនៅក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ក្រុមហ៊ុន បានឈូសឆាយទីតាំង និងបានសម្រុកដាំចម្ការឈើ ចាប់តាំងពីឆ្នាំ២០១៨ មកហើយរហូតដល់ពេលនេះ ដាំកូនឈើបានចំនួនជាង ៥០០០ហិកតា រួចមកហើយលើផ្ទៃដីសរុបទំហំ ៣៤ ០០៧ហិកតា ដែលក្រុមហ៊ុនទទួលបានសិទ្ធិប្រើប្រាស់ដីព្រៃរិចរិលរបស់រដ្ឋសម្រាប់ដាំឈើជាលក្ខណៈឧស្សាហកម្ម។ បើតាមការលើកឡើងរបស់ នាយកប្រតិបត្តិក្រុមហ៊ុន Think Biotech។

ចម្ការឈើដាំជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមលើកំណើនសេដ្ឋកិច្ចជាតិទាំងការបង្កើតការងារ និងនាំចំណូលសម្រាប់សេដ្ឋកិច្ចជាតិ ប្រទេសជិតខាងកម្ពុជា ក្នុងតំបន់ដូចជាវៀតណាមជាដើមបានរកប្រាក់ចំណូលរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗពីចម្ការឈើដាំ។ បើតាមការបន្ថែមរបស់ លោក លី ឈូឆាង។

 រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតែជំរុញឱ្យមានការវិនិយោគចម្ការឈើដាំឱ្យបានច្រើន ដើម្បីបង្កើតភាពបៃតង និងបង្កើតប្រភពឈើសម្រាប់ប្រើប្រាស់ប្រកបដោយនិរន្តរភាព។ បើតាមការថ្លែងរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់៖«សារប្រយោជន៍នៃចម្ការឈើ គឺគេអាចយកផលមកប្រើប្រាស់ កែច្នៃចាប់ តាំងពីគល់រហូតដល់ចុង ហើយវាក៏បានចូលរួមក្នុងការបង្កើតនូវគម្របបៃតង និងដើរតួនាទីយ៉ាងសំខាន់ណាស់ជំនួសការប្រើប្រាស់ឈើធម្មជាតិ កាត់បន្ថយសម្ពាធលើការប្រើប្រាស់ឈើធម្មជាតិ»។

ចម្ការឈើដាំដែលបាននិងកំពុងរីកដុះ ដាលនៅកម្ពុជានឹងជួយកាត់បន្ថយការនាំចូលវត្ថុធាតុដើមឈើកែច្នៃពីបរទេស និងបង្កើតប្រភពឈើប្រើប្រាស់ប្រកបដោយនិរន្តរភាពនៅក្នុងស្រុក ខណៈធនធានធម្មជាតិ ព្រៃឈើ បានដើរតួនាទីយ៉ាងសំខាន់ចូលរួមថែរក្សាប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី សម្រាប់ប្រជាពលរដ្ឋនៅលើពិភពលោក ហើយកម្ពុជាបានខិតខំការពារឈើឈរដើម្បីលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្ត។ បើតាមការបន្ថែមរបស់ លោក នេត្រ ភក្ត្រា។

តាំងពីឆ្នាំ២០១៦ រហូតមកដល់ឆ្នាំ២០២០ កម្ពុជា បានលក់ឥណទានកាបូនទទួលបានថវិកាចំនួន ១១,៦លានដុល្លារ ប្រើប្រាស់ដើម្បីការអភិរក្សព្រៃឈើនិងអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ។ បើតាមថ្លែងឱ្យដឹងពី រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ថា ការវិនិយោគចម្ការឈើដាំកាន់តែច្រើននឹងជាដំណោះស្រាយមួយក្នុងការកាត់បន្ថយសម្ពាធលើការប្រើប្រាស់ឈើធម្មជាតិ៕

ដោយ៖ Moeun  Dyna