Register Already an agent ? Login

គម្រោងអភិវឌ្ឍន៍រថភ្លើង Mono Rail កាសិក្សាបានបញ្ចប់ ខណៈរថភ្លើងក្រោមដី គ្រោងនឹងបញ្ចប់ ១ខែ ទៀត

ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍រថភ្លើង Mono Rail នៅរាជធានីភ្នំពេញត្រូវបានសិក្សាចប់សព្វគ្រប់ហើយ។ បើតាមការថ្លែងបញ្ចាក់ របស់ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានបន្តថា ខណៈ ការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើងក្រោមដីគ្រោងនឹងបញ្ចប់ រយៈពេល ១ខែខាងមុខនេះទៀត។

នៅក្នុងជំនួបពិភាក្សាការងារជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី៦ ខែមិសា​ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានស្នើឱ្យធនាគារអភិវឌ្ឍន៍ អាស៊ីជួយពិនិត្យឡើងវិញលើលទ្ធផលនៃគម្រោងសិក្សាទាំងនេះ និងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ផងដែរ។

ប្រសិនបើគម្រោងទាំងនេះមានការចូលរួមវិនិយោគពីក្រុមហ៊ុនឯកជនពិតប្រាកដ មែននោះ វានឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់មុខមាត់ទីក្រុងភ្នំពេញបានមួយកម្រិតធំ និងឆ្លើយតបទៅនឹងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ បើតាមការលើកឡើងរបស់ លោក រដ្ឋមន្រ្តី។

បើយោងតាមផែនការ រដ្ឋាភិបាលមានជម្រើស ៣ គឺរថភ្លើងលើអាកាសបើកស្វ័យប្រវត្តិ (AGT) រថភ្លើងលើអាកាស Monorail និងរថភ្លើងក្រោមដី។ ការសិក្សា AGT និង Monorail បានបញ្ចប់រួចហើយ រង់ចាំតែការសិក្សាររបស់វថភ្លើងក្រោមដីប៉ុណ្ណោះ។

ក្រោយសិក្សារួច ខាងក្រសួងនឹងយកជម្រើសទាំង ៣ នេះទៅរាយការណ៍ជូន សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយក្នុងអំឡុងពេលនេះរដ្ឋាភិបាលក៏កំពុងស្វែងរកទុនយ៉ាងសកម្ម ហើយសង្ឃឹមថាក្រុមហ៊ុនឯកជនចូលរួមវិនិយោគ។

ជាមួយគ្នានេះ លោក រដ្ឋមន្រ្តី ក៏បានស្នើផងដែរឱ្យ ADB តម្រង់ទិសនៃការអភិវឌ្ឍរបស់ខ្លួនទៅលើ តំបន់ឆ្លងកាត់ព្រំដែននានារបស់កម្ពុជា(Cross Border Facilities) ដើម្បីលើកកម្ពស់វិស័យភស្តុភារកម្ម និងការដឹកជញ្ជូននៅកម្ពុជា ពង្រីកទំហំពាណិជ្ជកម្ម បង្កើនការចូលទៅកាន់ទីផ្សារក្នុងតំបន់។

លោក បញ្ជាក់ ជាពិសេស ទីផ្សារមហាអនុតំបន់ទន្លេមេគង្គ(GMS) ក៏ដូចជាអាស៊ាន បើកផ្លូវចូលទៅកាន់ព្រំដែនដោយផ្ទាល់ និងការឆ្លងកាត់ក្នុងតំបន់ ដែលជាការធ្វើឱ្យប្រសើរឡើងដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជនកម្ពុជាតាម រយៈកំណើនសេដ្ឋកិច្ច។

ជាការឆ្លើយតប លោក Alexander D. Nash បានធ្វើការកត់សម្គាល់ និងបានសម្តែងចំណាប់ចំពោះសំណើនានា ដែល រដ្ឋមន្ត្រីក្រសួងដឹកញ្ជូន បានលើកឡើង និងបានគូសបញ្ជាក់ថាធនាគារអភិវឌ្ឍន៍អាស៊ីនឹងពិនិត្យ និងសម្របសម្រួលចំពោះសំណើទាំងនោះ។

សូមបញ្ជាក់ថា អង្គប្រជុំបានពិភាក្សាលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាទិភាពសំខាន់ៗទាំងឡាយដែលក្នុងនោះរួមមាន៖ ការលើកកម្ពស់កម្រិតគុណភាពផ្លូវថ្នល់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រព័ន្ធដឹកជញ្ជូនសាធារណៈ ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងវិស័យសាធារណការ និងដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព ការធ្វើឱ្យប្រសើរឡើងប្រព័ន្ធប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ ការគ្រប់គ្រងទឹកស្អាតសម្រាប់ទីក្រុង ផែនការមេជាតិភ័ស្តុភារកម្ម ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសំខាន់ៗជាច្រើនទៀតផងដែរ៕

ដោយ៖ Moeun Dyna