Register Already an agent ? Login

រដ្ឋបាលខេត្តបាត់ដំបង នឹងស្នើសុំដីរដ្ឋជាង ៩០០ហិកតា ធ្វើជាដីសម្បទានសង្គមកិច្ច

បាត់ដំបង៖ លោក ងួន រតនៈ អភិបាល អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈគម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំទីតាំងរដ្ឋជាង ៩០០ហិកតា ធ្វើជាដីសម្បទានសង្គមកិច្ច ដែលមានទីតាំងស្ថិតនៅភូមិកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។

តាមការសិក្សាលទ្ធភាពលើដីគម្របព្រៃឈើទំហំជាង ៩០០ហិកតា ដើម្បីប្រែក្លាយឱ្យជាដីសម្បទានសង្គមកិច្ច ស្របតាមគោលការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ផ្តល់ជូនដល់ជនក្រីក្រទូទៅ និងយោធិនចូលនិវត្តន៍។ បើតាមការការថ្លែងរបស់ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង។

លោក​ បានថ្លែងបន្តថា ការសិក្សាពីលទ្ធភាពនេះ គឺយោងទៅតាមគោលការណ៍ណែនាំរបស់ក្រសួងរៀបចំដែនដី ឱ្យបណ្តារាជធានី-ខេត្តនីមួយៗរកលទ្ធភាពស្វែងរកដីសម្បទានសង្គមកិច្ច សម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រទូទៅ និងអតីតកងកម្លាំងប្រដាប់អាវុធ។

បើតាម លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង ដែលបានប្រាប់កាសែតភ្នំពេញប៉ុស្ត៍ កាលពីថ្មីៗនេះថា រដ្ឋបាលខេត្តសិក្សាវាយតម្លៃលើផលប៉ះពាល់បរិស្ថានដីសម្រាប់ធ្វើកសិកម្ម និងប្រភពទឹកសម្រាប់ទទួលទាន និងស្រោចស្រពដំណាំផ្សេងៗ។ លោក បញ្ជាក់ «ព្រោះនេះជាតម្រូវការមូលដ្ឋានរបស់ប្រជាពលរដ្ឋដោយគិតគូរធ្វើយ៉ាងណាឱ្យអ្នកដែលរស់នៅទីនេះមានលទ្ធភាពក្នុងការរស់នៅ និងអាស្រ័យផលបានសមរម្យ»។

បើតាមកាសែតភ្នំពេញប៉ុស្ត៍ ដែលបានស្រស់សំដី អភិបាលរងខេត្តដដែល ឱ្យដឹងថា ទំហំដីដែលបាននិងកំពុងសិក្សានៅក្នុងតំបន់នេះមានជាង ៩០០ហិកតា សម្រាប់បម្រុងទុកជូនទៅស្ថាប័នពាក់ព័ន្ធក្នុងការចែកជូនពលរដ្ឋដែលមានជីវភាពខ្វះខាត ប៉ុន្តែបច្ចុប្បន្ននៅមិនទាន់បញ្ចប់ការសិក្សាទេ តែអាចថានឹងចប់នៅពេលឆាប់ៗនេះ។

នៅពេលសិក្សាចប់ នឹងដាក់ជូនទៅក្រសួងស្ថាប័នពាក់ព័ន្ធដូចជាក្រសួងបរិស្ថាន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាអ្នកសម្របសម្រួល និងដាក់ជូនប្រមុខនៃរាជរដ្ឋាភិបាលសម្រេចដើម្បីទុកផ្តល់ជូនពលរដ្ឋខ្វះខាត និងក្រីក្រទូទៅរួមជាមួយនឹងកម្លាំងប្រដាប់អាវុធដែលចូលនិវត្តន៍ផងដែរ។ បើតាមការបន្ថែម របស់ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង។

ទាក់ទងជាមួយដីសង្គមកិច្ចនេះដែរ លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម ដែលជាសមាជិកគណកម្មការដឹកនាំគំរោងពិនិត្យ និងផ្តល់ដីសម្បទានផងដែរនោះ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានដឹកនាំក្នុងកិច្ចប្រជុំ លើកលើកដំបូងជាមួយក្រុមការងារគាំទ្រ ការអនុវត្តគម្រោងរបស់ធានាគាពិភពលោក។

គម្រោងបែងចែកដីសម្បទានសង្គមកិច្ច និងការអភិ​វឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ មានរយៈពេល៦ឆ្នាំ(២០២១-២០២៦) សំដៅធ្វើឱ្យប្រជាពលរដ្ឋក្រីក្រប្រមាណ ១៥ ០០០គ្រួសារ ទទួលបានដីសម្រាប់រស់នៅ និងប្រកបមុខរបរកសិកម្ម ព្រមទាំងជីវភាពរស់នៅរបស់ពួកគេកើនឡើង តាមរយៈការដាំដុះដំណាំ ការចិញ្ចឹមសត្វ និងការរៀបចំបង្កើត និងគ្រប់គ្រងសហគមន៍កសិកម្ម ដើម្បីនិរន្តរភាពទៅអនាគត។ បើតាមការបញ្ជាក់ របស់ លោក ហ៊ាន វណ្ណហន។

រដ្ឋលេខាធិការក្រសួងកសិកម្មរូបនេះបានបន្តថា តាមរយៈគម្រោងដ៏ជាក់ច្បាស់ និងមានសារសំខាន់មួយនេះ ពួកគាត់នឹងអាចមានលទ្ធភាពល្អប្រសើរ ទទួលបានធនធានកសិកម្ម ការរៀបចំទៅជាកសិ-ពាណិជ្ជករ និងសេវាសង្គម ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងសហគមន៍នៃគម្រោងថែមទៀតផង។

ប្រជាពលរដ្ឋទាំងអស់ ជាពិសេស សម្បទានិកដែលទទួលបានដី ពីការផ្តល់ជូនដោយរាជរដ្ឋាភិបាល ត្រូវខិតខំស្វែងរកចំណូលបន្ថែម ដោយការបង្កបង្កើនផល សម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារប្រសើរ ជៀសវាងការយកដីទៅលក់ ឬដាក់បញ្ចាំនៅធនាគារឯកជន។ បើតាមការក្រើនរម្លឹករបស់ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នាពេលកន្លងមក។

អចលនវត្ថុ ឬដីធ្លី ដែលរាជរដ្ឋាភិបាលសម្រេចកាត់ប្រគល់ជូន គឺប្រៀបបានទៅនឹងអាយុជីវិតរបស់បងប្អូន ដូច្នេះក្នុងនាមរដ្ឋាភិបាល សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវព្យាយាមស្វែងរកប្រភពចំណូល និងបង្កបង្កើនផលបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហានានាឱ្យមានភាពល្អប្រសើរឡើង ជាជាងយកដីទៅដាក់បញ្ចាំនៅធនាគារឯកជន ឬលក់ទៅឱ្យវិស័យឯកជន ដែលអាចទទួលបានចំណូលតែមួយពេល ហើយបាត់បង់ទៅវិញអស់នោះទេ។ បើតាមការបញ្ជាក់របស់ លោក រដ្ឋមន្រ្តីក្រួសួងរៀបដែនដីដដែល៕

ដោយ៖ Moeun Dyna