Register Already an agent ? Login

វឌ្ឍភាពផ្លូវជាតិលេខ១០ ពីខេត្តបាត់ដំបង ទៅកោះកុង ឆ្លងកាត់ខេត្តពោធិ៍សាត់ ប្រវែង ១៩៩គីឡូម៉ែត្រ សម្រេចបាន ៤៥%

ភ្នំពេញ៖ ផ្លូវជាតិលេខ១០ បច្ចុប្បន្នបានបញ្ចប់ការស្ថាបនា ៤៥ភាគរយហើយ ដែលគ្រោងនឹងបើកឱ្យដំណើរការនៅឆ្នាំ ២០២៣។ ផ្លូវនេះ លាតសន្ធឹងលើចម្ងាយប្រមាណ ១៩៩គីឡូម៉ែត្រ ដោយតភ្ជាប់ស្រុកសំឡូត ខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុង ដោយឆ្លងកាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ផ្លូវនេះ ក្នុងគម្រោងចំណាយថវិកា ១៨៨លានដុល្លារ ដោយការវិនិយោគនោះត្រូវបានផ្តល់ដោយប្រាក់កម្ចីចិន និងដោយរដ្ឋាភិបាលកម្ពុជា ការដ្ឋានសាងសង់បានចាប់ផ្ដើមកាលពីខែមីនា ឆ្នាំ២០២០។

ផ្លូវមួយខ្សែនេះ នឹងផ្តល់អត្ថប្រយោជន៍ទាំងក្នុងការដឹកជញ្ជូន និងជាផ្លូវបែបអេកូទេសចរណ៍ធម្មជាតិតំបន់ដែលអាចទាក់ទាញភ្ញៀវទេសចរដែលចូលចិត្តធ្វើដំណើរកម្សាន្តអាចគយគន់ធម្មជាតិនៅតំបន់ទាំងនោះបានផងដែរ។ បើតាមការថ្លែងរបស់ លោក បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងដឹកជញ្ជូន ដែលបានចុះត្រួតពិនិត្យស្ថានភាព និងសកម្មភាពសាងសង់ផ្លូវជាតិលេខ១០ កាលពីថ្មីនេះ។

លោក បានថ្លែងបន្តថា ផ្លូវជាតិមួយខ្សែនេះ គឺមានសារសំខាន់បំផុតសម្រាប់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ ជាពិសេសបម្រើដល់វិស័យដឹកជញ្ជូនរវាងខេត្តទាំង៣ រួមមាន ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង ហើយក៏អាស្រ័យផល និងផ្តល់ភាពងាយស្រួលដល់ខេត្តជិតខាងមួយចំនួនទៀតផងដែរ។

លោក រដ្ឋលេខាធិការរូបនេះ បានជំរុញឱ្យក្រុមហ៊ុនសាងសង់ចិន CRBC និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC ត្រូវធានាបានគុណភាពក្នុងការអនុវត្តស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ និងប្រសិទ្ធភាពកិច្ចការងារត្រូវតាមផែនការ ដោយត្រូវធ្វើបែបណាក្លាយជាដែលផ្តល់អត្ថប្រយោជន៍ក្នុងឆ្លងកាត់។

មន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានរម្លឹក ដល់ក្រុមហ៊ុនសាងសង់ ត្រូវរក្សាអេកូទេសចរណ៍ធម្មជាតិជុំវិញតំបន់នេះ ដែលជាកត្តាអាចទាក់ទាញអ្នកដែលចូលចិត្តធ្វើដំណើរកម្សាន្តគយគន់ធម្មជាតិនៅតំបន់ទាំងនោះបានផងដែរ។

បើទោះបីជាវិបត្តិសេដ្ឋកិច្ចសាកលដែលបណ្តាលមកពីជំងឺឆ្លងកូវីដ-១៩ យ៉ាងណាក៏ដោយ វាមិនមែនជាឧបសគ្គរបស់កម្ពុជាក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសនោះទេ។ នេះតាមប្រសាសន៍ សម្ដេច ហ៊ុន សែន ដែលបានថ្លែងក្នុងពិធីសម្ពោធផ្សេងៗកន្លងទៅ និងបានបន្តថា ផ្ទុយទៅវិញនៅក្នុងកាលៈទេសៈនេះ កម្ពុជាបានព្យាយាមជំនះ និងធ្វើពិពិធកម្មក្នុងវិស័យសំខាន់ៗមួយចំនួនឱ្យកាន់តែមានភាពរីកចម្រើន និងល្អប្រសើរថែមមួយកម្រិតទៀត។

គួសបញ្ជកា់ថា អ្វីដែលគួរឱ្យកត់សម្គាល់ ព្រៃធម្មជាតិដ៏ស្រស់ស្អាត ដែល​ស្ថិតនៅ​ស្របតាម​​ជាត​លេខ១០ ថ្មីនេះ ត្រូវបានរក្សាទុកជាអេកូទេសចរណ៍ ដែលអាចជាផ្នែកមួយ ទាក់ទាញអ្នកទេសចរផងដែរ​៕

ដោយ៖ Moeun Dyna