Register Already an agent ? Login

ខេត្តកំពង់ស្ពឺ នឹងមានរោងចក្រស៊ីម៉ង់ត៍ដំណើរការ នៅពេលសិក្សាបានចប់ និងការអនុមន័តពីរដ្ឋាភិបាល

កំពង់ស្ពឺ៖ ខេត្តកំពង់ស្ពឺ នឹងមានរោងចក្រស៊ីម៉ង់ត៍ ដូចនឹងខេត្តដទៃទៀត ខណៈនេះ ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ធំមួយ កំពុងសិក្សាលទ្ធភាពវិនិយោគ។ បើតាមការថ្លែងឱ្យដឹងពី អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បន្តថា ក្រុមហ៊ុនបានសិក្សាយូរដែរហើយ តែមិនទាន់បានបញ្ចប់នៅឡើយទេ ដោយសារតែក្រុមហ៊ុន កំពុង Process ឯកសារសុំការអនុម័តពីរាជរដ្ឋាភិបាល ពីក្រសួងរ៉ែ និងក្រសួងពាក់ព័ន្ធ។

លោក អភិបាលខេត្តកំពង់ស្ពឺបានថ្លែងបន្តទៀតថា ការសិក្សា​គម្រោង​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​នាពេលនេះ ជាការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ក្នុង​វិស័យ​សំណង់ និង​ការប្រើប្រាស់​ធនធានធម្មជាតិ មាននៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ឱ្យមាន​ប្រសិទ្ធភាព និង​អស់​សក្តានុពល។

លោក បានន្ថែមថា យើងឱ្យអ្នកសិក្សាខាងស៊ីម៉ង់ត៍ មកសិក្សាខេត្តកំពង់ស្ពឺ ពីព្រោះយើងចង់បានរោងចក្រស៊ីម៉ង់ត៍ ក៏វាល្អដែរ ដោយសារប្រទេសយើងកំពុងតែមានការអភិវឌ្ឍរីកចម្រើន ដូច្នេះវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ក៏វាមានការកើនឡើងខ្លាំង។

«បើសិនបង្កើតរោងចក្រនេះបានពិតមែន វានឹងកាត់បន្ថយការនាំចូលស៊ីម៉ង់ត៍មកផ្គត់ផ្គង់តម្រូវការក្នុងស្រុកបានមួយកម្រិត និងពិសេសជាងទៀតវានឹងជួយបង្កើតការងារច្រើនកន្លែង»។ បើតាមការបញ្ជាក់ របស់ លោក វ៉ី សំណាង មាន​សុទិដ្ឋិនិយម​ថា បើសិន​បង្កើត​រោងចក្រ​នេះ​បាន​ពិតមែន វា​នឹង​កាត់បន្ថយ​ការនាំ​ចូល​ស៊ីម៉ង់ត៍ មក​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក បាន​មួយកម្រិត និង​ពិសេស​ជាង​ទៀត​វា​នឹង​ជួយ​បង្កើត​ការងារ​ច្រើន​កន្លែង។ លោក ​រំពឹងថា​រោងចក្រ​នេះ នឹងមាន​វត្ត​មាននៅ​កំពង់​ស្ពឹ ក្នុងពេលឆាប់ៗនេះ។

របាយការណ៍ប្រចាំឆ្នាំក្រសួងរ៉ែ និងថាមពល បង្ហាញថា ឆ្នាំ២០២០ កម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ត៍ចំនួន ៥ ដែលមានសមត្ថភាពផលិតស៊ីម៉ង់ត៍សរុបប្រមាណ ៨.៣លានតោន ក្នុងមួយឆ្នាំ។ ក្នុងនោះមាន រោងចក្រស៊ីម៉ង់ត៍ចំនួន ៤ បានចូលរួមផលិតក្នុងឆ្នាំ២០១៩ មានរោងចក្រស៊ីម៉ង់ត៍បាត់ដំបង ខនស៍ ស៊ីមេន នៅខេត្តបាត់ដំបង ផលិតបាន ២.០៧លានតោន សារជីវកម្ម ជីប ម៉ុង អ៊ីនស៊ី ស៊ីមេន នៅខេត្តកំពត ផលិតបាន ១.៨៧លានតោន ក្រុមហ៊ុនកម្ពុជា ចក្រីទីង នៅខេត្តកំពត ផលិតបាន ១.៤៤លានតោន និងក្រុមហ៊ុនស៊ីម៉ង់ត៍ កំពត ស៊ីមេន នៅខេត្តកំពត ផលិតបាន ២.៤៩លានតោន។

លើសពីនេះ មានរោងចក្រមួយទៀត ក៏បានចូលរួមផលិត កាលពីដើមឆ្នាំ២០២០ គឺរោងចក្រស៊ីម៉ង់ត៍ ថៃ ប៉ុនរ៉ុង ដែលមានទីតាំងនៅខេត្តកំពត ហើយមានសមត្ថភាពផលិត ១លានតោន ក្នុងឆ្នាំ។

តួលេខពីក្រសួងពាណិជ្ជកម្មបង្ហាញថា កម្ពុជា បាននាំចូលស៊ីម៉ង់ត៍ ពីក្រៅប្រទេសមានតម្លៃ ១២៩លានដុល្លារ ក្នុងឆ្នាំ២០១៩ មានកំណើន៤៣ ភាគរយ ធៀបនឹងឆ្នាំ២០១៨។ ការនាំចូលនេះគឺ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃវិស័យសំណង់ក្នុងស្រុក ដែលមាននិន្នាការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

នៅឆ្នាំ២០១៩ វិស័យសំណង់មានសន្ទុះយ៉ាងខ្លាំងណាស់ ជាមួយនឹងគម្រោងសាងសង់មានរហូតដល់ចំនួន ៤ ៤៤៦ គម្រោង ឬស្មើនឹងទុនវិនយោគ ៩.៣ពាន់លានដុល្លារ។ នេះតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងដែនដី។

របាយការណ៍ដដែល បានប្តថា នៅឆ្នាំ២០១៩ សំណង់ទូទាំងប្រទេស មានផ្ទៃក្រឡាកម្រាលសំណង់ សរុបចំនួន ១៨.៥លានម៉ែត្រការ៉េ កើន ៦២ភាគរយ ធៀបនឹងឆ្នាំ២០១៨ ដែលគម្រោងសំណង់មានផ្ទៃក្រឡា ១១.៤លានម៉ែត្រការ៉េ។ ក្នុងឆ្នាំ២០១៩នេះ គម្រោងអគារខ្ពស់ៗនៅកម្ពុជា ចាប់ពី ៥ជាន់ឡើង មានចំនួន ៤៣៦អគារ នៅក្នុងខេត្តព្រះសីហនុមានគម្រោងអគារខ្ពស់ៗចាប់ពី ៥ជាន់ឡើងចំនួន ២០៣អគារ។ អគារចាប់ពី ៣០ជាន់ ទៅ ៣៩ជាន់ មានចំនួន ២៣អគារ និងអគារចាប់ពី ៤០ជាន់ ឡើងទៅមានចំនួន ១៣អគារ៕

ដោយ៖ Moeun  Dyna