Register Already an agent ? Login

រដ្ឋកាត់ដីជិត ៦០០ហិកតា នៅឧទ្យានជាតិបុទុមសាគរ ឱ្យប្រជាពលរដ្ឋ ១៣១គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍

កោះកុង៖ ប្រជាពលរដ្ឋ ១៣១គ្រួសារ ទទួលបានដី ៥៩៨ហិកតា ដែលរដ្ឋាភិបាលសម្រេចកាត់ឆ្វៀលចេញពីឧទ្យានជាតិបុទុមសាគរ ដើម្បីធ្វើអនុបយោគ ជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រទានកម្មកម្មសិទ្ធិ ដោយសារបានទទួលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ របស់ក្រុមហ៊ុន ស៊ីណូម៉ិចស៊ិន។ បើតាមការរដ្ឋបាលខេត្តកោះកុង។

ប្រជាពលរដ្ឋចំនួន ១៣១គ្រួសារ ដែលបានទទួលរងការប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន បានបំពេញសលាកបត្រព័ត៌មានរួចរាល់ ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាពេលកន្លងមក។ បើតាមការបន្តរបស់រដ្ឋបាលខេត្តកោះកុង ឱ្យដឹងថា ការកាត់ដីទំហំខាងលើ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំ ស្តីពីការប្រមូលធាតុចូលទិន្នន័យ សាវតាដីធ្លី និងឯកសារគតិយុត្តិពាក់ព័ន្ធ ទាក់ទងនឹងប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងរបស់ក្រុមហ៊ុនអភិវឌ្ឍខាងលើ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។

នៅក្នុងកិច្ចប្រជុំនេះ លោក អភិបាលរងខេត្តកោះ បានថ្លែងឱ្យដឹងថា ការបែងចែង ត្រូវបានធ្វើឡើងជាពីរខ្សែផ្លូវ គឺខ្សែទី១ ស្របនឹងវិថីសាយភូថង នឹងរៀបចំប្លង់ឡូតិ៍ ដែលមានដីទំហំទទឹង ២០ម៉ែត្រ គុណនឹង បណ្តោយ ៧០ម៉ែត្រ។ ខ្សែទី២ នឹងរៀបចំប្លង់ឡូតិ៍ ដែលមានដីទំហំទទឹង ២០ម៉ែត្រ គុណនឹង បណ្តោយ ១០០ម៉ែត្រ សម្រាប់បែងចែកជូនប្រជាពលរដ្ឋ។ លោក  បញ្ជាក់ «ចំពោះដីដែលនៅសេសសល់ពីការបែងចែក ត្រូវទុកជាដីសាធារណ:របស់រដ្ឋ»។

លោក អភិបាលរងខេត្ត បានណែនាំឱ្យរដ្ឋបាលស្រុកបូទុមសាគរ និងការិយាល័យចំណុះរដ្ឋបាលស្រុក និងអាជ្ញាធរឃុំពាក់ព័ន្ធ ស្រង់ទិន្នន័យឈ្មោះប្រជាពលរដ្ឋ ដែលបានលក់ដីក្នុងតំបន់កន្លងមក ឱ្យបានច្បាស់លាស់ ដើម្បីយកមកធ្វើជាមូលដ្ឋាន សម្រាប់ផ្ទៀងផ្ទាត់នឹងបញ្ជីឈ្មោះប្រជាពលរដ្ឋ ១៣១គ្រួសារ ដែលបានបំពេញសលាកបត្រព័ត៌មានរួចរាល់ និងទទួលស្គាល់ ដោយក្រសួងរៀបចំដែនដី។

លោក សុខ សុទ្ធី បានបញ្ជាក់ក្នុងកិច្ចប្រជុំថា ការប្រមូលឈ្មោះនេះ គឺដើម្បីបង្ការកុំឱ្យជនខិលខូចដែលបានលក់ដីរបស់ខ្លួនឱ្យទៅអ្នកផ្សេងរួចហើយ តែមកទទួលយកប្រទានកម្មកម្មសិទ្ធិម្ដងដងទៀត និងជៀសវាងការខ្វះដីសម្រាប់បែងចែកជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា កន្លងមករដ្ឋបាលស្រុកកោះកុង ក៏បានស្នើរាជរដ្ឋាភិបាលឱ្យកាត់ឆ្វៀលដីចេញពីអនុក្រឹត្យលេខ៨០ និងតំបន់ឧទ្យានជាតិបុទុមសាគរ ដើម្បីផ្តល់ឱ្យប្រជាពលរដ្ឋឱ្យបានរស់នៅស្របច្បាប់ផងដែរ។

តំបន់ដីដែលត្រូវបានស្នើកាត់ឆ្វៀលនេះ គឺជាតំបន់ស្ថិតក្នុងបវិវេណឧទ្យានជាតិបុទុមសាគរ និងអនុក្រឹត្យលេខ៨០ ស្តីពីការបង្កើតដែនជម្រកសត្វព្រៃតាតៃ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦។ តំបន់នេះ ត្រូវបានរដ្ឋាភិបាលសម្រេចបង្កើតដែនជម្រកសត្វព្រៃតាតៃ ដែលមានផ្ទៃដីទំហំ ១៤៤,២៧៥ ហិកតា ក្នុងគោលបំណងថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ីក្នុងភូមិសាស្ត្រនោះ៕

ដោយ៖ Moeun Dyna