Register Already an agent ? Login

មន្រ្តីបច្ចេកទេសកម្ពុជា-កូរ៉េ បានជួបពិភាក្សាគ្នាលើគម្រោងធ្វើស្ពានឆ្លងកាត់ទន្លេមេគង្គ ពីតំបន់ជ្រោយចង្វារទៅ ស្វាយជ្រុំ និងអរិយក្សត្រ

ភ្នំពេញ៖ មន្រ្តីបច្ចេកទេសស្ពាន ផ្លូវ កម្ពុជា-កូរ៉េ បានជួបពិភាក្សាគ្នាលើគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដោយភ្ជាប់ពីតំបន់ជ្រោយចង្វារ ទៅតំបន់ស្វាយជ្រុំ និងអរិយក្សត្រ។ បើតាមការថ្លែងឱ្យដឹងពី អ្នកនាំពាក្យក្រសួងជញ្ជូន លោក វ៉ាស៊ីម សុរិយា បានបញ្ជាក់ថា ការពិភាក្សារវាងមន្រ្តីប្រទេសទាំងពីរ គឺផ្តោតទៅលើបច្ចេកទេសសិន ចំណែកឯព័ត៌មានលម្អិត នឹងត្រូវសិក្សាពេលក្រោយ។

លោក វ៉ាស៊ីម សុរិយា បានបន្តថា សម្រាប់ពេលវេលា តម្លៃ និងទីតាំងនៃការសាងសង់ស្ពាននេះ ភាគីទាំងពីរមិនទាន់បាននិយាយនៅឡើយទេ ពីព្រោះគម្រោងនេះ ត្រូវការពេលសិក្សាបច្ចេកទេស និងថវិកាបន្ថែមទៀត។ លោក បញ្ជាក់ទៀតថា ជាទូទៅការពិភាក្សាអំពីបច្ចេកទេសនេះ គឺត្រូវជជែកវែកញែក មុននឹងចាប់ផ្ដើមសិក្សាជាផ្លូវការ។

សូមរម្លឹកថា លោក មូន ជេអ៊ីន ប្រធានាធិបតីកូរ៉េ កាលពីចុងឆ្នាំ២០២០ ធ្លាប់បានថ្លែងថា ប្រទេសកូរ៉េនឹងជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ។

លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា ក៏ធ្លាប់បានមានថ្លែងថា រដ្ឋាភិបាលកូរ៉េ កំពុងតែពិចារណា យ៉ាងយកចិត្តទុកដាក់លើគម្រោងកសាងស្ពានមិត្តភាពនៅកម្ពុជា ខណៈ កម្ពុជាមានស្ពានមិត្តភាពកម្ពុជា-ចិន និងស្ពានមិត្តភាពកម្ពុជា-ជប៉ុន រួចមកហើយ។

លោក ​ទូត បានបន្តថា រដ្ឋាភិបាលរបស់លោក កំពុងតែត្រូតពិនិត្យ លើគម្រោងកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជ្រោយចង្វា-ស្វាយជ្រុំ។ លោក បញ្ជាក់ «ប្រសិនបើគម្រោងនេះអនុម័តនោះ វាគឺជាគម្រោងស្ពានខ្សែកាប្លិ៍ លើកដំបូងបង្អស់ដែលត្រូវសាងសង់នៅកម្ពុជា និងជានិម្មិតរូបថ្មីមួយ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ»។

សូមបញ្ជាក់ថា ការសុំថវិកាជំនួយពីកូរ៉េក្នុងសាងសង់ស្ពាននេះ សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងស្នើ នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ២ កាលពីខែកុម្ភៈ ឆ្នាំ២០២០។ សម្តេច ក៏បានឱ្យដឹងថា នឹងដាក់គម្រោងសាងសង់ស្ពាននេះ ជាគម្រោងអាទិភាពក្នុងការស្នើថវិកាចេញពីកញ្ចប់ឥណទាន ៧០០លានដុល្លារ ពីកូរ៉េសម្រាប់ឆ្នាំ ២០១៩-២០២៣។ សម្ដេច បញ្ជាក់ បើយោងតាមការសិក្សា គម្រោងស្ពានតភ្ជាប់រវាងជ្រោយចង្វារ ទៅស្វាយជ្រុំ នេះគឺនឹងចំណាយប្រមាណ ៤០ ទៅ៥០លានដុល្លារ ប៉ុណ្ណោះ។

នៅក្នុងពិធីខាងលើ សម្ដេចបានបញ្ជាក់ «តំបន់អរិយក្សត្រ និងស្វាយជ្រុំ ដែលនៅត្រើយម្ខាងនៃរាជធានីភ្នំពេញ នឹងក្លាយជាទីក្រុងរណបប្រកបដោយសក្ដានុពលដ៏ធំមួយ នាពេលអនាគត ជាពិសេសក្រោយមានស្ពាននេះសាងសង់រួច»៕

ប្រភព៖ គេហទំព័រសមាគមសំណង់កម្ពុជា

ដោយ៖ Moeun Dyna