Register Already an agent ? Login

គម្រោងអភិវឌ្ឍន៍ និងស្ដារអូរប្រឡាយធម្មជាតិ ខេត្តព្រះសីហនុប្រវែង ២៧គីឡូម៉ែត្រ សម្រេចបានជាង ៩៣%

ព្រះសីហនុ៖ គម្រោងអភិវឌ្ឍន៍ និងស្ដារអូរប្រឡាយធម្មជាតិស្ថិតក្នុងខេត្តព្រះសីហនុប្រវែង ២៧គីឡូម៉ែត្រ ក្នុងក្របខណ្ឌប្រើប្រាស់កញ្ចប់ថវិកាសន្សំរបស់ជាតិ គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ សម្រេចបាន ៩៣,៤២ភាគរយ។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

គម្រោងអភិវឌ្ឍន៍ ស្ដារអូរប្រឡាយប្រព័ន្ធចម្រោះទឹកកខ្វក់ និងស្ថានីយបូមទឹក សាងសង់ដោយអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងក្រុមហ៊ុន BUCG ដោយក្នុងនោះរួមមានបឹងព្រែកទប់ ស្ថានីយបូមអេម៉ារីអូ ស្ថានីយបូមមុខសាលាខេត្ត និងស្ថានីយច្រោះសម្អាតទឹកកាកសំណល់ក្រុងព្រះសីហនុ ជាដើម។ បើតាមក្រសួងដឹកជញ្ជូន។

បើតាមក្រសួងបានបញ្ជាក់ថា «ការស្តារអូរធម្មជាតិសំខាន់ៗទាំងនេះ គឺដើម្បីការពារជំនន់ទឹកភ្លៀងនៅតាមតំបន់ងាយរងគ្រោះក្នុងទីក្រុង ក៏ដូចជារៀបចំកសាងប្រព័ន្ធប្រឡាយទឹកនៅទីក្រុងមួយនេះ ឱ្យមានបរិស្ថានស្អាត និងអនាម័យល្អដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានកាន់តែច្រើនថែមទៀត»។

ដោយសារតែមានការហូរចូលនូវវិនិយោគចម្រុះតាមរយៈការសាងសង់អគារខុនដូ រមណីយដ្ឋាន និងអគារពាណិជ្ជកម្ម ព្រមទាំងរោងចក្រកាត់ដេរជាច្រើន ខេត្តព្រះសីហនុ បាននិងកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើតាមការកត់សម្គាល់របស់ ក្រសួងដឹកជញ្ជូន ថា ទន្ទឹមនឹងការអភិវឌ្ឍបរិមាណទឹកកខ្វក់មានការកើនឡើងលើសពីការរំពឹងទុក។

ក្រសួងបានបន្ថែមថា ដើម្បីដោះស្រាយបញ្ហាចំពោះមុខជាបន្ទាន់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដីបានស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកកខ្វក់ និងសាងសង់ស្ថានីយបូមទឹកមួយចំនួនបន្ថែមទៀតផងដែរ។

ស្ថានីយប្រព្រឹត្តិកម្មតាមបែបធម្មជាតិក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គឺជាស្ថានីយច្រោះសម្អាតទឹកសំណល់ធំទី២ បន្ទាប់ពីស្ថានីយច្រោះសម្អាតទឹកកង្វក់តាមបែបធម្មជាតិក្រុងសៀមរាប ខេត្តសៀមរាប។ បើតាមការបន្តឱ្យដឹងរបស់ក្រសួងដឹកជញ្ជូន ថា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន បានដឹកនាំក្រុមការងារជំនាញបច្ចេកទេសក្រោមឱវាទក្រសួង ចុះពិនិត្យមើលវឌ្ឍនភាការងារខាងលើ ដោយមានការចូលរួមពីមន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ កាលពីថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០២១។

លោក ស៊ុន ចាន់ថុល បានណែនាំឱ្យក្រុមការងារជំនាញបច្ចេកទេសរៀបចំសំណើសុំថវិកាប្ដូរម៉ូទ័រ និងដំឡើងផ្ទាំងថាមពលសូឡាទៅក្រសួងសេដ្ឋកិច្ច ដើម្បីធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការសម្អាតសារជាតិកខ្វក់នៅក្នុងទឹក និងកាត់បន្ថយការចំណាយថាមពលអគ្គិសនី ដែលជួយដល់ការសន្សំសំចៃថវិកាជាតិបានមួយកម្រិត។ លោក ថា ជាពិសេសធានាបាននូវបរិស្ថានស្អាតប្រកបដោយផាសុខភាពជូនប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិ មុននឹងបញ្ចេញទឹកកខ្វក់ទាំងនោះចូលទៅក្នុងឆ្នេរសមុទ្រផងដែរ។

ទាក់ទិនការគ្រប់គ្រងទឹកកខ្វក់នេះដែរ គម្រោងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ តម្លៃជាង ១៤០ លានដុល្លារ នៅខេត្តព្រះសីហនុ ក៏កំពុងដំណើរការដោយរលូន ដោយមកទល់បច្ចុប្បន្នសម្រេចបានជាង ៤៨ភាគរយ។

គម្រោងនេះកំពុងអនុវត្តដោយក្រុមហ៊ុន BUCG ហើយបើយោងតាមការសិក្សាផែនការមេ គម្រោងនេះនឹងត្រូវអនុវត្តជា ៣ ដំណាក់កាល គឺដំណាក់កាលទី១ ពីឆ្នាំ២០១៩ ដល់២០២១ ដំណាក់កាលទី២ ពីឆ្នាំ ២០២១ ដល់២០២៣ និង ដំណាក់កាលទី៣ ពីឆ្នាំ ២០២៣ ដល់២០៣០។ ដោយឡែកទុនវិនិយោគប៉ាន់ស្មានសម្រាប់ដំណាក់កាលទី១ គឺប្រមាណ ១៤៣លានដុល្លារ។

យោងតាមការសិក្សា ផែនការមេនេះរួមមាន ការសាងសង់រោងចក្រប្រព្រឹត្តកម្មចំនួន  កន្លែង ការសាងសង់លូមេប្រវែង ១៥៧គីឡូម៉ែត្រ លូរងប្រវែង ៦៥គីឡូម៉ែត្រ និងលូភ្ជាប់ពីលំនៅដ្ឋានប្រវែង ២១០គីឡូម៉ែត្រ។ ប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ថ្មីនេះនឹងមានសមត្ថភាពធ្វើប្រព្រឹត្តកម្មទឹកកខ្វក់រហូតដល់ ៤០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២១ និងពង្រីកឲ្យឱ្យមានសមត្ថភាពរហូតដល់ ៦០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០៣០។

បច្ចុប្បន្ន ខេត្តព្រះសីហនុបច្ចុប្បន្នមានស្ថានីយប្រព្រឹត្តកម្មតែមួយគត់ដែលមានទីតាំងនៅលើផ្ទៃដីប្រមាណ ១៦ហិកតា។ ស្ថានីយប្រព្រឹត្តកម្មមួយនេះ ធ្វើឡើងក្រោមជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានចាប់ផ្តើមដំណើរការនៅឆ្នាំ ២០០៦ ហើយមានសមត្ថភាពធ្វើប្រព្រឹត្តកម្មទឹកកខ្វក់បានត្រឹងតែ ៦០០០ក្នុងមួយថ្ងៃប៉ុណ្ណោះ ដែលមិនគ្រប់គ្រាន់សម្រាប់ខេត្តនេះទេ។

យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន BUCG បានបង្ហាញថា ដោយសារតែការរីកចម្រើនយ៉ាងឆាប់រហ័ស  ខេត្តនេះបច្ចុប្បន្នផលិតទឹកកខ្វក់ប្រមាណ ២៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ហើយចំនួននេះត្រូវបានគេព្យាករណ៍ថានឹងកើនឡើងដល់ ៤៧.០០០ម៉ែត្រគូបនៅឆ្នាំ២០២៣ និង ៦៤.០០០ម៉ែត្រគូប  នៅឆ្នាំ២០៣០៕

ដោយ៖  Moeun Dyna