Register Already an agent ? Login

រដ្ឋមន្រ្តីក្រសួង៣ ជំរុញគាំទ្រឱ្យវិស័យឯកជនបង្កើនការរៀបចំ កញ្ចប់ទស្សនកិច្ចទៅកាន់តំបន់សហគមន៍

សៀមរាប៖ ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលសមាសភាពមកពីក្រសួងទេសចរណ៍ ក្រសួងកសិកម្ម ក្រសួងបរិស្ថាន ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានជំរុញលើកទឹកចិត្ត និងគាំទ្រដល់វិស័យឯកជន ពិសេសទីភ្នាក់ងារទេសចរណ៍កម្ពុជា ត្រូវបង្កើនការរៀបចំកញ្ចប់ទស្សនកិច្ចឱ្យបានច្រើនទៅកាន់តំបន់សហគមន៍នានានៅកម្ពុជា ដើម្បីចូលរួមជួយដោះស្រាយជីវភាពប្រជាពលរដ្ឋមូលដ្ឋាន ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ និងក្រោយវិបត្តិនេះ។

ការជំរុញឱ្យមានសកម្មភាពទេសចរណ៍នៅតាមសហគមន៍នេះ ត្រូវបានធ្វើឡើងក្នុងឱកាសបើកវេទិកាជាតិអេកូទេសចរណ៍លើកទី២ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។

លោក ថោង ខុន បានថ្លែងថា កម្ពុជាសម្បូរទៅដោយសក្តានុពលធម្មជាតិ និងអេកូទេសចរណ៍នៅទូទាំងប្រទេស រាប់ចាប់ពីតំបន់ឆ្នេរសមុទ្រដែលជាសមាជិក «ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក» តំបន់ជួរភ្នំក្រវាញ រួមបញ្ចូលទាំងតំបន់អារ៉ែង តំបន់បឹងទន្លេសាប និងតំបន់ភូមិភាគឦសានដែលមានសត្វផ្សោតដ៏កម្រជាដើម។ ក្នុងន័យនេះ ការអភិវឌ្ឍជាសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ពិតជាបានរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍនៅតាមមូលដ្ឋាន។

លោក បន្តថា ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ ចលនាទេសចរណ៍ផ្ទៃក្នុងទៅកាន់តំបន់អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ និងតំបន់ទេសចរណ៍ផ្សងព្រេង កាន់តែមានសន្ទុះកើនឡើងខ្លាំង បង្កើតបានជាប្រាក់ចំណូលដោយផ្ទាល់ជូនប្រជាពលរដ្ឋក្នុងសហគមន៍ និងបានធ្វើឲ្យវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍មានភាពធន់នឹងវិបត្តិ (Resilient) រួមចំណែកទ្រទ្រង់ដល់វិស័យទេសចរណ៍ជារួម ពិសេសកាត់បន្ថយផលប៉ះពាល់នៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិ។

លោក រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងឱ្យដឹងថា តំបន់អេកូទេសចរណ៍សំខាន់ៗ ដូចជា «តំបន់ខ្នងផ្សារ ភ្នំឱរ៉ាល់ គិរីរម្យ តំបន់ជីផាត អារ៉ែង ពាមក្រសោប ស្រែអំបិល វាលធំ សំឡូត ភ្នំត្បែង សមុទ្រឈើ តំបន់រាមសារ បឹងទន្លេសាប ភ្នំគូលែន និងតំបន់អេកូទេសចរណ៍ផ្សេងទៀតជាច្រើន» សុទ្ធតែទទួលបានកំណើនភ្ញៀវទេសចរផ្ទៃក្នុងគួរឱ្យកត់សម្គាល់ក្នុងដំណាក់វិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០២០ កន្លងមក។

ស្របពេលដែលប្រជាពលរដ្ឋកម្ពុជាកំពុងសម្របខ្លួនទៅនឹងគន្លងថ្មីនៃការរស់នៅ លោក ថោង ខុន បានស្នើអង្គវេទិកាបន្តយកចិត្តទុកដាក់ពិភាក្សាអំពីការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ទៅក្នុងសហគមន៍ដែលមានសក្តានុពល ទោះបីស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នណាក៏ដោយ។

លោក បញ្ជាក់ ពិសេសរិះរកនូវគំរូជោគជ័យដែលមានលក្ខណៈសត្យានុម័តក្នុងការអភិវឌ្ឍសហគមន៍ ទាំងនៅថ្នាក់ជាតិ ក៏ដូចជានៅថ្នាក់មូលដ្ឋាន ស្របពេលដែលក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម បានឯកភាពជាគោលការណ៍ និងគោលនយោបាយក្នុងការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ទៅគ្រប់សហគមន៍ដែលមានសក្តានុពល។

ខណៈដែលអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍មានលក្ខណៈប្រទាក់ក្រឡាអន្តរវិស័យ និងអន្តរស្ថាប័ន លោករដ្ឋមន្ត្រី បានស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធពិភាក្សាគ្នារកដំណោះស្រាយទៅលើបញ្ហាសំខាន់ៗ ដូចជា ការស្ថាបនាផ្លូវតភ្ជាប់ទៅតំបន់សហគមន៍ ការផ្គត់ផ្គង់អគ្គិសនី ការផ្គត់ផ្គង់ទឹកស្អាត ការតភ្ជាប់ប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ធអ៉ីនធើណេត ការគ្រប់គ្រងសំរាម ការដោះមីន និងគ្រាប់មិនទាន់ផ្ទុះ ការព្យាបាលជំងឺគ្រុនចាញ់ និងបញ្ហាផ្សេងៗរបស់សហគមន៍ ពិសេសឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

លោក វេង សាខុន និងលោក សាយ សំអាល់ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការជំរុញលើកទឹកចិត្ត និងគាំទ្រដល់វិស័យឯកជន ពិសេសទីភ្នាក់ងារទេសចរណ៍កម្ពុជា បង្កើនការរៀបចំកញ្ចប់ទស្សនកិច្ចឱ្យបានច្រើនទៅកាន់តំបន់សហគមន៍នានានៅកម្ពុជា ដើម្បីចូលរួមជួយដោះស្រាយជីវភាពប្រជាពលរដ្ឋមូលដ្ឋាន ក្នុងដំណាក់កាលវិបត្តិជំងឹកូវីដ-១៩ និងដំណាក់កាលក្រោយវិបត្តិនេះ។

រដ្ឋមន្ត្រីក្រសួងជំនាញទាំងបីក៏បានស្នើឱ្យវិស័យឯកជនបង្កើនការគាំទ្រជួយដល់សហគមន៍ ពិសេសការជំរុញការរៀបចំកញ្ចប់ទស្សនកិច្ចទៅកាន់តំបន់សហគមន៍ និងត្រូវប្រើប្រាស់សេវារបស់សហគមន៍ឱ្យបានច្រើន ដែលជាការលើកទឹកចិត្តដល់ការចូលរួមរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យបន្តលើកកម្ពស់គុណភាពសេវាកម្មក្នុងសហគមន៍របសខ្លួន។

ទន្ទឹមនឹងនេះ គួរជំរុញឱ្យមានការរៀបចំនូវព្រឹត្តិការណ៍ដែលពាក់ព័ន្ធនឹងសហគមន៍ដូចជា ពិធីបុណ្យអេកូទេសចរណ៍ និងព្រឹត្តិការណ៍កីឡាទេសចរណ៍នៅតាមតំបន់អេកូទេសចរណ៍សំខាន់ៗនៅទូទាំងប្រទេស ដែលអាចឱ្យប្រជាសហគមន៍បានទទួលផលប្រយោជន៍សេដ្ឋកិច្ច ហើយឈប់ប្រកបមុខរបរខុសច្បាប់ ឬអាជីវកម្មដែលបំផ្លាញធនធានធម្មជាតិដោយឈប់បរបាញ់សត្វ កាប់បំផ្លាញព្រៃឈើ និងងាកមកធ្វើជាមគ្គុទ្ទេសក៍នាំភ្ញៀវ លក់ដូរម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ រត់ម៉ូតូដឹកភ្ញៀវ បើកផ្ទះស្នាក់ និងចូលរួមសកម្មភាពផ្សេងៗទៀត ដែលបម្រើដល់ការអភិវឌ្ឍអេកូទេសចរណ៍ ព្រមទាំងចូលរួមធ្វើជាអ្នកល្បាតការពារ (Rangers) សម្បត្តិដ៏មានតម្លៃទាំងនេះថែមទៀតផង ដើម្បីធានាឱ្យមានការអភិវឌ្ឍយូរអង្វែង៕

ដោយ៖ Moeun Dyna