Register Already an agent ? Login

គម្រោងសាងសង់ផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាបកំពុងប្រឈមនឹងបញ្ហាទូរគមនាគមន៍ និងក្រុមការងារមិនសហការគ្នា

សៀមរាប៖ ការអនុវត្តគម្រោងស្ថាបនាផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប បានប្រឈបជួបនឹងបញ្ហាប្រតិបត្តិករទូរគមនាគមន៍ និងក្រុមការងារសាងសង់ផ្លូវមិនសហការគ្នា។ បើតាមការរបាយការណ៍របស់ លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាប ស្តីពីបច្ចុប្បន្នភាពផលប៉ះពាល់ និង ការខូចខាតបណ្ដាញកាបទូរគមនាគមន៍ ពាក់ព័ន្ធនឹងការដំណើរការគម្រោងសាងសង់ផ្លូវចំនួន ៣៨ខ្សែ ជាមួយក្រុមហ៊ុនប្រតិបត្តិករបម្រើសេវាទូរគមនាគមន៍។

នៅក្នុងរបាយការណ៍របស់ លោក សុខ សីហា បានបង្ហាញថា បន្ទាប់ពីមានការចុះសម្របសម្រួល និងពិនិត្យការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែដោយផ្ទាល់ និងទទួលរបាយការណ៍ពីបណ្តាប្រតិបត្តិករ គិតត្រឹមថ្ងែទី១៨ ខែមករា ឆ្នាំ២០២១ វិស័យនេះមានបញ្ហាប្រឈមច្រើនដូចជា បណ្តាញមានស្រាប់ក្រោមដីដាច់ច្រើនជារៀងរាល់ថ្ងៃ មានខ្សែបណ្តាញមេ បំពង់ផ្លូវកាបខ្សែកាបអាកាស ។ល។ ការមិនទាន់បានកំណត់ទីតាំងសម្រាប់បណ្តាញទូរគមនាគមន៍ក្រោមដី, ខ្សែកាបអាកាសភាគច្រើនបំពាក់លើបង្គោលអគ្គិសនី។ បង្គោលខ្សែកាបភាគច្រើនប៉ះពាល់ក្នុងការស្ថាបនាផ្លូវដោយត្រូវដក ឬ កាច់ចេញ។

ការប្រឈមទាំងនេះ ក៏បណ្តាលមកពីប្រតិបត្តិករ និងក្រុមការងារសាងសង់មិនទាន់សហការគ្នាបានល្អប្រសើរ។ ប្រតិបត្តិករពុំមានកម្លាំងគ្រប់គ្រាន់សម្រាប់ប្រចាំការតាមការដ្ឋាននីមួយៗ។ ក្រុមការងារសាងសង់ផ្លូវមិនបានផ្តល់ព័ត៌មានស្តីពីទីតាំងស្ថាបនាប្រចាំថ្ងៃក្នុងក្រុមតេឡេក្រាមដែលបានឯកភាព និងសម្រេចដោយក្រុមការងារក្នុងកិច្ចប្រជុំរួមនៅសាលាខេត្តសៀមរាប។ ការកាយរបស់ក្រុមការងារស្ថាបនាផ្លូវខ្លះ មិនគិតដល់ផលប៉ះពាល់បណ្តាញទូរគមនាគមន៍។ បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់ លោក សុខ សីហា។

បើតាមរបាយការណ៍បានបន្តថា ដាច់ខ្សែបណ្តាញអតិថិជនជាមធ្យមជាង ១០០អតិថិជន ក្នុងមួយថ្ងៃៗ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការប្រើប្រាស់សេវាទូរគមនាគមន៍របស់វិស័យឯកជន ប្រតិបត្តិការវិស័យហិរញ្ញវត្ថុ របស់អង្គភាពស្ថាប័នរដ្ឋ ប្រតិបត្តិការវិស័យធនាគារ ទូATM និងជាពិសេសការសិក្សារបស់សិស្សានុសិស្សកំពុងសិក្សាតាមកម្មវិធីសិក្សាពីចម្ងាយ (Online)។ ផ្លូវខ្លះពុំមានបង្គោលអគ្គិសនីដែលមិនអាចអូសខ្សែកាបបណ្តាះអាសន្នសម្រាប់សង្គ្រោះសេវាទូរគមនាគមន៍បាន។

ផ្លូវភាគច្រើនខ្សែកាបក្រោមដីនៅលើដី មានការខូចខាតពីកាយដាច់ និងការកិនជាន់ដោយសាររថយន្តគ្រប់ប្រភេទ។ ទីតាំងចាស់ភាគច្រើនរបស់បំពង់ផ្លូវកាប និងបណ្តាញកាបស្ថិតនៅចំផ្ទៃផ្លូវ ដែលមិនអាចសង្គ្រោះបាន។ កាកសំណល់នៃការខូចខាតបណ្តាញទូរគមនាគមន៍ទាំងលើអាកាស និងក្រោមដីពុំមានការប្រមូលចោល។ មានការលួចខ្សែកាបអុបទិកស្ពាន់ និងឧបករណ៍ផ្សេងៗជាដើម។ បើតាមការបន្តទៀតនៅក្នុងរបាយការណ៍ដដែល។

ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ក៏បានប្រជុំជាមួយភាគីពាក់ព័ន្ធ ដូចជាភាគីក្រុមសាងសង់ផ្លូវ ក្រុមប្រតិបត្តិករទូរគមនាគមន៍ រដ្ឋករទឹក និងអគ្គីសនីសៀមរាប ជាដើម។ បញ្ហាដែលជួបប្រទះនាពេលកន្លងមក គឺកើតចេញពីការមិនសហការគ្នា។

នៅក្នុងកិច្ចប្រជុំខាងលើ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាប លោក សុខ សីហា ថ្លែងថា សង្ឃឹមថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះ គ្រប់ភាគីពាក់ព័ន្ធនឹងបង្កើនកិច្ចសហការគ្នាឱ្យបានល្អ ដើម្បីឱ្យការស្ថាបនាផ្លូវទាំង ៣៨ខ្សែនេះមានភាពរលូន តាមការគ្រោងទុក។

សូមបញ្ជាក់ថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប សម្រេចបាន ១៤.២៧ភាគរយ (ដែលរួមបញ្ចូលការងារសាងសង់រួច និងសម្ភារៈដែលបានបញ្ជូនដល់ការដ្ឋាន) ជាវឌ្ឍនភាពគិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

ជាជំហានបន្ទាប់ គណៈកម្មការអន្តរក្រសួង នឹងធ្វើការបន្តការត្រួតពិនិត្យតាមដានការងារ ព្រមទាំងធ្វើការដោះស្រាយកែតម្រូវចំណុចខ្វះចន្លោះ ដើម្បីធានាថា ការស្ថាបនា នឹងពិតជាមានគុណភាពតាមបទដ្ឋាបច្ចេកទេសផ្លូវថ្នល់ និងសៀវភៅបន្ទុក ព្រមទាំងជំរុញដោះស្រាយនូវផលប៉ះពាល់ដែលនៅសេសសល់មួយចំនួនតូចឱ្យបានចង់សព្វគ្រប់។ បើតាមកិច្ចប្រជុំចង្អៀត ដើម្បីពិភាក្សាលទ្ធផលការងារអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មការអន្តរក្រសួង។

ដោយមានការចូលរួមពី លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការអន្តរក្រសួង ព្រមទាំងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធ៕

ដោយ៖ Moeun Dyna